ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

តូក្យូ ៖​ ​ទីបំផុតទៅកូរ៉េខាងជើងបានបាញ់​សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ​ (long-range ballistic missile) របស់ខ្លួន​ នាព្រឹកថ្ងៃទី០៧​ កុម្ភៈ ២០១៦ ។

នេះបើយោង​តាមគេហទំព័រ NHK World ​របស់ជប៉ុនចេញផ្សាយប្រមាណ១ម៉ោងមុននេះ​ ។ ជាការកត់សម្គាល់ការ​បាញ់មីស៊ីលនាព្រឹកនេះ ​គឺបានធ្វើឲ្យមេដឹកនំាជប៉ុន កូរ៉េខាងត្បូង​និងក្រុមសម្ព័ន្ឋមិត្ត​ជាពិសេសសហរដ្ឋអាមេរិកបានភ្ញាក់ផ្អើល​ស្រឡំាងកាំង ខណៈដែលពួកគេគិតថា​ កូរ៉េខាងជើងនឹងសាកល្បង​មីស៊ីលនេះនៅថ្ងៃទី១៦ កុម្ភៈ ដែលជា​ថ្ងៃកំណើត​របស់លោក​ គីម ជុងអ៊ីល​ ឪពុករបស់ គីម ជុងអ៊ុន ​មេដឹកនំាកំពូលវ័យ​ក្មេងរបស់កូរ៉េខាងជើងនោះ ។

មិនទាន់​មានប្រតិកម្មភ្លាមៗនៅឡើយទេពីមេដឹកនំាពិភពលោក ។​ បើតាមគេហទំព័រជប៉ុនដដែល ​មីស៊ីលកូរ៉េខាងជើងដែលបាញ់នៅព្រឹកថ្ងៃអាទិត្យនេះ ​គឺហោះកាត់ដែន​អាកាស​ជប៉ុនក្នុងខេត្តអូគីណាវ៉ា Okinawa ​ធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ​មានចម្ងាយប្រមាណ​២០០០គីឡូម៉ែត្រភាគខាងត្បូងជប៉ុន ៕