ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​៖ លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ទាំង   លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អស់លោក​លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ បាន​ជួប​ធ្វើការ សំណេះសំណាល ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្រុង​ហ្វុ​ង​តែ​ន​ប្លូ នៃ​សាធារណរដ្ឋ​បារាំង  ដឹកនាំ​ដោយ​លោកស្រី ហ្វ្រ​ង់​ស៊ី​ន បុល​លែ​ត សមាជិក​ជាប់​ឆ្នោត​ទីក្រុង​ហ្វុ​ង​តែ​ន​ប្លូ រួម​នឹង​លោកស្រី​ប្រធាន​សមាគម​លើកកម្ពស់​ទ្វេភាគី ( ហ្វុ​ង​តែ​ន​ក្លូ អង្គរ ) និង​សហការី នា​ល្ងាច​ថ្ងៃ​ទី ០៥ កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​បូ​រី​អង្គរ ខេត្តសៀមរាប ។

ក្នុង​កិច្ច​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​របស់ គណៈប្រតិភូ​នា​ពេល​នេះ ក្នុង​គោលបំណង​ជម្រុញ លើកកម្ពស់​ចំណងមិត្តភាព សាមគ្គីភាព និង កិច្ច​សហប្រតិបត្តិការ ទ្វេ​ឡើង រវាង​ខេត្ត ក្រុង​សម្ព័ន្ធមេត្រីភាព ។ ម្យ៉ាងទៀត​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា​កាន់តែ​ស្អិតរ​មួ​ត នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ពី លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្តសៀមរាប និង ក្រុង​ហ្វុ​ង​តែ​ន​ប្លូ នៃ​សា​ថា​រណ​រដ្ឋ​បារាំង បាន​កសាង​នូវ​សម​ទ្ធិ​ផល​មួយ​ចំនួន​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​ការ​ផ្តល់​នូវ​គម្រោង​ស្តារ​ស្ទឹង​សៀមរាប  ការ​ធ្វើ​ប្រឡាយ  បញ្ជៀ​ស​ទឹកជំនន់​ក្នុង​ក្រុង​សៀមរាប ។

លោក​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ថា ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ខេត្ត​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ជាតា​មរយៈ​សមាគម​លើកកម្ពស់​ទ្វេភាគី អង្គរ និង ក្រុង​ហ្វុ​ង​តែ​ន​ប្លូ បាន​ជួយ​សាងសង់​សាលា សណ្ឋាគារ និង ទេសចរណ៍​ប៉ូ​ល​ឌុ​យ​ប្រូ​ល និង បាន​បណ្តុះបណ្តាល​ជំនាញ​ដល់​កូន​ខ្មែរ បាន ចំនួន ២​ពាន់​៦៥​នាក់ ព្រមទាំង​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ បាន​បណ្តុះបណ្តាល​ម​គ្គុ​ទេស​ក៏​ទេសចរណ៍ នៅ​តំបន់​សៀមរាប បាន​ចំនួន​៨៩២​នាក់ លើ​ឯកទេស​១២​ភាសា សម្រាប់​បម្រើ​តម្រូវការ​នៃ​ភ្ញៀវ​ទេសចរណ៍ ដែល មានការ​កើនឡើង ។​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ផង​ដែរ ពី​សក្តានុពល​របស់​ខេត្ត លើ​វិស័យ​ទេសចរ  ដែល​ជា​ខេត្ត​សម្បូរ​បែប​នៃ​សម្បត្តិ​វប្បធម៌ រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ និង មាន​ទំនៀមទំលាប់​ប្រពៃណី បាន ធ្វើ​ឲ្យ​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​លើ​សកលលោក ចូល​មក​ទស្សនា​កម្សាន្ត ហើយ​ក៏​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូល​ចិត្ត​មក​ទស្សនា​កម្សាន្ត​ទៀត​ផង ។

ក្នុង​នោះ​លោក បណ្ឌិត​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​បារាំង សំខាន់​រដ្ឋអំណាច​ក្រុង​ហ្វុ​ង​តែ​ន​ប្លូ តែងតែ​ធ្វើការ​ឧបត្ថម្ភ​គាំទ្រ ដល់​កិច្ច​អភិវឌ្ឍន៍​គ្រប់​បែប​យ៉ាង ពិសេស​ខេត្តសៀមរាប ហើយ​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​ស្តារ និង អភិវឌ្ឍន៍​មាតុភូមិ​ឲ្យ​មានការ​រីក​ចម្រើន ដែល​ធ្វើ​ឲ្យ​ចំណងមិត្តភាព នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​នៃ​ខេត្ត ក្រុង ក៏​ដូច​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្ថិតស្ថេរ​គង់វង្ស​ទៅ​អនាគត ។ មាន​ប្រសាសន៍​នោះ​ដែរ​លោកស្រី ហ្វ្រ​ង់​ស៊ី​ន បុល​លែ​ត សមាជិក​ជាប់​ឆ្នោត​ទីក្រុង​ហ្វុ​ង​តែ​ន​ប្លូ និង លោកស្រី វ៉េ​រ៉ូ​ណិ​ក ស៊ី​ល​ក្រេ​ត ប្រធាន​សមាគម​លើកកម្ពស់​ទ្វេភាគី (​ហ្វុ​ង​តែ​ន​ប្លូ​.​អង្គរ​) បាន​សម្តែង​នូវ​ការ​កោតសរសើរ​ពី​ការ​ដឹកនាំ ក្នុង​កិច្ច​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្តសៀមរាប នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ស្រស់​ត្រកាល ក្នុង​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​តំបន់​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​បុរាណ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​មនុស្សជាតិ​នៃ​យើង ។

លោកស្រី ទាំង​ពីរ​ក៏​បាន​ធ្វើការ​លើក​ឡើង អំពី​សម​ទ្ធិ​ផល​ស្នាដៃ​របស់​សិស្ស សាលា​សណ្ឋាគារ និង ទេសចរណ៍​ប៉ូ​ល​ឌុ​យ​ប្រូ​ល ដែល​បាន​បញ្ចេញស្នាដៃ ទេព​កោសល្យ​របស់​ខ្លួន ជូន​ដល់​គណៈប្រតិភូ ក្នុង​ការ​ចម្អិន​ម្ហូបអាហារ ការ​តុបតែង​បន្ទប់  ជាដើម ។ ក្នុង​នោះ​ដែរ​លោកស្រី​ទាំង​ពីរ ក៏​មាន​សង្ឃឹម​ផង​ដែរ​ថា កិច្ច​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ខេត្ត ក្រុង ទាំង​ពីរ កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​ស្អិតរ​មួ​ត​នឹង​គ្នា ហើយ​ក៏​បាន​កំពុង​បោះ​ជំហាន​ទៅ​មុខជា​និច្ច ៕​ដោយ ច័ន្ទ រស្មី