ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ទោះបីជា​សេដ្ឋកិច្ច​ថៃ​ធ្លាក់​ចុះ​ក្តី ក៏​ទីផ្សារ​អចលនទ្រព្យ​នៅ​តែ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​កំណើន​ក្នុងឆ្នាំនេះ ដោយសារ​តែ​គម្រោង​តូច​ៗ​បាន​បន្ត​កើនឡើង ។
ទោះបីជា​យ៉ាងណា សេដ្ឋវិទូ និង​អ្នកជំនាញ​អចលនទ្រព្យ​បាន​ដាស់តឿន​ដល់​អ្នក​អភិវឌ្ឍន៍​ទាំងឡាយ គួរតែ​ប្រុង​ប្រយ័ត្ន និង​រៀបចំ​ទុកជា​មុន​ពេល​មានការ​ផ្លាស់​ប្តូរ​ស្ថានភាព​ទីផ្សារ​ដែល​ពិបាក​នឹង​ស្មាន​ទុក​នេះ ។

អគ្គនាយក​សមាគម​ពាណិជ្ជកម្ម​លំនៅ​ឋាន លោក Atip Bijanonda មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​នៅ​ឆ្នាំ​នេះ អាច​នឹង​កើនឡើង​ពី​៥% ទៅ​១០% ដោយសារ​តែ​គម្រោង​សាងសង់​ផ្ទះ​មួយ​ខ្នង​ៗ ។ នៅ​តាម​បណ្តា​ខេត្ត ខុន​ដូ​នៅ​តែ​មាន​សភាព​ត្រដាបត្រដួស​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​តម្រូវការ​ផ្ទះ​មួយ​ខ្នង​ៗ​កាន់តែ​កើនឡើង និង​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត​នៅឡើយ » ។

បើ​យោង​តាម​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ REIC បង្ហាញ​ថា ចំនួន​ផ្ទះ​មួយ​ខ្នង​ៗ​នៅ​តែ​លក់​នៅ​ទូ​ទាំង​២៦​ខេត្ត មាន​ចំនួន​១៤៦.៨៧០​ខ្នង​ផ្ទះ គិត​ជា​ទឹកប្រាក់​ចំនួន​៥៤១​ពាន់​លាន​បាត ។ ចំណែក​ទីក្រុង​បាងកក​, Chon Buri,  Nonthaburi នឹង​មាន​អគារ​ខុន​ដូ​ច្រើន​ជាងគេ ។

ការ​លក់​ផ្ទះ​ប្រភេទ​មួយ​ខ្នង​ៗ​បាន​កើនឡើង​ចាប់តាំងពី​ត្រីមាស​ទី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយសារ​តែ​មាន​តម្រូវការ​ច្រើន ស្រ​បទ​នឹង​តម្លៃ​ត្រឹមតែ​២ ទៅ​៣​លាន​បាត​ប៉ុណ្ណោះ​ក្នុង​គម្រោង​សាងសង់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Prasert Taedullayasatit ប្រធាន​សមាគម​អគារ​ខុន​ដូ ប្រចាំ​ប្រទេស​ថៃ ។

លោក​បន្ថែម​ថា ៖ « អ្នក​អភិវឌ្ឍន៍ គួរ​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​ការ​ប្រែប្រួល​នៃ​ទីផ្សារ​អចលនទ្រព្យ ។ តួយ៉ាង កាលពី​ឆ្នាំ​មុន អ្នក​អភិវឌ្ឍន៍​ធំ​ៗ​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​លំនៅ​ឋាន​កាន់តែ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​តូច​ៗ​ជួប​វិបត្តិ​យ៉ាង​ខ្លាំង » ។

ចំណែក​លោក Prasert Taedullayasatit ទេសាភិបាល​ធនាគារ​ថៃ លើក​ឡើង​ថា ៖ « សេដ្ឋកិច្ច​ទាំងមូល គឺ​មាន​ភាពល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​គោល​នយោបាយ​លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច និង​វិធាន​ផ្សេង​ទៀត ត្រូវ​បាន​ណែនាំ​ដោយ​ធនាគារជាតិ និង​គណៈកម្មការ​ដៃគូ​ឯកជន​-​សាធារណៈ​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ » ។

ដូច្នេះ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ គួរតែ​យកចិត្តទុកដាក់​លើ​និន្នាការ​ទីផ្សារ​បច្ចុប្បន្ន​ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​ការ​សាងសង់​ផ្ទះ​ប្រភេទ​មួយ​ខ្នង ។ ជា​ពិសេស ការ​សាងសង់​នៅ​តាម​បណ្តា​ខេត្ត ដោយ​ផ្តោត​លើ​គម្រោង​ដែល​មាន​តម្លៃ​មធ្យម ដើម្បី​ឲ្យ​ការ​ចំណាយ​នៅ​លើ​ទីផ្សារ​កាន់តែ​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​តាម​ណ្តា​ខេត្ត​ធំ​ៗ​ទាំង ១៧ នៅ​ប្រទេស​ថៃ ទីផ្សារ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ រហូត​ដល់​២៩,៣% ឬ​៣១.១៩៣​ខ្នង​ផ្ទះ នៅ​៣​ត្រីមាស​ដំបូង​កាលពី​ឆ្នាំ​មុន ។ ចំណែក​អត្រា​លក់​វិញ ស្មើនឹង​៣៥% ដែល​មាន​ចំនួន​៣៥.១៤៨​ខ្នង​ផ្ទះ ។ ផ្ទះ​ដែល​មិន​ទាន់​លក់​បាន​ធ្លាក់​ចុះ​៣,៦% ឬ​ស្មើនឹង​១០៧.១៨០​ខ្នង​ផ្ទះ ។
របាយការណ៍​ដែល​បង្ហាញ​ដោយ REIC ឲ្យ​ដឹង​ទៀត​ថា ចំនួន​ផ្ទះ​ប្រភេទ​មួយ​ខ្នង​ៗ​ដែល​ដាក់​លក់​នៅ​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ​ដល់​១០៤.៩០០​ខ្នង​ផ្ទះ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​១១៨.៣០០​ខ្នង​ផ្ទះ ដោយសារ​តែ​ទីផ្សារ​មានការ​ប្រែប្រួល ស្រប​នឹង​សេដ្ឋកិច្ច​ធ្លាក់​ចុះ ។

ជាង​នេះ​ទៀត អគារ​ខុន​ដូ​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ ពោល​គឺ​ធ្លាក់​ចុះ​ពី​៧៣.១០០​យូ​នី​តម​ក​នៅ​ត្រឹម​៦០.៤០០​យូ​នី​ត ខណៈ​ផ្ទះ​ប្រភេទ​មួយ​ខ្នង​ៗ​បាន​ធ្លាក់​ពី​៤៤.៥០០​ខ្នង មក​ត្រឹម​៤៥.២០០​ខ្នង ៕