សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ​រថយន្តក្រុង​ជាច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម​

ភ្នំពេញ: ​ក្រុម​សង្គម​ស៊ីវិល​ចំនួន ៣៤ បានចេញ​សេចក្តី​ការណ៍​រួមគ្នា​ដោយ​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​នេះ ដែល​ត្រូវបាន​ប្រព្រឹត្តិ​ឡើង​ដោយ​សមាជិកសមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CCDA) ទៅលើ​អ្នកបើកបរ​រថយន្តក្រុង និង​អ្នកគាំទ្រ​អ្នកបើកបរ​ទាំងនោះ​ដែល​កំពុង​តវ៉ា ហើយក៏​មានការ​សោកស្តាយ​ផងដែរ​ចំពោះ​នគរបាល​ដែល​មិនបាន​ឆ្លើយតប​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បញ្ចៀស​អំពើហិង្សា​នេះ​។

​អង្គការ លីកាដូ បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន​ថា យើងខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​បុរស​ពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​អំពើហិង្សា​នេះ​។​

​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​នេះ បាន​កើតឡើង​នៅពេល​មានការ​តវ៉ា​មួយ​របស់​អ្នកបើកបរ​រថយន្តក្រុង​ជាច្រើន​នាក់​មកពី​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន​កម្ពុជា និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ ដែល​មកពី​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៤​នាក់ រងរបួស រួមមាន​អ្នកបើកបរ​រថយន្តក្រុង​ដែលជា​អ្នក​តវ៉ា​និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ​ជាច្រើន​នាក់ អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ម្នាក់ និង​មន្ត្រីនគរបាល​ម្នាក់​។ ក្នុងនោះ​មាន​ម្នាក់​បាន​រងរបួស​បាក់ដៃ និង​ជាច្រើន​នាក់​ផ្សេងទៀត រងរបួស​មុខ​និង​ក្បាល​។​

​នៅវេលា​ម៉ោង​ប្រមាណ ៩ និង​៤០​នាទី ព្រឹក អ្នក​តវ៉ា​មួយចំនួន​ក្នុងចំណោម​អ្នក​តវ៉ា ៥០​នាក់ ដែល​បាន​តវ៉ា​នៅក្បែរ​ការិយាល័យ​ក្រុមហ៊ុន​រថយន្តក្រុង​កា​ពី​តូ​ល នៅក្នុង​រាជធានី​ភ្នំពេញ តាំងពី​ម៉ោង ៨​ព្រឹក បាន​ព្យាយាម​រារាំង​រថយន្តក្រុង​មួយ ដោយ​មិន​ឲ្យ​ចាក​ចេញពី​ស្ថានីយ​។ អ្នកគាំទ្រ​ប្រមាណ ៥០​នាក់ មកពី​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ភាគច្រើន​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ពាក់មួក​សុវត្ថិភាព បាន​ដើរទៅ “​ការពារ​រថយន្តក្រុង​” ហើយ​អំពើហិង្សា​បានចាប់ផ្តើម​ឡើង​។ ភ្លាមៗ​បន្ទាប់ពីនោះ សមាជិក​មួយចំនួន​នៃ​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​កាន់​ញញួរ និង​ដំបង​ដែក វាយ​ទៅលើ​ក្រុមមនុស្ស ដោយបាន​វាយដំ និង​ទាត់​ធាក់​យ៉ាងខ្លាំង​ទៅលើ​អ្នក​តវ៉ា​និង​អ្នកគាំទ្រ​ទាំងនោះ​។ នគរបាល​បង្ក្រាប​បាតុកម្ម​មួយចំនួន បាន​ចូលរួម​ក្នុងការ​វាយដំ​នេះ​ផងដែរ នៅពេលដែល​សមាជិកសមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​នគរបាល​មួយចំនួនទៀត ព្យាយាម​បញ្ឈប់​អំពើហិង្សា តែ​មិនបាន​ជោគជ័យ​។​

​បន្ទាប់មក នគរបាល​បាន​រុញ​អ្នកបើកបរ​និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ​ថយក្រោយ និង​បាន​ចាប់ខ្លួន​អ្នកបើកបរ​ម្នាក់ និង​អ្នកបើក​រ៉ឺម៉ក​កង់​បី​ម្នាក់​មកពី​សហភាព​ការងារ​កម្ពុជា​។ មិនមាន​សមាជិក​មក​ពី​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុ​ជាណា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នោះទេ ទោះជា​សមាជិក​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា វាយដំ​ដោយ​ប្រើ​ញញួរ និង​ដំបង​ដែក​មកលើ​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ ក៏ដោយ​។​

​បន្ទាប់ពី​មាន​អំពើហិង្សា អ្នកបើកបរ​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​សហភាព​ការងារ​កម្ពុជា​ជាច្រើន​នាក់ បាន​ដើរ​ក្បួន​ទៅកាន់​ប៉ុស្តិ៍នគរបាល និង​អធិការដ្ឋាន​នគរបាល ដើម្បី​ដាក់ពាក្យ​បណ្តឹង​អំពី​អំពើហិង្សា​នេះ​។ ច្រកចូល​ប៉ុស្តិ៍នគរបាល និង​អធិការដ្ឋាន​នគរបាល​ទាំងពីរ​កន្លែង​ត្រូវបាន​បិទ ហើយ​នគរបាល​ដែល​នៅ​ទីនោះ បាន​បដិសេធ​ទទួលយក​ពាក្យបណ្តឹង​អ្នក​ទាំងនោះ​។ បន្ទាប់មកទៀត នគរបាល​បង្ក្រាប​បាតុកម្ម​បានមក​ដល់ ហើយ​បំបែក​អ្នក​តវ៉ា​ទាំងនោះ​។​

​លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ បាន​មានប្រសាសន៍ថា​៖ “​មនុស្ស​ជាច្រើន ត្រូវបាន​ក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​វាយដំ កាលពី​ព្រឹក​នេះ ហើយ​នគរបាល​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​អំពើ​នេះ​នោះទេ​”​។ លោក បាន​បន្តទៀតថា​៖ “​មិនមាន​នរណាម្នាក់​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នា​ថ្ងៃនេះ ត្រូវបាន​ចាប់ខ្លួន​នោះទេ ទាក់ទង​នឹង​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល ហើយ​និង​នគរបាល​បង្ក្រាប​បាតុកម្ម​”​។​

​អ្នកបើកបរ​រថយន្ត​ក្រុង កា​ពី​តូ​ល បានធ្វើ​ការតវ៉ា​អស់​រយៈពេល​ប្រហែល ២​ខែ​មកហើយ បន្ទាប់ពី​មានការ​បញ្ឈប់​អ្នកបើកបរ​រថយន្តក្រុង ៤៥​នាក់ ដែល​អ្នក​ទាំង​នោះបាន​អះអាងថា​ខ្លួន​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​ដោយសារ​អ្នក​ទាំង​នោះបាន​ព្យាយាម​បង្កើត​សហជីព​មួយ​។ ក្រោយពី​មានការ​ស្នើសុំ​ពី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ក្រុមហ៊ុន​រថយន្តក្រុង​នេះ​ពិចារណា​ទទួលយក​អ្នកបើកបរ​ទាំងនោះ​វិញ ក្រុមអ្នកតវ៉ា​បាន​ផ្អាក​ការតវ៉ា​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​២៦ ខែមករា ហើយ​បានចាប់ផ្តើម​តវ៉ា​ជាថ្មី​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បន្ទាប់ពី​ក្រុមហ៊ុន​រថយន្តក្រុង​នេះ មិន​អើពើ​នឹង​សំណើ​របស់​សាលា​រាជធានី​។​

​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែលជា​សមាគម​តូច​មួយ​នៃ​អ្នករត់ម៉ូតូឌុប​និង​រ៉ឺម៉ក​កង់​បី​បាន​អះអាងថា ការតវ៉ា​របស់​អ្នកបើកបរ​រថយន្តក្រុង​ទាំងនេះ បាន​រំខាន​ដល់​អាជីវកម្ម​អ្នកបើក​រ៉ឺម៉ក​កង់​បី​ដែល​នៅ​ជុំវិញ​ស្ថានីយ៍​។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បន្តថា "​យើងខ្ញុំ សូម​ធ្វើការ​ថ្កោលទោស​ជាថ្មី​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជនរងគ្រោះ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់រហ័ស មាន​តម្លាភាព និង​ឯករាជ្យភាព ទៅលើ​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ​"៕​

សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ​រថយន្តក្រុង​ជាច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម​

សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ​រថយន្តក្រុង​ជាច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម​