ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​បន្ទាយមាន​ជ័យ ៖ កូនប្រុស​អាយុ​៩​ឆ្នាំ​រង​របួសធ្ងន់ ត្រូវ​បាន​​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​ ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ចំណែក​ឪពុក​បាន​ស្លាប់​នៅ​នឹង​កន្លែង​​​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​ ​បុក​ម៉ូតូ​​ពេញទំហឹង​​ ​​​កាលពី​​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ខាងជើង​ភ្នំ​បន្ទាយ​នាង​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ​។

​​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​​ថា ​មុន​កើតហេតុ​ គេ​ឃើញ​​រថយន្ត​ម៉ាក​​ទួរីស​១៥​កៅអី ពណ៌​ស ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-1059  មាន​ដឹក​ភ្ញៀវ​បរទេស​៥​នាក់​ និង​ខ្មែរ​២​នាក់ ​​បើក​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បើក​វ៉ា​​​រថយន្ត​១​គ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស ពណ៌​ទឹកប្រាក់​-​ខ្មៅ ពាក់​ស្លាក​លេខប​.​មាន​ជ័យ​ 1C.7765 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​ឌុ​ប​គ្នា​២​នាក់​ឪពុក​និង​កូន​​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​ឈ្មោះ​ចៃ  ចិ​ត្រា អាយុ​៣២​ឆ្នាំ ​រ​ស់នៅ​​​ក្នុង​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ​​ខ្ទាត​បោក​នឹង​​កញ្ចក់​រថយន្តស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស​ឈ្មោះ ​ចៃ ឈី អាយុ​៩​ឆ្នាំ រង​របួសធ្ងន់​តែ​​ម្តែង ។​ ចំពោះ​អ្នក​បើករថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន មក​ដល់​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី ​និង​ក្រុង​សិរី​សោភ័ណ ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​​រថយន្ត​ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ ។​​​ ​ចំពោះ​ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ត្រូវ​បាន​រថយន្ត​ផ្សេង​មក​ទទួលយក​បន្តដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​ ។

​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច ​ម៉ូតូ​ជន​រង​គ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក ​ចំណែក​សព​​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​។ ​រីឯរថយន្ត​​បង្ក​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ក្រុមហ៊ុនចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ ៕ ​