សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ចៅប្រុស​លោកយាយ​ម៉ែ​ម៉ឺន គឺ​លោក​គង់ បញ្ញា​សិ​ទ្ឋិ បាន​ធ្វើ​ខួបកំណើត​គម្រប់​វ័យ​២៣​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​អេ​ម​៩ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ឱកាស​រីករាយ​នេះ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស និង​អ្នកសិល្បៈ​មួយ​ចំនួន​ធ្វើ​ឱ្យ​មាន​ភាព​អធិកអធម គ្រា​ដែល​តារា​ប្រុស​រះ​ថ្មី​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

លោក​គង់ បញ្ញា​សិ​ទ្ឋិ បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​ជិត​៣​ឆ្នាំ​មក​ហើយ ទើបតែ​មានការ​លេចធ្លោ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។​តារា​ចំណូល​ថ្មី​ប្រាថ្នា​ចាប់​យក​ភាព​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​រូប​នេះ​មាន​ទេព​កោសល្យ​សិល្បៈ​ច្រើន​ផ្នែក គឺ​សម្តែង​ភាពយន្ត ច្រៀង និង​ពិធីករ ។ ចុង​ក្រោយ​នេះ​លោក​សិទ្ធិ​ត្រូវ​បណ្តា​ផលិតកម្ម និង​ម្ចាស់​ហាង​មួយ​ចំនួន​ទាក់ទង​ឱ្យ​ចេញ​ទៅ​សម្តែង​និង​ធ្វើ​ជា​ពិធីករ​ផង​ដែរ ។ អីុចឹ​ង​ហើយ​ទើប​បង្ក​ឲ្យ​គង់ បញ្ញា​សិ​ទ្ឋិ ហាក់​មាន​ទឹកចិត្ត​រីករាយ​គ្រា​ដែល​បំណង​ចង់​ស្នង​កេរ្តិ៍ឈ្មោះ​ឲ្យ​សុសសាយ​ដូច​លោកយាយ​ម៉ែ​ម៉ឺន​នោះ​ហាក់​កាន់តែ​មាន​លទ្ធផល​ប្រសើរ​ឡើងជា​លំដាប់​គ្រា​ដែល​អាជីព​សិល្បៈ​កាន់តែ​មាន​សន្ទុះ​ជា​លំដាប់​នោះ ។

លោក​គង់ បញ្ញា​សិ​ទ្ឋិ រៀបរាប់​ឲ្យ​ដឹង​ថា​ការ​ធ្វើ​ខួបកំណើត​របស់​លោក​នេះ​គឺ​ចូល​ដល់​វ័យ​២៣​ឆ្នាំ​ដែល​ឆ្នាំ​នេះ​ហុងស៊ុយ​នៃ​កិច្ចការ​សិល្បៈ​ហាក់​មានការ​ងារ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​មាន​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ផលិតកម្ម​នានា​ហៅ​ទៅ​ធ្វើការ​ជា​បន្តបន្ទាប់ ។

ការ​រៀបចំ​ធ្វើ​ខួបកំណើត​ឆ្នាំ​នេះ​ការណ៍​ពិត​គ្មាន​គម្រោង​ទេ សូ​ម្បី​តែ​សំបុត្រ​អញ្ជើញ​ក៏​មិន​បោះពុម្ព​ដែរ គឺ​ហៅ​ទូរស័ព្ទ ភ្លាម​ៗ​ទៅ​មិត្ត​ជិតដិត​ត្រឹមតែ​មួយ​ព្រឹក​ដោយសារ​តែ​គិត​ថា​ខ្ជិល​រំខាន​គេ​ច្រើន ម្យា​៉​ង​ជា​ឱកាស​ដែល​អ្នកសិល្បៈ​រវល់​ជាមួយ​អាជីព ។

លោក​គង់ បញ្ញា​សិទ្ធិ ថ្លែង​អំណរ​អរគុណ​ភ្ញៀវ​ទាំងអស់​ដែល​ចូលរួម​ពិធី​សំខាន់​របស់​លោក​ដោយ​មិន​ប្រកាន់​ទោះជា​ប៉ះពាល់​ពេលវេលា​ចេញ​សម្តែង​យ៉ាងណា​ក្តី ។

តារា​ចំណូល​ថ្មី​មាន​ប្រភព​ពី​ខេត្តបន្ទាយមានជ័យ រូប​នេះ​និយាយ​ថា បើ​ទោះជា​លោក​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​បែប​ណា​ក្តី ក៏​លោក​មិន​ដែល​យកឈ្មោះ​លោកយាយ​ទៅ​ពឹង​អាស្រ័យ​គេ​សុំ​សម្តែង​ធ្វើ​ជា​ខ្សែ​ទាក់ទាញ​ទេ បើ​អ្នក​ណា​ដឹង​ក៏​ដឹង​តាម​ហ្នឹង ប៉ុន្តែ​រូប​លោក​មិន​ដែល​និយាយ​ប្រាប់​គេ​ឡើយ ។ លោក​គង់ បញ្ញា​សិទ្ធិ បង្ហាញ​ទេព​កោសល្យ​តាម​ជំនាញ​ដែល​ខ្លួន​មាន បើ​គេ​អាច​ទទួលយក​បាន នោះ​លោក​ចេះ​តែ​ខំធ្វើការ បើ​គេ​មិន​ពេញចិត្ត​ក៏​តាម​ហ្នឹង ។ រយៈពេល​យូរ​ខែ​មក​ហើយ​ដែល​លោក​បញ្ញា​សិទ្ធិ ខំប្រឹង​ពង្រឹងសមត្ថភាព ទើប​មានឱកាស​ល្អ​ខ្លះ​ដូច​ពេល​នេះ​គឺជា​រឿង​មួយ​សំខាន់​ដែរ ដោយសារ​តែ​ការ​ប្រឹងប្រែង​មិន​សាបសូន្យ ហើយ​សន្ទុះ​កេរ្តិ៍ឈ្មោះ​ក៏​កាន់តែ​មានការ​ចាប់អារម្មណ៍ ។

អាជីព​សិល្បៈ​លោក​គង់ បញ្ញា​សិទ្ធិ នឹង​ប្រឹងប្រែង​ឲ្យ​គេ​ស្គាល់​ជាង​នេះ​ទៀត ។ ទន្ទឹម​នេះ​លោក​បញ្ញា​សិទ្ធិ ចង់​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ក្រៅពី​អាជីព​សិល្បៈ ៕