ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​២​ស្រុក គឺ​ស្រុក​ស្រីស្នំ​និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ចុះ​ប្រតិបត្តិការ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​លួច ម៉ូតូ នៅ​ក្នុងស្រុក​ស្រីស្នំ និង​លួច​ដឹក​ប្រេង​ចេញពី​ក្រុមហ៊ុន​របស់​ចិន ក្នុងស្រុក​ជីក្រែង​។​ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥​ខែកុម្ភៈ​២០១៦ ក្នុងស្រុក​ស្រីស្នំ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ទាំង​២​រហូត​ឈាន​ដល់​ធ្វើការ ឃាត់ខ្លួន​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​។

ដើម្បី​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ​នៅ​ទូ​ទាំង​ខេត្តសៀមរាប   ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ និង ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត   មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឈរជើង​ប្រចាំការ​តាម​បណ្តា​ស្រុក បាន​ធ្វើការ​បង្ក្រាប និង ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០៥​នាក់ លើ​២​ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ដែល​កើត​មាន​ឡើង​នៅ​ស្រុក​ជីក្រែង និង ស្រុក​ស្រីស្នំ ក្នុង​អំពើ​លួច នា​ថ្ងៃ​ទី​០៥ កុ​ម្ភះ ឆ្នាំ​២០១៦ ។​លោក​វរសេនីយទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​ទី​១ នៅ​វេលា​ម៉ោង ១៧ និង ០៤​នាទី នា​ថ្ងៃ​ទី​០៥ កុ​ម្ភះ ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ស្រុក​ជីក្រែង បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ បាត​ត ឃុំ​គោក​ធ្លក​ក្រោម  ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​បាន ធ្វើ​សកម្មភាព​លួច​ប្រេងម៉ាស៊ូត របស់​ក្រុមហ៊ុន​ហ្វា​ង​ទុន (​ចិន​) នៅ​ការដ្ឋាន​ទំនប់​ម្កាក់ ភូមិ​ម្កាក់ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខណៈ​ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ដឹក​ប្រេង​ពី​ផ្ទះ​របស់​ខ្លួន យក​ទៅ​លក់ ឱ្យឈ្មោះ ហាក់ នៅ​ភូមិ​កោះ​ដូន​រាជ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​អាវុធ​ហត្ថតែ​ម្តង ។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ក្នុង​ចំណោម​៦​នាក់ ទី​១/ ឈ្មោះ អ៊ិ​ង លាន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ទី​២/​ឈ្មោះ ចាន់ បញ្ញា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ អ្នក​ទាំង​ពីរ​គ្មាន​មុខរបរ​មិន​ពិតប្រាកដ ស្ថិត​នៅ​ភូមិ​គំរូ  ឃុំ​ពង្រ​លើ  ស្រុក​ជីក្រែង  ខេត្តសៀមរាប ចំណែក​បក្ខពួក​មួយ​ចំនួន​ក៏​បាន​គេចខ្លួន​អស់ ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង ប្រេងម៉ាស៊ូត​ចំនួន ៥១០​លី​ត្រ និង រឺ​ម៉ក់​ម៉ូតូ ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ចំនួន​០១​គ្រឿង ។

​លោក​បញ្ជាក់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង របស់​ជន​រង​គ្រោះ​ឈ្មោះ យឿ​ន ប៉ើ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ចុះ​ទៅ​បង់សំណាញ់​ក្បែរ​នោះ ដោយ​មិន​បាន​ដក សោរ នៅ​ពេល​នោះ​ជនសង្ស័យ ធ្វើ​ដំណើរ ពី​ខេត្តឧត្តរមានជ័យ បានឃើញ​ម៉ូតូ​ខាងលើ ដោយ​ពុំ​ឃើញ​មាន​ម្ចាស់ ថែម​ទាំង​ឃើញ​មាន​សោរ​នៅ​ជាប់​នឹង​ម៉ូតូ​ផង ក៏​ឡើង​ជឹះ​សំដៅ មក​ផ្ទះ​តែ​ម្តង ។ និង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ផង​នោះ ទើប​កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ បាន​កំណត់​មុខសញ្ញា រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ ចំនួន​០៣ នាក់ នៅ​វេលា​ម៉ោង ១៤​និង​៤៥​នាទី នា​ថ្ងៃ​ទី​០៥ កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ គោល ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​លោក​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទី​១/​ឈ្មោះ កៃ កេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​២/​ឈ្មោះ ហេម ខឿ​យ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ  ទី​៣/​ឈ្មោះ ឈឿ​ប តុ​ច ភេទ​ប្រុស អាយុ ២៦​ឆ្នាំ អ្នក​ទាំង​បី​មានមុខរ​បរជា​កសិករ​រស់នៅ​ភូមិ តា​សែង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មានៈ មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ចំនួន​០២ គ្រឿង​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង វត្ថុ​តាង ទាំង​ពីរ​ករណី​ខាងលើ​នេះ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ ដើម្បី​ចំណាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕