ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ប្រព្រឹត្ត​ឡើង​រយៈពេល​២​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ៗ​ជាង​២០០​ក្រុមហ៊ុន ព្រមទាំង​បណ្តា​វិនិយោគិន បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រី​សត​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន Sun Group ។

អគ្គនាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE លោក Leong Boon Hoe មាន​ប្រសាសន៍​ថា ៖ « អចលនទ្រព្យ​របស់​វៀតណាម​សម្រាប់​គម្រោង​កណ្តាល មាន​តម្លៃ​ថោក​ជាង​អចលនទ្រព្យ​នៅ​សិង្ហ​បុរី ។ ជាក់ស្តែង វីឡា​ទំហំ​៣០០​ម៉ែត្រការ៉េ មាន​តម្លៃ​ចន្លោះ​ពី​១២,៦​លាន​ដុល្លារ ទៅ​១៤​លាន​ដុល្លារ​នៅ​សិង្ហ​បុរី បើ​ធៀប​នឹង​វីឡា​ដែល​លក់​ដោយ​ក្រុមហ៊ុន Sun Group នៅ​កោះ Phu Quoc (​កោះត្រល់​)​វិញ មាន​តម្លៃ​ត្រឹមតែ​១​ទៅ​២​លាន​ដុល្លារ​ប៉ុណ្ណោះ » ។

ប្រជាជន​សិង្ហ​បុរី​អាច​មាន​លទ្ធភាព​ជួល​អា​ផាត​មិន​ក្នុង​តម្លៃ​២០.០០០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ដូច្នេះ ពួក​គេ​សុខចិត្ត​ទិញ​វីឡា​លំហែកាយ​ផ្ទាល់ខ្លួន​ក្នុង​តម្លៃ​១៥​លាន​ដុល្លារ​បាន​យ៉ាង​ងាយស្រួល ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Phylicia Ang អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Savills ។

អ្នកស្រី​បន្ថែម​ថា ៖ « វិនិយោគិន​សិង្ហ​បុរី បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​វីឡា​លំហែកាយ​នៅ​វៀតណាម ពីព្រោះ​វីឡា​ទាំងនោះ​មាន​តម្លៃ​ថោក​ជាង​វីឡា​នៅ​តាម
បណ្តា​ប្រទេស​ដទៃ​ទៀត ។ ទោះបីជា​យ៉ាងណា មាន​តែ​គម្រោង​អចលនទ្រព្យ​ដែល​បង្កើត​ដោយ​អ្នក​អភិវឌ្ឍ​ល្បី​ៗ​ទទួលស្គាល់​នៅ​លើ​ពិភពលោក​ប៉ុណ្ណោះ ដែល​អាច​ទាក់ទាញ​វិនិយោគិន​សិង្ហ​បុរី​បាន » ។

ហេតុនេះ​ហើយ​បានជា​គម្រោង​សាងសង់​រី​សត​នៅ​កោះ Phu Quoc របស់​ក្រុមហ៊ុន Sun Group ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​វិនិយោគិន​សិង្ហ​បុរី ។
គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សាងសង់​រី​សត​នៅ​កោះ Phu Quoc នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​រី​សត​ប្រណីត​ជាប់​ចំណាត់ថ្នាក់​លេខ​២​ប្រចាំឆ្នាំ នៃ​ពានរង្វាន់​ទេសចរណ៍​ពិភពលោក ។

បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី​បាន​កោតសរសើរ​ពី​គម្រោង​សាងសង់​រី​សត​ប្រណីត​នៅ​កោះ Phu Quoc យ៉ាង​ខ្លាំង ដោយសារ​តែ​វា​មាន​តម្លៃ​ថោក និង​ផ្តល់​នូវ​ប្រាក់​ចំណេញ​៩% ដល់​អ្នក​ជួល​ដែល​មាន​កិច្ចសន្យា​១០​ឆ្នាំ​ទៀត ផង ៕