ការសន្ទនា​ពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​លើក​ទី​៣ រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ: កម្ពុជា និង​សហរដ្ឋអាមេរិក​បានធ្វើ​កិច្ច​ភា​ក្សា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ (TIFA) កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាសថា កិច្ចប្រជុំ TIFA នេះ​តំណាងឱ្យ​ការប្តេជ្ញាចិត្ត​ក្នុងការ​ចែករំលែក​រប​ស់​ប្រទេស​ទាំងពីរ សម្រាប់​បន្ត​កសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន ដែលមាន​ឧបការ​រី​តំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោកស្រី BarbaraWeisel និង​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្ដិ​។​

​នៅក្នុង​អំឡុង​កិច្ចប្រជុំ​លើក​ទី​៣ នៃ​ក្រុមប្រឹក្សា​រួម TIFA នេះ ប្រទេស​ទាំងពីរ បាន​ពិភាក្សា​លើ​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី តំបន់ និង​ពហុភាគី ដូចជា ការអនុវត្ត​កាតព្វកិច្ច​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក របស់​ប្រទេស​កម្ពុជា កម្មសិទ្ធិបញ្ញា​ការងារ​ការវិនិយោគ ការកសាង​សមត្ថភាព​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​។​

​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​បន្ត​ធ្វើការ​រួមគ្នា​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម ហើយនឹង​អភិវឌ្ឍ​ផែនការ​ការងារ​សម្រាប់​តាមដាន រួមទាំង​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ប្រសើរឡើង ដើម្បី​គាំទ្រ​ដំណើរការ​វិវត្តន៍​នៃ​ការ​កំណែទម្រង់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា TIFA ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០០៦ គឺជា​វេទិកា​ចម្បង​សម្រាប់​ការពិភាក្សា​ពី​វិនិយោគ​និង​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ ក្រុមមន្ត្រី​បាន​ជួបប្រជុំ​ជា​ទៀងទាត់ ទាំង​នៅក្នុង​កិច្ចប្រជុំ TIFA ជា​ផ្លូវការ​ផង និង​ក្រៅផ្លូវការ​ផង ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការកសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី និង​សម្របសម្រួល​បញ្ហា​នានា នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​អាស៊ាន ។ នៅក្នុង​ឆ្នាំ​២០១៤ ពាណិជ្ជកម្ម​សរុបរ​វា​ង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក មាន​ចំនួន ៣,២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​