គ្រោះ​រញ្ជួយដី​នៅ​កោះ​តៃវ៉ាន់​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ០៧​នាក់​

គ្រោះ​រញ្ជួយដី​នៅ​កោះ​តៃវ៉ាន់​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ០៧​នាក់​

ក្រុម​អ្នកជួយ​សង្រ្គោះ​រុករក​ក្នុង​សំណង់​អគារ​បាក់បែក​នៅ​ពេល​ព្រឹក ​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី​នៅ​ក្រុង Tainan កោះ​តៃវ៉ាន់ នា​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នៅ​ថ្ងៃ​សៅរ៍​នេះ​ មាន​គ្រោះ​រញ្ជួយ​ផែនដី​ខ្លាំង​មួយ​កើត​ឡើង​នៅផ្នែក​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់​ ដែល​បាន​បណ្តាល​ឲ្យរលំ​អាគារ​ស្នាក់​នៅ​ដ៏​ធំ​មួយ​ ដោយ​បាន​ធ្វើ​ឲ្យមនុស្ស​យ៉ាង​តិច​ណាស់​ ០៧នាក់​ស្លាប់​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទារក​ម្នាក់​ផង​ដែរ។ ​អាជ្ញាធរបាននិយាយ​ថា ​គេ​បារម្ភ​ថា​ មាន​មនុស្ស​រាប់​សិប​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​កម្ទេច​គំនរ​អាគារ​នោះ។​ មាន​មនុស្ស​រាប់​រយនាក់​ទៀត​បាន​ត្រូវ​របួស។

មន្ទីរភូមិសាស្ត្រ​អាមេរិកាំង​ U.S. Geological Survey និយាយ​ថា​ ចំណុច​កណ្តាលនៃ​ការ​រញ្ជួយ​ផែនដី​នេះ ​ដែល​មាន​កម្លាំង​៦,៤​រ៉ិចទ័រ ​ឋិត​នៅចម្ងាយប្រមាណ​៤៣​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍ក្រុង Tainan ដែល​ជា​ក្រុង​មួយ​មាន​ប្រជាជនពីរ​លាន​នាក់ ហើយ​ដែល​ជា​ក្រុង​រង​ការ​ខូចខាត​ច្រើន​បំផុត។ គ្រោះ​រញ្ជួយ​ផែនដី​នេះ​ដែល​ក្រុម​អ្នកជំនាញ​ផ្នែក​រញ្ជួយ​ផែនដី​នៅ​ក្នុង​កោះតៃវ៉ាន់​បាន​និយាយ​ថា ​មាន​កម្លាំង​ស្មើ​នឹង​គ្រាប់បែក​បរមាណូ​ពីរ​គ្រាប់​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​អាគារ​រង្គើ​នៅ​ប្រមាណ​ម៉ោង​បួន​ព្រឹក​ម៉ោង​សាកល។​

ការិយាល័យ​កណ្តាល​ផ្នែក​អាកាសធាតុ​នៃ​កោះ​តៃ​វ៉ាន់បាន​និយាយ​ថា​ មាន​ការ​រញ្ជួយ​ក្នុង​ទំហំ​តូច​បន្ត​បន្ទាប់​មក​ទៀត។ ​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ និង​នៅ​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន ​មាន​មនុស្ស​មួយ​ចំនួនកត់​សម្គាល់​ថា ​គ្រោះ​រញ្ជួយ​ផែនដី​នេះ​នាំ​ឲ្យពួក​គេនឹក​ឃើញ​ដល់​គ្រោះ​រញ្ជួយ​ផែនដី​កាល​ពី​ឆ្នាំ ១៩៩៩​នៅ​កោះ​តៃវ៉ាន់។ គ្រោះ​រញ្ជួយផែនដី​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បាន​កើត​មាន​ឡើង នៅ​ពេល​មនុស្ស​ច្រើន​នាក់​កំពុង​លង់លក់ក្នុង​ដំណេក​ ហើយ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាគារ​យ៉ាង​ហោចណាស់​បីខ្នង​ និង​បាន​ធ្វើ​ឲ្យ​ខូចខាត​អាគារ​ឯ​ទៀតៗ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​វត្តបុរាណ​មួយ​ចំនួន​ផង​ដែរ៕