នាយក​វិទ្យាស្ថាន​ខុង​ជឺ និទានរឿង​ចូលឆ្នាំ​ចិន និង​អត្ថន័យ​នៃ​ការរៀបចំ​ផ្សេងៗ​

​ភ្នំពេញ​៖ បុណ្យចូលឆ្នាំ​ចិន​គឺជា​បុណ្យប្រពៃណី​ត្រូវបាន​ប្រជាជន​ចិន​ប្រារព្ធ​ធ្វើ​អស់​រយៈពេល​ប្រមាណ​ជាជាង​៤០០០​ឆ្នាំ​មកហើយ ពោលគឺ​ចាប់ផ្ដើម​ចាប់តាំងពី​ជាង​២០០០​ឆ្នាំមុន​គ​.​ស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ជា មុនី​ឫទ្ធិ​។​

​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​ភ្ជាប់​ជាមួយ​រឿងនិទាន​មួយ​បាន​ដំណាល​ថា កាលពី​ជាង​២០០០​ឆ្នាំមុន​គ​.​ស មាន​សត្វ​ម្យ៉ាង​ឈ្មោះ​ជា​ភាសា​ចិន​ថា សត្វ​នៀ​ន ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា សត្វ​ឆ្នាំ ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ខែរងារ វា​តែងតែ​ចេញមក​ភូមិ​អ្នកស្រុក​ដើម្បី​ស៊ីម​នុស្ស​។

​ដល់​ខែរងា​ម្ដងៗ​អ្នកភូមិ​តែងតែ​នាំគ្នា​រត់គេចខ្លួន​អស់​ដើម្បី​រក្សា​ជីវិត​ពី​សត្វ​កំណាច​មួយ​នេះ​។ នៅក្នុង​ឆ្នាំ​មួយ​នោះ​មាន​ព្រឹត្តិការណ៍​មួយ​បាន​កើតឡើង គឺ​ដល់​រដូវរងា អ្នកភូមិ​បាន​រត់គេចខ្លួន​អស់ មានតែ​តា​ចាស់​ម្នាក់​មិនបាន​រត់គេចខ្លួន​នោះទេ គឺ​គាត់​នៅ​អាំងភ្លើង ហើយ​សត្វ​នៀ​ន​ឬ​សត្វ​ឆ្នាំ បាន​ទៅ​ដូច​រាល់​ឆ្នាំ​ហើយ​បំណង​មក​ស៊ី​តា​ចាស់​ម្នាក់​នោះ​ដែល​កំពុង​អង្គុយ​អាំងភ្លើង​។ ប៉ុន្តែ​ពេល​មក​ជិត​ដល់​សត្វ​នោះ​ស្រាប់តែ​រត់​បាត់ ហើយ​អ្នកភូមិ​ក៏​ឆ្ងល់​ថា​ហេតុអ្វី​ជា​សត្វ​នោះ​ខ្លាច​តា​ចាស់​ម្នាក់នេះ​?

​ប្រហែល​ជាទី​១ អាចមកពី​ភ្លើង ទើប​ធ្វើ​ឲ្យ​សត្វ​នោះ​រត់​។ ទី​២​ឬ​មកពី​ភ្លើងពណ៌​ក្រហម ទើប​ធ្វើ​ឲ្យ​សត្វ​នោះ​វារ​ត់​។ ទី​៣ អាចមកពី​សត្វ​នោះ​ខ្លាច​សម្លេង​ដែល​ឮសូរ ពី​ការដុត​ដើម​ឬ​ស្សី ព្រោះ​ឬ​ស្សី​នៅពេល​គេ​ដុត​វា​ធ្វើ​ឲ្យ​ឮ​សំឡេង​។ នៅ​ឆ្នាំ​បន្តរ​បន្ទាប់​អ្នកភូមិ​ក៏​ធ្វើ​បែប​នោះ​ដោយ នាំគ្នា​លាប​ផ្ទះ​ពណ៌​ក្រហម ដុត​ភ្លើង ហើយ​ដាក់​សំឡេង​ឲ្យ​ផ្ទុះ ហើយ​សត្វ​នោះ​ក៏​មិន​មក​មែន​។

​ចាប់តាំងពី​ពេលនោះ​មក ប្រជាជន​ចិន​ក៏​តែងតែ​នាំគ្នា​ធ្វើបែបនេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រហូតមក​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​គេ​ប្រើ​ច​ង្គៀ​ង​គោម ដោយមាន​លាប​ពណ៌​ក្រហម និង​ដុត​ផាវ​បង្កើតជា​សំឡេង​ផ្ទុះ​ជា​រៀងរាល់ឆ្នាំ​មក ដែល​តំណាង​លាប​ផ្ទះ​ពណ៌​ក្រហម ដុត​ភ្លើង ហើយ​ដាក់​សំឡេង​ឲ្យ​ផ្ទុះ​នោះ​។ នេះ​ជាការ​លើកឡើង​របស់លោក ជា មុនី​ឫទ្ធិ ។​

​លោក ជា មុនី​ឫទ្ធិ ក៏បាន​បញ្ជាក់បន្ថែម​ពី​អត្ថន័យ​ទាក់ទង​របស់​មួយចំនួន ដែល​គេ​ប្រើប្រាស់​នៅក្នុង​ការរៀបចំ​ពី​ធី​បុណ្យចូលឆ្នាំ​នេះ​ផងដែរ​។ លោក​បាន​ពន្យល់ថា​៖ «​អាំង​ប៉ាវ​គឺជា​ក្រដាស​ក្រហម​ដែល​ប្រើ​សម្រាប់​ជូនពរ​គ្នា​។ កាលពី​សម័យបុរាណ​គេ​ប្រើ​ក្រដាស់​ក្រហម​នេះ ដោយសារ​ពណ៌​ក្រហម តំណាង​ឲ្យ​ភាពសម្បូរ​សប្បាយ ភាពរុងរឿង និង​ដើម្បី​កម្ចាត់​ឧបទ្រព​ផ្សេងៗ ប៉ុន្តែ​ក្រោយមក​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត គេ​ក៏​ចាប់ផ្ដើម​ដាក់​លុយ​»​។​

​ទាក់ទង​នឹង​របាំ​ម៉ុង​សាយ​សត្វ​តោ និង​សត្វ​នាគ លោក មុនី​ឫទ្ធិ បញ្ជាក់ថា វា​មានន័យថា​ជា​អ្នកការពារ ហើយ​គេ​យក​របាំ​ពីរ​នេះ​មក​សម្ដែង​ដើម្បី​កម្ចាត់​ឧបទ្រព ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ​ជាដើម​។ ព្រោះ​តោ តំណាង​ជាស​ត្វ​ការពារ ចំណែក​នាគ​តំណាង​ឲ្យ​សត្វ​មួយ​ដែលមាន​ភាពខ្លាំង​ខ្លា​លើសគេ ។​

​ដោយឡែក​មុខម្ហូប​សំខាន់ៗ​បួន​ប្រភេទ​ដូចជា គាវ​, ត្រី​, នំ​ឡើង​,​និង នំ​អ៊ី គឺជា​មុខម្ហូប​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​។ មុខម្ហូប​ទាំងនេះ​មាន​អត្ថន័យ​ដូចជា​៖ គាវ ជា​ប្រភេទ​ម្ហូប​ដែល​គេ​ខ្ចប់​ដូចជា​លុយ​ចិន​សម័យបុរាណ ហើយ​ពេលខ្លះ​គេ​ដាក់​កាក់​នៅ​ខាង​ក្នុងនោះ​ទៀត នៅពេលដែល​គេ​ញាំ​ទៅបាន​ប៉ះចំ​កាក់ នោះគេ​គិតថា នៅ​ឆ្នាំនេះ​គេ​នឹងមាន​សំណាងល្អ​។

​ចំណែក​ត្រី នៅក្នុង​សូរសំឡេង​ភាសា​ចិន ពាក្យ​ត្រី​នេះ​មានន័យថា បរិបូណ៌ ហូរហៀរ​។ រីឯ នំ​ឡើង តំណាង​ឲ្យ​ភាព​ខ្ពង់ខ្ពស់ ភាពរុងរឿង រកស៊ី​មានបាន ឡើង​មុខនាទី ឡើងបុណ្យ​ស​ក្កិ​ជាដើម​។ យ៉ាងណា​ម៉ិ​ញ នំ​អ៊ី  ដោយសារ​នំ​នេះ មាន​រាង​មូល​នៅក្នុង​ភាសា​ចិន មានន័យថា​ច្រើន គឺ​គេ​សំដៅ​ដល់​ការ​មាន​លុយ​ច្រើន​ជាដើម​។

​រីឯ រសជាតិ​ផ្អែម​របស់​នំ​អ៊ី​នេះ​គឺ តំណាង​ឲ្យ​ការរស់នៅ​ក្នុង​គ្រួសារ មានការ​ស្រឡាញ់គ្នា ផ្អែមល្ហែម​ជាមួយគ្នា​ជាដើម​។ ជារួម​មុខម្ហូប​ទាំង​បួន នេះ​គឺ​តំណាង​ឲ្យ សំណាងល្អ ភាព​សម្បូរហូហៀរ ភាពរុងរឿង មានបុណ្យ​ស​ក្កិ​ល្អ មាន​លុយកាក់​ច្រើន គ្រួសា​រស់នៅ​មាន​សុខ​សុភមង្គល​ជាមួយគ្នា​។​

​នៅក្នុង​បុណ្យចូលឆ្នាំ​ចិន​នេះ គេ​តែងតែ​ឃើញ​មានមុខ​ម្ហូប​មួយ​មុខ​ទៀត​នោះ​គឺ មីឆា​។ ការដែល​គេ​តែងតែ​ធ្វើ​មីឆា​នេះ​គឺ​ដោយសារតែ ទី​១. ជនជាតិ​ចិន​ជា​អ្នក​ចូលចិត្ត​បរិភោគ​មី ហើយ​ម្យ៉ាងវិញទៀត​ដោយសារតែ ចិន​មាន​ស្រូវ​អង្ករ​តិច ហេតុនេះ​គេ​ក៏​កិន​អង្ករ​ដែល​ទទួលបាន​ទៅជា​ម្សៅ ហើយ​ធ្វើជា​មី​ទៅ នឹង​បាន​ច្រើន​។ ចំណែក​ទី​២. ដោយសារ​គេ​គិត​សរសៃ​មី​វែង ហេតុនេះ​តំណាង​ឲ្យ​អាយុ​វែង​។ នៅពេលដែល​គេ​បរិភោគ​មី នោះ​នឹងធ្វើ​ឲ្យ​គេ​មាន​អាយុ​វែង​ជាដើម ទើប​ពេល​ហូប​មី​គេ​មិន​ឲ្យ​កាត់​ទេ​ព្រោះ​ខ្លាច​ដាច់​អាយុ​។
​ចំណែក សម្លរ​ចាប់ឆាយ ក៏​ជា​មុខម្ហូប​មួយ​មុខ​ផ្សេងទៀត​ដែល​គេ​តែងតែ​ឃើញ​មាន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ផងដែរ​។

​លោក ជា​មុន្នី​ឫទ្ធិ បាន​អះអាងថា មូលហេតុ​ដែល​គេ​ដាក់ឈ្មោះថា​សម្លរ​ចាប់ឆាយ គឺ​ដោយសារ​គេ​យក​សម្លរ​ដែល​សល់ៗ​មក​បញ្ចូល​គ្នា ដើម្បី​រក្សាទុក​កុំ​ឲ្យ​ផ្អូម ព្រោះ​នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​គឺ​មិនបាន​ទៅ​ផ្សារ​នោះទេ​។ នៅពេលដែល​គេ​បញ្ចូល​មុខម្ហូប​ចូលគ្នា​ច្រើន​មុខ​បែបនេះ គេ​ក៏​មិនដឹង​ជា​ដាក់ឈ្មោះថា​ជា​មុខម្ហូប​អី ក៏​ដាក់ឈ្មោះថា​ជា សម្លចាប់ឆាយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​