នេប៉ាល់ រញ្ជួយដី ៥,២ រិចទ័រ ខណៈតៃវ៉ាន់ ស្លាប់អស់​៥នាក់​ហើយ​

ហុងកុង៖ នៅជិតរដ្ឋធានីនេប៉ាល់ មានករណីរញ្ជួយដីមួយ ក្នុងកម្រិត៥,២រិចទ័រ ខណៈដែលកោះតៃវ៉ាន់ស្លាប់ អស់៥នាក់ហើយ បន្ទាប់ពីមានករណី រញ្ជួយដីកម្រិត៦,៤រិចទ័រ បង្កឲ្យដួលរលំអគារ១៦ជាន់ ។ អ្នកវិទ្យាសាស្ត្រភូមិសាស្ត្រ អាម៉េរិក បានឲ្យដឹងយ៉ាងដូច្នេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា ម៉ោងប្រមាណ១០យប់ ម៉ោងក្នុងតំបន់ មានករណីរញ្ជួយដីមួយបានកើតឡើង ដែលមានរយៈចម្ងាយ ប្រមាណ១៦គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី ខាម៉ង់ឌូ ដោយមានជម្រៅ ២៥,៩គីឡូម៉ែត្រ ។

ទោះបីជាមានករណីរញ្ជួយដី កើតឡើងក៏ពិតមែន តែមិនទាន់មាន សេចក្តីរាយការណ៍ ណាមួួយបញ្ជាក់បានភ្លាមៗ ថាអ្នករងរបួស ឬស្លាប់ និងការខូចខាតយ៉ាងណា នោះនៅឡើយទេ ។

ប៉ុន្តែប្រភពព័ត៌មានដដែលនេះ បានផ្សព្វផ្សាយថា សម្រាប់ករណីនៅកោះតៃវ៉ាន់ កម្រិតរញ្ជួយ៦,៤រិចទ័រ តែសេចក្តីរាយការណ៍បឋម ស្លាប់០៣នាក់ តែមិនបានប៉ុន្មាននាទីផង ក៏កើនដល់៥នាក់ហើយ បន្ទាប់ពីពលរដ្ឋជាង១០០នាក់ ត្រូវបានគេសង្គ្រោះចេញពី អគាររលំ១៦ជាន់រួចមក ។

យោងតាមរបាយការណ៍ មួយបានបញ្ជាក់ថា នេប៉ាល់ ជាប្រទេសដែលរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ នៅក្នុងខែមេសា ឆ្នាំ២០១៥ កម្រិតរញ្ជួយ៧៨រិចទ័រ សម្លាប់ពលរដ្ឋអស់៩,០០០នាក់ បំផ្លិចបំផ្លាញផ្ទះសម្បែង ពលរដ្ឋរាប់លានខ្នង ៕

នេប៉ាល់ រញ្ជួយដី ៥,២ រិចទ័រ ខណៈតៃវ៉ាន់ ស្លាប់អស់​៥នាក់​ហើយ​