ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ អគ្គនាយកដ្ឋាន​រតនាគារ​បាន​កំណត់​ដី​រដ្ឋ​ចំនួន​៦​កន្លែង ដែល​ដី​២​កន្លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក សម្រាប់​គម្រោង​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទាប​ចំនួន ៣.៤០០​ខ្នង​ផ្ទះ ។  នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Chakkrit Parapantakul អគ្គនាយក​នៃ​នាយកដ្ឋាន​រតនាគារ​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​Chakkrit​បាន​មាន​ប្រសាសន៍​ថា​៖ «​ផ្ទះ​ជាប់​ដី និង​ផ្ទះ​ដែល​មានកំ​ពស់​ខ្ពស់ នឹង​មាន​ចំនួន​ជា​ច្រើន​សម្រាប់​លក់​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​ៗ ក្រោម​គម្រោង​ផ្ទះ​ដែល​មាន​តម្លៃ​ថោក​ៗ​ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​ថៃ ។ ជាមួយ​គ្នា​នេះ អគារ​ខុន​ដូ​ដែល​មាន​ទំហំ​២២​ម៉ែត្រការ៉េ នឹង​ត្រូវ​លក់​ជូន​ក្នុង​តម្លៃ ៥០០,០០០​បាត​ក្នុង​មួយ​យូ​នី​ត និង​ផ្ទះ​ជាប់​ដី​ដែល​មាន​ទំហំ ៧០​ម៉ែត្រការ៉េ មាន​តម្លៃ ៧០០,០០​បាត​ក្នុង​មួយ​ខ្នង​ផ្ទះ » ។

គម្រោង​នេះ​ទៀត​សោត អាច​លក់​ក្នុង​តម្លៃ​ថោក​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​ឯកជន បាន​សាងសង់​លើ​ផ្ទៃដី​របស់​អគ្គនាយកដ្ឋាន​រតនាគារ ដែល​យក​តម្លៃ​ជួល​ក្នុង​អត្រា​ទាប​បំផុត ។

គម្រោង​លំនៅ​ឋាន​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​របស់​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ប្រជាជន​ដែល​មាន​ចំណូល​ទាប អាច​មានផ្ទះ​ផ្ទាល់ខ្លួន​បាន ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​លក់​ផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​នោះ គឺ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក​Apisak Tantivorawong បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​រតនាគារ សិក្សា​លើ​គំរូ​ផ្ទះ​ថោក​ៗ​របស់​ហុងកុង មុន​ពេល​សម្រេចចិត្ត​ជួល​ឲ្យ​អ្នក​អភិវឌ្ឍ​ផ្ទះ ។

គួរ​បញ្ជាក់​ផង​ដែរ លក្ខ​ខ័​ណ្ឌ​ក្នុង​ការ​ជួល​ដី​របស់​ទីក្រុង​ហុងកុង គឺ អ្នក​ជួល​ដែល​មាន​ចំណូល​និង​ទ្រព្យ​លើស​លក្ខខណ្ឌ​កំណត់ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ថ្មី​មក​ស្នាក់​នៅ​វិញ​។ ទន្ទឹម​នឹង​នេះ កិច្ចសន្យាជួល​មាន​បី​ប្រភេទ នៅ​ក្នុង​គម្រោង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ថោក​នេះ​។ អ្នក​ដែល​មាន​សិទ្ធិ​កាន់កាប់​ផ្ទះ​អចិន្ត្រៃយ៍​គឺ​អាច​សាងសង់​លើ​ដី​ឯកជន ខណៈ​ដែល​អ្នក​ដែល​ជួល​លើ​ដី​មាន​រយៈពេល​កំណត់ គឺ​សាងសង់​លើ​ដី​របស់​រដ្ឋ ។

យ៉ាងណាមិញ ការិយាល័យ​សារពើ​ពន្ទ​និង​វិស័យ​ឯកជន មិន​ទាន់​សម្រេច​ស្តី​ពី​ការ​កំណត់​ប្រាក់​ចំណូល​អតិបរិមា​របស់​ប្រជាជន​មាន​ចំណូល​ទាប​ដែល​មាន​សិទ្ធិ​ទិញ​ផ្ទះ​នៃ​គម្រោង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ថោក​នៅឡើយ​ទេ ។

ជាក់ស្តែង ការិយាល័យ​សារពើពន្ធ គ្រោង​នឹង​កំណត់​ប្រាក់​ចំណូល​ដែល​មាន​សិទ្ធិ​ទិញ​ផ្ទះ អតិបរមា​១៥.០០០​បាត​ក្នុង​មួយ​ខែ ខណៈ​ដែល អ​ជ្ញា​រ​ធ​លំនៅ​ឋាន​ជាតិ និង​ធនាគារ បាន​កំណត់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ចាប់ពី​២២.០០០ បាត​ទៅ​២៤.០០០​បាត​ក្នុង​មួយ​ខែ ៕