ដោយ​សារ​ភាព​ស្មោះ​ត្រង់​… ចោល​អាំង​ប៉ាវ ១០០ដុល្លារ​ យក ១០​ដុល្លារ

ដោយ​សារ​ភាព​ស្មោះ​ត្រង់​… ចោល​អាំង​ប៉ាវ ១០០ដុល្លារ​ យក ១០​ដុល្លារ

បុណ្យ​ចូល​ឆ្នាំ​ចិន​មក​ដល់​ហើយ​​ ក្មេង​ៗ​ដូច​ខ្ញុំ​ចាំ​តែ​យក​អាំង​ប៉ាវ​ពី​​ចាស់ៗ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​បាន​លះ​បង់​អាំង​ប៉ាវ​ ១០០ ដុល្លារ​យក​អាំង​ប៉ាវ ១០ ដុល្លារ​វិញ។

 

ការ​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជា​កូន​កាត់​ចិន​អី​ទេ តែ​ចូល​ចិត្ត​រាប់​អាន​គ្រួសារ​កាត់​ចិន។ នៅ​ថ្ងៃ​នោះ​ដែរ មាន​អ៊ំ​ស្រី​ម្នាក់​​ដែល​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​ម៉ាក់​ខ្ញុំ​ បាន​មក​លេង​ផ្ទះ​ខ្ញុំ។ អ៊ំ​ស្រី​កាត់​ចិន​នោះ​ គាត់​ចិត្ត​ល្អ​ណាស់​ហើយ​តែង​តែ​ឱ្យ​អាំង​ប៉ាវ​ខ្ញុំ​រាល់​ឆ្នាំ។

 

ឆ្នាំ​នេះ​គាត់​ក៏​ឱ្យ​អាំង​ប៉ាវ​ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​ដែរ បន្ទាប់​ពី​អរគុណ​គាត់​ហើយ ខ្ញុំ​បាន​ទៅ​បើក​​អ៊ុត​មើល នៅ​ក្នុង​បន្ទប់​ម្នាក់​ឯង​ស្រាប់​តែ​ខ្ញុំ​ ឃើញ​លុយ​ ១១០ ដុល្លារ​ក្នុង​នោះ​។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ហើយ​សប្បាយ​ចិត្ត ដោយ​គិត​ថា​ឆ្នាំ​នេះ​រាសី​ឡើង​មែន បាន​អាំង​ប៉ាវ​ធំ។

 

តែ​បន្តិច​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ឆ្ងល់! រាល់​​ដង​មិន​ថា​ ឱ្យ​លុយ​ចាយ​ ឬ តិអៀ​ទេ​ គាត់​ឱ្យ​តែ​ត្រឹម​ ២០ ដុល្លារ​ចុះ​ប៉ុណ្ណោះ មិន​ដែល​ឱ្យ​លើស​ហ្នឹង​ទេ។ មិន​អស់​ចិត្ត​ខ្ញុំ​ក៏​ហៅ​បង​ស្រី​ខ្ញុំ​មក​សួរ​ គាត់​ថា​គាត់​បាន​តែ​ ២០ ដុល្លារ​ទេ ចុះ​ម៉េច​ក៏​ខ្ញុំ​បាន​​ដល់ ១១០​ ដុល្លារ។ មិន​ប្រាប់​ក៏​ដឹង​ថា អ៊ំ​ប្រាកដ​ជា​ច្រឡំ​មិន​ខាន។

 

ដោយ​សារ​ភាព​ស្មោះ​ត្រង់​… ចោល​អាំង​ប៉ាវ ១០០ដុល្លារ​ យក ១០​ដុល្លារ

(រូបតំណាង)

 

ខ្ញុំ​ក៏​ចុះ​ទៅ​ក្រោម​ជួប​អ៊ំ​ស្រី​វិញ ព្រោះ​គាត់​កំពុង​តែ​ជជែក​លេង​ជាមួយ​ម៉ាក់​ខ្ញុំ។ ខ្ញុំ​ប្រាប់​គាត់​ថា «អ៊ំ! ឱ្យ​អាំង​ប៉ាវ​ខ្ញុំ​ច្រឡំ​ហើយ»។ គាត់​សួរ​ «ច្រឡំ​ម៉េច?»។ ខ្ញុំ​បង្ហាញ​អាំង​ប៉ាវ​ឱ្យ​គាត់​ឃើញ​ថា​លុយ​មាន ១១០ ដុល្លារ​ហើយ​ហុច​ឱ្យ​គាត់​។ គាត់​ទទួល​យក​ហើយ​អរគុណ​ខ្ញុំ​ ដោយ​គាត់​ដក ១០០ ដុល្លារ​​ទុក​វិញ​ហើយ​ឱ្យ​អាំង​ប៉ាវ​ ១០ ដុល្លារ​មក​ខ្ញុំ​ ព្រោះ​គាត់​អស់​លុយ​រាយ​ហើយ។

 

គាត់​ប្រាប់​ថា​គាត់​ចង់​តិអៀ​ឱ្យ​ខ្ញុំ ២០ ដុល្លារ​ គាត់​​មើល​មិន​ច្បាស់​ស្មាន​តែ​ក្រដាស​ ១០ ដុល្លារ​ពីរ​សន្លឹក​​ទើប​ដាក់​ចូល​ឱ្យ​ខ្ញុំ។ ឯ​លុយ​​ ១០០ ដុល្លារ​ដែល​គាត់​ច្រឡំ​នោះ​គឺ​ជា​លុយ​ដែល​ ក្មួយ​ៗ​គាត់​តិអៀ​ជូន​គាត់​ទេ។

 

គាត់​ប្រាប់​ទៀត​ថា​ នេះ​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​គាត់​រាប់​អាន​គ្រួសារ​ខ្ញុំ ព្រោះ​អ្នក​ផ្ទះ​ពួក​យើង​សុទ្ធ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់។ កាល​នោះ​បើ​និយាយ​ពី​អារម្មណ៍​ខ្ញុំ​ផ្ទាល់​ស្ដាយ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បាន​លុយ​ដែល​ម្ចាស់​គេ​មិន​ចង់​ឱ្យ​ទេ ទើប​​ទទួល​យក​អាំង​ប៉ាវ​ ១០ ដុល្លារ​នោះ​ទោះ​ជា​វា​តិច​ តែ​ខ្ញុំ​សប្បាយ​ចិត្ត អ៊ំ​ស្រី​អ្នក​តិអៀ​ក៏​សប្បាយ​ចិត្ត​ ម៉ាក់​ខ្ញុំ​និង​បងស្រី​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់។

 

ដោយ​ឡែក​ឆ្នាំ​នេះ​សង្ឃឹម​ថា នឹង​បាន​អាំង​ប៉ាវ​ច្រើន​ៗ មិន​ច្រឡំ​ដូច​លើក​មុន​ចុះ! រីករាយ​ឆ្នាំ​ថ្មី​ បង​ Sabay និង អ្នក​អាន​ Sabay៕

 

ចុចអាន៖ ស្រឡាញ់​បែប​ណា​ទើប​ត្រូវ​ចិត្ត​អូន?

អានអត្ថបទច្រើនទៀត សូមចុចត្រង់នេះ

 

អត្ថបទ៖ ម៉ន សុនិត្តា​

មាន​អត្ថបទ ចង់ចែករំលែក​សូមផ្ញើមកកាន់ e-mail:  [email protected]

[email protected]ទ ទៅកាន់លេខ ០១០ ៧០០ ៧២៧