មាស ច័ន្ទមានសងសឹកជំនួស ឃីម ឌីម៉ា

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដា​ល់មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ករសួងការពារជាតិ​ប្រកាសឡើង​សង្វៀន​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ Phayak Noy លើស​ង្វៀន Black Cat របស់ SEA-TV នា​យប់​ថ្ងៃទី​៧​កុម្ភៈ​នេះ ។​

​    ​នេះ​ជាការ​ប្រកាស​យ៉ាង​គឃ្លើន​របស់​ច័ន្ទ​មាន​ក្នុង​ការប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ជើង​ខ្លាំង​ថៃ​រូបនេះ ។ គួរ​រំលឹក​ថា​អ្នក​ប្រដាល់​ថៃ Phayak Noy រូបនេះ​ធ្លាប់​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឃីម ឌី​ម៉ា​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ។​

​    ​ច័ន្ទ​មាន​សព្វថ្ងៃ​គេ​កំពុងតែ​គ្រប់គ្រង​ខ្សែក្រវាត់​មួយ ។ តាមពិត​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មិន​អន់​នោះទេ​គឺ​គេ​មាន​ស្នៀត​វ៉ៃ​ល្អ និង មាន​កលល្បិច​សំបូរបែប ។ អ្នក​ប្រដាល់​រូបនេះ​អន់​ដោយសារ​គេ​ឆាប់​ទន់​កម្លាំង​គឺ​បើ​គូប្រកួត​ ចាប់ផ្ដើម​វាយលុក​ខ្លាំង​ពី​ទឹក​ទី ១ ទៅនោះ​បន្ទាប់ពី​ឆ្លង​ផុត​ទឹក​ទី ៣ ទៅ​កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​១១៧ ដង ឈ្នះ​៩៤ ដង ចាញ់​២៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​Phayak Noy វិញ​ការប្រកួត​ចុងក្រោយ​របស់គេ​នៅ​ស្រុក​ខ្មែរ​ឈ្នះ​ឃីម ឌី​ម៉ា​ដោយ​ពិន្ទុ ។ ពេលនេះ​គេ​ជួប​ជាមួយ​ច័ន្ទ​មាន​មិនដឹងថា​គេ​អា​ចក​សា​ស្ថិតិ​ឈ្នះ​បាន​ បន្តទៀត ឬ ក៏​អត់​នោះឡើយ ។​

​     Phayak Noy មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​ដង ឈ្នះ​៦៥​ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។ សម្រាប់​ជំនួប​មួយ​នេះ​នរណា​ឈ្នះ ?
​    ​ផង់ សុ​ភ័ស្ស​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Thahan Ek ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ថៃ Thahan Ek ការប្រកួត​ចុងក្រោយ​របស់​កេ​នៅ​ស្រុក​ខ្មែរ​ចាញ់​ពុទ្ធ ហ៊ុ​ច​ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​របៀប​វ៉ៃ​ល្អ​មិន​ឆេវឆាវ និង មិន​បំពាន​គូប្រកួត​ឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ១២៧ ដង ឈ្នះ​១០៥​ដង ចាញ់​២០ ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ផង់ សុ​ភ័ស្ស​វិញ​គេ​ជា​អ្នក​ប្រដាល់​ដែល​និយម​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ ៥ ដង ។ ចាំមើល​គូ​នេះ​នរណា​ឈ្នះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ថា​ន រ៉ា​ឌី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​ប្រាក់ ស៊ី​ណាត​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។ ផាត សូ​ដា​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាម​យ​យ​ឡុង សុធា​ ក្លិប​សាល​វ័​ន្ដ​កីឡា ។​

​    ​ការប្រកួត​ប្រដាល់​សាកល​អាជីព​វិញ​នោះ​អ្នក​ប្រដាល់​សុខុន វី​ហ្គា​វុត្ថា ក្លិប​កុមារ​ទេព ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​សែន រ៉ា​ដូ​ក្លិប​អប្សរា​គុន​ខ្មែរ ។​