សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

យោង​តាម​គេហទំព័រ​បរទេស​យ៉ុ​ន​ហាប​ឱ្យ​ដឹង​ថា​កំពូល​តារា​សម្តែង​កូរ៉េ​នាង​ស៊ុ​ង ហេ​ឃ្យូ​ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​ឈ្មោះ​ហាន់ ជី​អ៊ុ​ន ក្នុង​រឿង​«​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» ជាមួយ​លោក​លី យ៉ុ​ង​ជេ​នោះ នឹង​បង្ហាញ​វត្ត​មាននៅ​ទូ​ទាំង​អាស៊ី​ក្នុង​ខែកុម្ភៈ​នេះ ដើម្បី​ផ្សព្វផ្សាយ​ក្រុមហ៊ុន​សម្លៀក​បំពាក់​លំដាប់​ពិភពលោក Espirit ។

នាង​ហាន់ ជី​អ៊ុ​ន បាន​ថតរូប​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​រួច​ហើយ​នៅ​ប្រទេស​កូរ៉េ​ដែល​មាន​អ្នកជំនាញ​ខាង​ថតរូប​គឺ​លោក Cho Seon-hee ។ រូបថត​របស់​តារា​ស្រី​វ័យ​៣៤​ឆ្នាំ​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ទស្សនាវដ្តី និង​នៅ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​នៅ​អាស៊ី ។

ក្រុមហ៊ុន Espirit និយាយ​ថា សម្រេចចិត្ត​ជ្រើសរើស​នាង​ស៊ុ​ង ហេ​ឃ្យូ ជា​អ្នកតំណាង​ផ្សព្វផ្សាយ​ផលិតផល ព្រោះ​នាង​ស្រស់​ស្អាត និង​ជាតា​រា​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ទាំង​នៅ​កូរ៉េ និង​លើ​ពិភពលោក ។ លើស​ពី​នេះ​ទៅ​ទៀត​នាង​មាន​ដងខ្លួន​ស្រ​ឡូ​ន មុខ​ម៉ដ្ឋខៃ និង​ស្បែក​ស ។ Espirit គឺជា​ក្រុមហ៊ុន​សម្លៀក​បំពាក់ ស្បែកជើង គ្រឿង​អលង្ការ និង​សម្ភារ​ផ្ទះបាយ​ដែល​មាន​មូលដ្ឋាន​នៅ​អា​ល្លឺ​ម៉​ង់ និង​ហុងកុង ៕