ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​គម្រោង​ខុន​ដូ Apennines ដែល​ជា​គម្រោង​ខុន​ដូ​បែប​ទំនើប និង​ជា​ខុន​ដូ​មាន​ជណ្ដើរយន្ត​សម្រាប់​លើក​រថយន្ត​ទៅ​កន្លែង​ចំណត​ដំបូង​គេ​នៅ​កម្ពុជា អ្នក​នាង សុត សុជាតា បាន​គូសបញ្ជាក់​ថា ៖ « ដោយសារ​តែ​ទីផ្សារ​ខុន​ដូ​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​មានការ​ប្រកួតប្រជែង ហើយ​ការ​ផ្គត់ផ្គង់​ក៏​មាន​ច្រើន ដូចនេះ ធ្វើ​ឱ្យ​ការ​លក់​គម្រោង​ខុន​ដូ Apennines នៅ​មាន​ភាព​យឺតយ៉ាវ » ។

អ្នក​នាង សុត សុជាតា បាន​បន្ត​ថា ៖ « សព្វ​ថ្ងៃនេះ គម្រោង Apennines ទើបតែ​លក់​បាន​ប្រមាណ​២៣%​ប៉ុណ្ណោះ ដែល​បាន​ដាក់​លក់​ក្នុងស្រុក ។ ដោយសារ​តែ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា ហាក់​មាន​ភាព​ចង្អៀត​បន្តិច ទើប​ធ្វើ​ឱ្យ​ខុន​ដូរ​បស់​យើង​លក់​បាន​តិចតួច ។ ដូច​យើង​ដឹង​ស្រាប់​ហើយ សព្វ​ថ្ងៃនេះ​ខុន​ដូ​មាន​ច្រើន ហើយ​អ្នកទិញ​ខុន​ដូ​នៅ​ស្រុក​យើង​មាន​តិច​នៅឡើយ ទើប​ធ្វើ​ឱ្យ​ការ​លក់​នីមួយ​ៗ​ពិបាក បុ​៉​ន្តែ​ទោះជា​យ៉ាងណា យើង​នៅ​តែ​ពង្រឹង​ការ​លក់​របស់​យើង​ឱ្យ​បាន​ខ្ពស់ » ។

អ្នក​នាង សុត សុជាតា បន្ត​ទៀត​ថា ៖ « ក្នុង​ចំណោម​អ្នកទិញ​គម្រោង​ខុន​ដូ Apennines សព្វ​ថ្ងៃនេះ​ឃើញ​ថា ភាគច្រើន​ជា​ជនបរទេស ចំណែក​ជនជាតិ​ខ្មែរ​មាន​តិចតួច​នៅឡើយ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខាង​មុខ ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​អាច​ផ្លាស់​ប្តូរ ដោយ​ផ្លាស់​ពី​ការ​ស្នាក់​នៅផ្ទះ​ល្វែង ឬ​វីឡា ហើយ​ងាក​មក​ស្នាក់​នៅ​ខុន​ដូ ។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា មិន​ខុស​ពី​ប្រទេស​ដទៃ ដូច​ជា​ថៃ និង​សាំង​ហ្គា​ពួរ​នោះ​ទេ ។ ពេល​នេះ​ប្រជាជន​ភាគតិច​រស់នៅ​ក្នុង​ខុន​ដូ តែ​ទៅ​មុខ​ទៀត អ្នក​រស់នៅ​ខុន​ដូ​ភាគច្រើន​ប្រាកដជា​ជនជាតិ​ខ្មែរ ព្រោះថា ពេល​នេះ​មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ចាប់ផ្ដើម​រស់នៅ​ក្នុង​ខុន​ដូ​ជា​បណ្ដើរ​ៗ​ហើយ » ។

អ្នក​នាង​បញ្ជាក់​ថា ៖ « នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​វាយលុក​ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា ឱ្យ​ប្រជាជន​កម្ពុជា​អាច​មាន​លទ្ធភាព​ទិញ​ខុន​ដូ​ស្នាក់​នៅ​បាន​ច្រើន ។ ក្រុមហ៊ុន​នឹង​ធ្វើ​ឱ្យ​ខុន​ដូ​នេះ ក្លាយជា​ខុន​ដូ​ដែល​ទំនើប​សម្រាប់​ការ​រស់នៅ​បែប​សម័យ​ថ្មី ។ សព្វថ្ងៃ ខុន​ដូ Apennines សាងសង់​បាន​១០%​ហើយ គឺ​បាន​សាងសង់​ដល់​ជាន់​ទី​៤ ក្នុង​ចំណោម​១៧​ជាន់ » ។

ពាក់ព័ន្ធ​នឹង​វិស័យ​ខុន​ដូ​នេះ​ដែរ លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong ក៏​ធ្លាប់​បាន​ប្រាប់​កោះសន្ដិភាព​ថា​៖ « វិស័យ​ខុន​ដូ​នេះ គឺ​មានការ​ផ្គត់ផ្គង់​ច្រើន ។ សម្រាប់​អ្នកទិញ គឺ​ងាយស្រួល​បន្តិច តែបើ​ទិញ​ហើយ​ចង់​លក់​បន្ត ដំណាក់កាល​នេះ​ពិបាក​បន្តិច និង​ត្រូវការ​ចំណាយពេល​យូរ » ។

លោក​បញ្ជាក់​ថា ៖ « នៅ​ចុងឆ្នាំ​២០១៥​កន្លង​មក ការ​ទិញ​លក់​ខុន​ដូ ហាក់ដូចជា​មិន​ខ្លាំង​ដូច​កាលពីដើម​ឆ្នាំ​២០១៥​ទេ តែ​តម្លៃ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត ក៏​នៅ​មិន​ទាន់​ដឹង​ថា វិស័យ​មួយ​នេះ​នឹង​កើនឡើង​កម្រិត​ណា​ដែរ ដោយសារ​តែ​តម្រូវការ​ខុន​ដូ ឬ​អា​ផាត់​មែន ទើបតែ​មាន​ច្រើន​ក្នុង​រយៈពេល​ខ្លី​កន្លង​មកនេះ​ប៉ុណ្ណោះ»។

គួរ​បញ្ជាក់​ថា ខុន​ដូ Apennines ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន KHSI Investment PTE., Ltd ដែល​មាន​កម្ពស់​១៧​ជាន់ និង​បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិ​ក គឺជា​ទុន​វិនិយោគ​របស់​ជនជាតិ​សិង្ហ​បុរី ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ខាង​មុខ​នេះ ៕