សុខភាព &raquo សុខភាព

Stress អាច​រាប់​ចូល​ជា​បញ្ហា​ផ្លូវចិត្ត​មួយ   ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ ជា​ពិសេស​សុខភាព​បេះដូង ។ សភាព​ព្រួយបារម្ភ​ខ្លាំង ការ​ភ័យ​ខ្លាច​ខ្លាំង និង​សម្ពាធ​ផ្លូវចិត្ត​ជាដើម​គឺ​សុទ្ធតែ​ជា​កត្តា​សំខាន់​ៗ​នាំ​ឱ្យ​កើត​មាន Stress ។ ដូច្នេះ​ដើម្បី​លុប​បំបាត់​ភាព​តប់ប្រមល់​គេ​គួរ​ចៀសវាង​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ការ​ព្រួយបារម្ភ​ខ្លាំង ៖ ការ​គិត​ផ្ទួន​ៗ​អំពី​បញ្ហា​អ្វីមួយ​ដោយ​រក​ច្រកចេញ​មិនឃើញ អាច​នាំ​ឱ្យ Stress ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល Stress បង្ហាញខ្លួន វា​ពិតជា​បញ្ហា​ពិបាក​ខ្លាំង​សម្រាប់​បុគ្គល​ជំពូក​នេះ​ក្នុង​ការ​គ្រប់គ្រង​ខ្លួនឯង ។ ចូរ​បើក​ចិត្ត​ឱ្យ​ទូលាយ និង​គិត​ថា​អ្វី​ៗ​ទាំងអស់​នឹង​បាន​ល្អ​ប្រសើរ​នៅ​ទី​បញ្ចប់ ។

២-​ការ​គិត​អវិជ្ជមាន ៖ មនុស្ស​មួយ​ចំនួន​រមែង​មានគំនិត​អវិជ្ជមាន​ឬ​វាយតម្លៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​លើ​ហេតុការណ៍​ដែល​មិន​បានដឹង​មុន ។ ជា​ឧទាហរណ៍ អ្នកខ្លះ​គិត​ថា គ្មាន​លុយ អនាគត​នឹង​មិន​ភ្លឺស្វាង ។ ការ​យកគំនិត​បែប​នេះ​មក​ដាក់​ក្នុង​ខ្លួន យូរ​ៗ​ទៅ​នឹង​បណ្តាល​ឱ្យ​កើត Stress ជា​មិន​ខាន ។ ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ជា​និច្ចកាល​មានគំនិត​អវិជ្ជមាន​គឺ​ប្រឈម​នឹង​ការ​កើត​ជំងឺ​បេះដូង​ដល់​ទៅ​៧៧​ភាគរយ​ធៀប​នឹង​បុគ្គល​វិជ្ជមាន ។

៣-​បែកបាក់​ចំណងមិត្តភាព ៖ ចំណងមិត្តភាព​មិនល្អ ជា​ពិសេស​ចំណងមិត្តភាព​ស្នេហា​ជា​កត្តា​សំខាន់​មួយ​ផង​ដែរ​របស់​ជំងឺ Stress ។ មាន​ពេល​ខ្លះ ការ​នៅ​តែឯង​អាច​ជា​ជម្រើស​មួយ​ល្អ​ដែរ ខណៈ​មាន​គូ​ហើយ​បែកបាក់​នាំ​ឱ្យ​កើត Stress ។

៤-​កំហឹង ៖ ជា​ធម្មតា ខឹង​តិចតួច​មិន​បណ្តាល​ឱ្យ​កើត Stress នោះ​ទេ ប៉ុន្តែ​បើ​បណ្តោយ​ឱ្យ​ខ្លួន​កប់​ក្នុង​កំហឹង​រាល់ថ្ងៃ Stress នឹង​បង្ហាញខ្លួន ។

៥-​ការ​ស្រេកឃ្លាន​ខ្លាំង ៖ មនុស្ស​ស្ទើរ​គ្រប់​រូប​រមែង​មាន​អារម្មណ៍មិនល្អ ឬ​ងាយ​នឹង​មួម៉ៅ​ដោយ​ការ​បង្គាប់បញ្ជា​ណាមួយ ខណៈ​ក្រពះ​របស់​ពួក​គេ​កំពុង​ស្រេកឃ្លាន ។ ដូច្នេះ ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ និង​ត្រូវ​ចំណូល​ចិត្តជា​វិធីសាស្ត្រ​ល្អ​មួយ​លុប​បំបាត់ Stress ។

៦-​ធ្វើការ​ងារ​ដែល​ខ្លួន​គ្មាន​ចំណូលចិត្ត ៖ បុគ្គល​ធ្វើការ​ងារ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​គឺ​មាន​ន័យ​ថា ពួក​គេ​កំពុង​បំផ្លាញ​ខ្លួនឯង​ហើយ ។ នេះ​ក៏​ព្រោះ សម្រាប់​មនុស្ស​ភាគច្រើន​នៅ​ពេល គេ​មិន​ពេញចិត្ត​ធ្វើ​អ្វីមួយ ឬ​ធ្វើ​អ្វីមួយ​ដោយ​បង្ខំ លទ្ធផល​ពិតជា​មិន​បាន​ល្អ​១០០​ភាគរយ​ឡើយ ។

៧-​ភាព​ឯកា​តែ​ម្នាក់ឯង ៖ ភាព​ឯកា​គឺជា​បុព្វហេតុ​ចម្បង​មួយ​របស់ Stress ។ មនុស្ស​តាំងពី​សម័យ​បុព្វ​កាល​តែង​រស់នៅ​ជា​ក្រុម ជា​កុលសម្ព័ន្ធ ។ ដូច្នេះ​សម្រាប់​បុគ្គល​ខ្លះ​ដែល​រស់នៅ​ក្នុង​ជីវិត​ឯកា​នា​ពេល​បច្ចុប្បន្ន​គឺ​អាច​ចាត់​ទុក​ថា​ចម្លែក​និង​ខុស​ពី​ធម្មជាតិ​របស់​សត្វលោក ៕