​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល​និង​សហគមន៍​​​ខេត្ត​កំពង់ឆ្នាំង​រង​ការ​កាប់​បំផ្លាញ

ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល និង​ព្រៃ​សហគមន៍​របស់​ខេត្ត​កំពង់ឆ្នាំង ត្រូវ​ក្រុម​ពលរដ្ឋ​លួច​ចូល​កាប់​លក់​ឲ្យ​ឈ្មួញ​កាន់​តែ​ច្រើន​ឡើង។

តំណាង​សហគមន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កាប់​ឈើ​ប្រណីត​ជិត​អស់​នៅ​ក្នុង​តំបន់​ខ្លះ នៃ​ដែន​ជម្រក​នេះ បច្ចុប្បន្ន​ក្រុម​ពលរដ្ឋ​បាន​កាប់​ឆ្លង​ចូល​ដល់​ព្រៃ​សហគមន៍​ដែល​ប្រជា​សហគមន៍​អភិរក្ស​សម្រាប់​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ និង​ទឹក​ធ្លាក់​ថែម​ទៀត។

អនុ​ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ គឺ​លោក ម៉ិល សារិទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា រទេះ​គោយន្ត​យ៉ាង​តិច ៣​គ្រឿង​ក្នុង​មួយ​យប់ៗ បាន​ដឹក​ឈើ​ប្រភេទ​សិប្បកម្ម ទ្វារ​បង្អួច និង​ឈើ​កែច្នៃ​ជា​ច្រើន​ទៀត​ចេញ​ពី​តំបន់​អភិរក្ស​ចំនួន​៤ នៃ​សហគមន៍​អន្លង់ស្វាយ។

លោក​សង្ស័យ​ថា សកម្មភាព​ល្មើស​នេះ​អាច​មាន​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​បរិស្ថាន និង​ក្រុម​ពលរដ្ឋ៖ «សកម្មភាព​នេះ​កើត​ឡើង​ចាប់​ពី​ខែ​មួយ ឬ​ខែ​ពីរ​កាន់​តែ​កើន​ឡើង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ខ្ញុំ​ដូច​ឆ្ងល់​ដែរ? ម៉ាស៊ីន​អារ​ឈើ​កាល​ពី​ឆ្នាំ​មុន​គេ​ដក​អស់​ច្រើន​ណាស់ ប៉ុន្តែ​ឥឡូវ​កើត​ឡើង​វិញ ខាង​បរិស្ថាន​អត់​មាន​គិតគូរ​រឿង​សម្បត្តិ​ជាតិ​អី​សោះ ចង់​ម៉ាស៊ីន​ឡើង​ប៉ុន្មាន​ក៏​គេ​អត់​ខ្វល់​គិត​តែ​យក​លុយ​យក​កាក់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុ​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ឆ្នាំង គឺ​លោក បឿ ប៊ុនថន ដែល​ឈរ​ជើង​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល និង​ព្រៃឈើ​ក្នុង​ស្រុក​ទឹកផុស នៃ​ខេត្ត​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​កន្លង​ទៅ​លោក​ធ្លាប់​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​លោក​គ្រប់គ្រង​ពិត​ជា​កើត​មាន​ខ្លះ​មែន ខណៈ​ដែល​កម្លាំង​ការពារ​មាន​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។