ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បើ​ទោះបីជា​លោក ​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ​បាន​ដាក់​ចេញ​បទបញ្ជា​ដាច់​ខាត​​មិន​ឲ្យ​មាន​ល្បែង​ហ្គែ​ម​បាញ់​ត្រី​នៅ​ក្នុង​សង្កាត់​ទាំង​១១​ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៦ ​នោះ​ ក៏​ដោយ ​ជាក់ស្តែង​​កាលពី​វេលា​​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ហ្គែ​ម​បាញ់​ត្រី​ដែល​បង្កប់​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​​២៥​នាក់​ រួម​ទាំង​ថ្នាំ​ញៀន​នៅ​ក្នុង​ផ្សារ​ហ្គោ​ល​ឌិន​សូ​រិ​យា​ម៉​ល់ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

មន្ត្រី​​អាវុធហត្ថ​ដែល​ចូលរួម​ចុះ​បង្ក្រាប​​ក្នុង​ផ្សារ​ហ្គោ​ល​ឌិន​សូ​រិ​យា​ម៉​ល់​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​បង្កប់​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​​ក្នុង​ផ្សារ​ហ្គោ​ល​ឌិន​សូ​រិ​យា​ម៉​ល់​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​នេះ​ ដឹកនាំ​ដោយ​លោក​ មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង ជា​លទ្ធផល​ឃាត់​ខ្លួន​មនុស្ស​បាន​២៥​នាក់​ (​ស្រី​ម្នាក់​) ​និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​២១​កញ្ចប់ ​និង​​ទូរ​ហ្គេម​បាញ់​ត្រី​ផង​ដែរ ។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​បាន​និយាយ​ថា ​ក្នុង​ផ្សារ​ហ្គោ​ល​ឌិន​សូ​រិ​យា​ម៉​ល់​នេះ​ គឺ​មើលទៅ​ឃើញ​​មាន​ភាព​អនាធិបតេយ្យ​ខ្លាំង​ណាស់ ​ហើយ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ផ្សារ​នេះ​ នៅ​ពេល​ថ្មី​ៗ​នេះ​លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ដាក់​ចេញ​បទបញ្ជា​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ទីតាំង​ល្បែង​​ហ្គេម​​បាញ់​ត្រី​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១​ជា​ដាច់ខាត ។ តែ​បែរជា​នៅ​តែ​មាន​ល្បែង​​ហ្គេម​​បាញ់​ត្រី​ក្នុង​ផ្សារ​នេះ​​ដដែល ​តើ​លោកស្រី​ចៅសង្កាត់​ពិតជា​មិនដឹង​មែនឬ? ​បញ្ហា​នេះ​សូម​លោក​អភិបាល​គួរ​បើក​ការ​ស្រាវជ្រាវ​ថា ​តើ​ជន​ណា​នៅ​ពីក្រោយ​ទីតាំង​ល្បែង​​ហ្គេម​​បាញ់​ត្រី​ខាងលើ​នេះ​ ដើម្បី​ធានា​បាន​នូវ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។

​ជនសង្ស័យ​ទាំង​២៥​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​​​ទៅ​សាលា​ដំបូង​រាធានី ៕​