សហគមន៍​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​ព្រៃ​ឈើ​និង​មន្ត្រី​មូលដ្ឋាន​ថា​មិន​ការពារ​ព្រៃ​ឈើ

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ​នៅ​មូលដ្ឋាន​ឲ្យ​គង់វង្ស ថែម​ទាំង​បើក​ដៃ​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី​តាម​អំពើ​ចិត្ត។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សហគមន៍​ភូមិ​អន្លង់ក្រមួន ប្រទះ​ឃើញ​ឈ្មួញ​សម្រុក​កាប់​ព្រៃ​រាន​យក​ដី​ជាច្រើន​ហិកតារ​ជាច្រើន​ឆ្នាំ​កន្លង​មក រហូត​បច្ចុប្បន្ន​ពុំ​មាន​ការ​ទប់ស្កាត់​ឡើយ។

សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន ស្រុក​ថាឡាបរិវ៉ាត់ រិះគន់​ពី​ភាព​ព្រងើយ​កន្តើយ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អាជ្ញាធរ​ភូមិ-ឃុំ និង​ស្រុក ថា​មិន​មាន​ឆន្ទៈ​អភិរក្ស​ព្រៃ​សហគមន៍។

សមាជិក​សហគមន៍​ភូមិ​អន្លង់ក្រមួន លោក ថាន់ វ៉ន រៀបរាប់​ថា បច្ចុប្បន្ន ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មួយ​ផ្នែក​ធំ បាន​ក្លាយ​ជា​វាល និង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន ក្នុង​នោះ​មួយ​ផ្នែក​ជា​កម្មសិទ្ធិ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់។ លោក​ថា បច្ចុប្បន្ន ព្រៃ​សហគមន៍​ប្រមាណ ៤០០​ហិកតារ កំពុង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​របស់​ឈ្មួញ​ឈ្មោះ មាស សុខសាន និង ដេត អាជ្ញាធរ​ឃុំ-ស្រុក និង​ពលរដ្ឋ​ចំណាក​ស្រុក បន្ទាប់​ពី​កម្មករ​សម្រុក​កាប់​រាន​ឲ្យ​ក្លាយ​ទៅ​ជា​ទី​វាល៖ «កាប់​ខ្ទេចខ្ទី​អស់​ហើយ។ ថ្ងៃ​មុន​ខ្ញុំ​ឃើញ​អ្នក​កាប់ ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្រុក បើ​ចៅហ្វាយ​ស្រុក​ថា មុន​នឹង​ធ្វើ​អី​ឲ្យ​ជូន​ដល់​គាត់។ ដល់​ជូន​ដល់ គាត់​ជិត​មួយ​ខែ​ហើយ​មិន​ទាន់​មាន​ប្រតិកម្ម​កើត​ឡើង​ផង។ សុំ​ឲ្យ​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​មើល​មេ​ភូមិ និង​មេ​ឃុំ​ឡើង​វិញ»

លោក ថាន់ វ៉ន សង្កត់​ធ្ងន់​ថា ភាព​ហិនហោច​បាត់បង់​ព្រៃ​សហគមន៍​នេះ គឺ​ជា​ចេតនា​មិន​អើពើ​របស់​អាជ្ញាធរ​ភូមិ-ឃុំ និង​ស្រុក រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដែល​បណ្តោយ​ឲ្យ​ឈ្មួញ​ជួល​កម្មករ​សម្រុក​កាប់​រាន​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន នៅ​តែ​ពុំ​មាន​ការ​ទប់ស្កាត់​ឡើយ។ លោក​ចាត់​ទុក​ការ​បាត់បង់​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ដូចជា​ការ​កាត់​ផ្តាច់​ដង្ហើម​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដ្បិត​ប្រាក់​ចំណូល​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ បាន​មក​ពី​អនុផល​ព្រៃ​ឈើ គឺ​ដង​ជ័រ​ទឹក ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ រក​ឃ្មុំ និង​បោច​វល្លិ ជាដើម៖ «រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ថាឡាបរិវ៉ាត់ មិន​ឃើញ​មាន​ការ​ទប់ស្កាត់​អី​ទេ មាន​តែ​ការពារ​ជនល្មើស។ ពេល​ល្ងាចៗ​មើល​តាម​ដង​ផ្លូវ​ទៅ ផ្លូវ​ទៅ​ឃុំ​ចម្ការ​លើ ហើយ​ផ្លូវ​មក​យើង​នេះ លប​មើល​ទៅ​ឃើញ​សំកុក​ចាំ​តែ​យក​លុយ​ពួក​អ្នក​កាប់​ឈើ​លក់»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​ធ្លាប់​រាយការណ៍​ទៅ​មន្ទីរ​រដ្ឋបាល​ព្រៃ​ឈើ តែ​ពុំ​មាន​ចំណាត់​ការ។ លោក​ថា ពលរដ្ឋ​ចំណាក​ស្រុក​បាន​សម្រុក​មក​ទិញ​ដី​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​កាប់​រាន​ពង្រីក​ផ្ទៃ​ដី​ជាច្រើន​គ្រួសារ ដែល​បង្ក​ការ​លំបាក​ដល់​ការ​ទប់ស្កាត់​របស់​អាជ្ញាធរ៖ «ព្រៃ​នោះ គឺ​ពលរដ្ឋ​គាត់​រុក​រាន​ដោយ​ភាព​អនាធិបតេយ្យ​ដោយ​ខុស​ច្បាប់។ ដូច្នេះ​ហើយ គាត់​ចោទ​តែ​អាជ្ញាធរ។ ចំណែក​អាជ្ញាធរ​រាយការណ៍​ទៅ​ជំនាញ គេ​តាំង​ពី​រដ្ឋបាល​ព្រៃ​ឈើ និង​ស្រុក ប៉ុន្តែ​ខាង​លើ​គេ​ធ្វើ​កន្តើយ​ព្រងើយ»

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃ​ដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​ផែនទី​កំណត់​ទំហំ​ផ្ទៃ​ដី​គ្រប់គ្រង​រៀបចំ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហគមន៍​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​នេះ និង​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់​ខាន ដោយ​លោក​អតីត​អភិបាល​ស្រុក​បដិសេធ។

សហគមន៍​ភូមិ​អន្លង់ក្រមួន ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ឃុំ និង​អ្នក​ពាក់ព័ន្ធ​ជា​ឈ្មួញ​ចំនួន​ពីរ​នាក់​ទៀត គឺ​ឈ្មោះ មាស សុខសាន និង ដេត ទៅ​តំណាង​អយ្យការ​ខេត្ត​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៣ ពី​បទ​រួម​គំនិត​បើក​ដៃ​ឲ្យ​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ ហើយ​រហូត​បច្ចុប្បន្ន ពាក្យ​បណ្ដឹង​នោះ តុលាការ​មិន​ទាន់​ជំនុំ​ជម្រះ​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​យល់​ថា អាជ្ញាធរ​ខេត្ត​គួរ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​សហគមន៍​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​ដោយ​ស្រប​ច្បាប់ និង​ប្រើប្រាស់​ជា​សមូហភាព បន្ទាប់​ពី​សហគមន៍​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​ស្រុក​កន្លង​ទៅ។ លោក​ថា ការ​ពន្យារ​ពេល​ផ្តល់​សិទ្ធិ​ឲ្យ​សហគមន៍​គ្រប់គ្រង​ដី​ព្រៃ​សមូហភាព​សហគមន៍ គឺ​ជា​ឱកាស​ឲ្យ​ឈ្មួញ​មាន​អំណាច និង​មន្ត្រី​មួយ​ចំនួន​បន្ត​កាប់​រាន​ព្រៃ​សហគមន៍៖ «ផ្ដន្ទាទោស​មួយ​ដូចជា​កាប់​ព្រៃ ឬ​ជួញ​ដូរ​ឈើ​អី ត្រូវ​ជាប់​គុក​ប៉ុណ្ណេះ​ឆ្នាំ? ចឹង​ពួក​ឧក្រិដ្ឋជន​ក្រោយ​វា​ខ្លាច​ខ្លះ​ដែរ ប៉ុន្តែ​នេះ​រាប់​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​មាន​យក​ឧក្រិដ្ឋជន​មក​ផ្ដន្ទាទោស​នោះ​ទេ»

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែន​ដី ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​បទល្មើស​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។