សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ ក្រុមហ៊ុន អេស ស៊ី ជី ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ទិ​ត​ហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​បើក​សម្ភោ​ធ​តំណាង​ចែកចាយ​ជា​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ដ៍​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​អេស​ស៊ីជី គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ទិ​ត​ហ៊ុន ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ​។

​ក្នុង​សេចក្តី​ថ្លែង​ស្វាគមន៍​របស់​លោក ហ៊ុយ ភៀវ  ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​តិ​ត​ហ៊ុន ត្រេ​ឌី​ន អិ​ល ធី​ឌី លក់​គ្រឿងសំណង់ បាន​បង្ហាញ​ក្តី​មោទនភាព​ក្រៃ​លែង ដែល​បាន​ទទួល​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន អេស ស៊ី ជី និង​បាន​ក្លាយជា​តំណាង​ចែកចាយ​ផង​ដែរ ។ លោក​ថ្លែង​បន្ត​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នោះ​ថា ៖ ព្រឹត្តិការណ៍​នេះ ពិតជា​មាន​សារសំខាន់ ចំពោះ​ការ​អភិវឌ្ឍន៍​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន ទិ​ត ហ៊ុន ក្នុង​ដំណើរការ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​សម្ភារៈ គ្រឿងសំណង់​នៅ​ក្នុង​ខេត្តសៀមរាប និង​ទូ​ទាំង​ប្រទេស​។​ជា​ការ​ពិត​ណាស់​លើ​ការ​ផ្តល់​សេវាកម្ម ផ្គត់ផ្គង់​ផលិតផល​គ្រឿងសំណង់ បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា វា​ពិតជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ដែល​ក្រុមហ៊ុន​សម្លឹង​ឃើញ​ខេត្តសៀមរាប ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​។​ការ​បញ្ចេញ​នូវ​សេចក្តី​ទុកចិត្ត​យ៉ាង​ដូច្នេះ ក្រុមហ៊ុន អេស ស៊ី ជី បាន​លើក​បង្ហាញ​នៅ​ក្នុង​ពី​ធី​បើក​សម្ពោធ​ទីតាំង​លក់​គ្រឿងសំណង់​ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ង ខូ អិ​ល ធី ឌី នៅ​ក្រុង​សៀមរាប​និង​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ក្រុមហ៊ុន ទិ​ត ហ៊ុន ជា​តំណាង​ចែកចាយ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន អេស​ស៊ី ជី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ។ លោក អា​រី ឆាវ​វា​លី​ត  ជីវិន​គុល អគ្គនាយករង ទទួល​បន្ទុក​អាជីវកម្ម​ប្រចាំ​តំបន់ បាន​បង្ហាញ​នូវ​អាថ៌​កំបាំង ដែល​ក្រុមហ៊ុន អេស ស៊ី ជី សម្លឹង​ឃើញ​ខេត្តសៀមរាប ជាទី​ផ្សារ​ផ្គត់ផ្គង់​គ្រឿងសំណង់ ដ៏​មាន​សក្តានុពល នោះ ។

លោក លើក​ឡើង​ថា​៖  សៀមរាប​-​អង្គរ គឺជា​ប៉ូ​ល​ទេសចរណ៍​ដ៏​សំខាន់ ដែល​កំពុង​មានការ​អភិវឌ្ឍន៍ ។  លោក​បន្ត​ថា វិស័យ​សំណង់​ត្រូវ​បាន​ហក់​ឡើង​គួរ​កត់សម្គាល់ ដើម្បី​បំពេញតម្រូវការ​ក្នុង​វិស័យ​នេះ ។  សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវ​បាន​បង្កើត​ថ្មី​ជា​បន្តបន្ទាប់ ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ ។  ជាមួយ​នេះ ការ​រីក​ចំរើន​លើ​វិស័យ​សាធារណៈ និង ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ក៏​ជា​តម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​សម្ភារៈ គ្រឿងសំណង់​ផង​ដែរ ។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន មាន​ប្រសាសន៍​ថា ៖ ការ​បើក​សម្ពោធ​តំណាង​ចែកចាយ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា គឺជា​ការ​បើកផ្លូវ​ឲ្យ​មានការ​អភិវឌ្ឍន៍​ស្តង់ដារ​ថ្មី និង​ជម្រុញ​ការ​ធ្វើ​ពាណិជ្ជកម្ម បែប​ទំនើប​ក្នុង​វិស័យ​អាជីវកម្ម​គ្រឿងសំណង់​នៅ​ក្នុង​ខេត្តសៀមរាប ។ លោក​បាន​ផ្តល់​អា​នុ​សាសន៍​ថា ៖ បន្ថែម​ពីលើ​ការ​រៀបចំ​ក្នុង​ហាង​តាម​ស្តង់ដារ​អន្តរជាតិ បុគ្គលិក​តំណាង​ចែកចាយ​នេះ ត្រូវ​មានការ​បណ្តុះបណ្តាល និង​ត្រូវ​មានការ​គាំទ្រ​បច្ចេកទេស​ជា​ពិសេស  ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ដំណើរការ​ប្រតិបត្តិការ និង​លើកកម្ពស់​ការ​ពេញចិត្ត​របស់​អតិថិជន ។ 

លោក បាន​បញ្ជាក់​បន្ថែម​ថា ៖ ក៏​យ៉ាង​ដូច្នោះ​ដែរ  អតិថិជន ពេល​ដែល​មាន​បណ្តាញ​ចែកចាយ​ជា​ផ្លូវការ​នេះ គាត់​ក៏​អាច​ស្វែងរក​ផលិតផល​ពេញលេញ និង​សេវាកម្ម​ប្រកបដោយ​គុណភាព ។ លោក ក៏​បាន​សម្លឹង​ឃើញ​ទៅ​អនាគត​ដែរ​ថា ជោគជ័យ​របស់​ក្រុមហ៊ុន ទិ​ត ហ៊ុន នឹង​ជម្រុញ​ឲ្យ​មានការ​បង្កើត​ឡើង​បន្ថែម​ទៀត តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន អេស ស៊ី ជី នៅ​ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា ផង​ដែរ​៕