មន្រ្តីអ្នក មានអំណាច កំពុងរត់ការ ឲ្យមានការដោះលែង លោកស្រី ប៉ែន រ័ត្នថេត ភរិយាលោកឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ ប្រភពពីមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មានមន្រ្តីអ្នកមានអំណាច ក្នុងជួររាជរដ្ឋាភិបាល បាននិងកំពុងអន្តរាគមន៍ ឲ្យមានការដោះលែងលោកស្រី ប៉ែន រ័ត្នថេត ភរិយាលោកឧកញ៉ា ឌុច សារ៉ែម មន្រ្តីជាន់ខ្ពស់ នៅទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកស្រី ប៉ែន រ័ត្ន រងការប្តឹងថា បានលួចក្លែងបន្លំឯកសារដីធ្លី និងលួចលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារ។

លោកស្រី ប៉ែន រ័ត្នថេន ភរិយាលោកឧកញ៉ា ឌុច សារ៉ែម ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ហើយត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការស៊ើបសួរនៅថ្ងៃទី៦ ខែកុម្ភៈនេះ ដែលសំណុំរឿងនេះ គឺស្ថិតលើដៃលោកព្រះរាជអាជ្ញរង សៀង សុខ។

ប្រភពដដែលបន្តថា លោកស្រី ប៉ែន រ័ត្នថេត បានអួតអាងថា ខ្លួននឹងមិនខ្លាចនឹងចំណាត់ការ របស់ខាងតុលាការអ្វីនោះទេ ពីព្រោះថា ខ្លួនមានលុយរាប់លានដុល្លារ ដើម្បីអាចឲ្យខ្លួននៅក្រៅឃុំ ដោយគ្មានការបារម្ភអ្វីនោះទេ។

លោកស្រី ប៉ែន រ័ត្នថេត គឺជាឈ្មួញរកស៊ីជំនួញដីធ្លីដ៏ល្បីមួយ និងជាភរិយារបស់លោកឧកញ៉ា ឌុច សារ៉ែម ដែលត្រូវបានគេដឹងថា ជាមន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ លោកស្រី ប៉ែន រ័ត្នថេត មានទីលំនៅរស់នៅផ្ទះលេខ ២៩ហ្សេ ភូមិកែវចន្ថា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

គួររំលឹកថា នៅអំឡុងឆ្នាំ ២០០៥-២០០៦ អ្នកស្រី ប៉ែន រ័ត្នថេត ជាមួយអតីតស្វាមី បានទទួលប្រាក់ពី ពាណិជ្ជករម្នាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំដីជាច្រើនហិកតា ស្ថិតនៅក្នុងភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយបំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឲ្យទៅម្ចាស់ប្រាក់ត្រឹមត្រូវតាមច្បាប់។

លុះពីរឆ្នាំក្រោយ គឺនៅឆ្នាំ២០០៨ អ្នកស្រី ប៉ែន រ័ត្នថេត បានលួចយកដីដដែលនេះ ទៅលក់ឲ្យអ្នកផ្សេងទៀត។ ក្រោយពាណិជ្ជករជាម្ចាស់ដី បានដឹងរឿងនេះ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។ បើតាមប្រភពពីសមត្ថកិច្ច អ្នកស្រី ប៉ែន រ័ត្នថេត ត្រូវបានបញ្ជូនទៅកាន់ អយ្យការអបសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សំណុំរឿងរបស់លោកស្រី ប៉ែន រ័ត្នថេតនេះ គឺអាចនិយាយបានថា ជាសំណុំរឿងដែលសាធារណជនទូទៅ កំពុងតាមដានយ៉ាងខ្លាំង។ ពីព្រោះថា គេកំពុងចាំមើលថា សាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយ យ៉ាងណាចំពោះសំណុំរឿងនេះ ដោយសារតែរឿងនេះ គឺវាប៉ះជាមួយមន្រ្តីមានអំណាច។ ហើយតើយុត្តិធម៌បានទៅលើជនរងគ្រោះ ឬទេ។

គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ធ្លាប់លើកឡើងថា វប្បធម៌អន្តាគមន៍ គឺមិនត្រូវឲ្យកើត មាននោះទេ ចំពោះរឿងដែលខុសហើយ ហើយប្រែជាត្រូវទៅវិញ ដែលបញ្ហានេះ គឺវាស្របទៅការធ្វើ កំណែទម្រង់ របស់រាជរដ្ឋាភិបាល ហើយប្រសិនបើកើតមានមែននោះ មន្រ្តីនោះនឹងត្រូវបកស័ក្តិ និងអស់តួនាទី ជាដើម៕

មន្រ្តីអ្នក មានអំណាច កំពុងរត់ការ ឲ្យមានការដោះលែង លោកស្រី ប៉ែន រ័ត្នថេត ភរិយាលោកឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ

មន្រ្តីអ្នក មានអំណាច កំពុងរត់ការ ឲ្យមានការដោះលែង លោកស្រី ប៉ែន រ័ត្នថេត ភរិយាលោកឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ

មន្រ្តីអ្នក មានអំណាច កំពុងរត់ការ ឲ្យមានការដោះលែង លោកស្រី ប៉ែន រ័ត្នថេត ភរិយាលោកឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ