ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​អា​ផាត​មិន​ឯកជន កាលពី​ឆ្នាំ​មុន​មាន​ស​ន្ទ​ស្សន៍​ធ្លាក់​ចុះ​យឺត​ជាង​ឆ្នាំ​២០១៤ ។ ក្នុង​នោះ​ដែរ ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​នៅ​សិង្ហ​បុរី បាន​ធ្លាក់​ចុះ​បន្តិច​ក្នុង​អត្រា​០,៤%​កាលពី​ខែ​មុន ដែល​បាន​អូស​ទាញ​តម្លៃ​ផ្ទះ​ពេញ​មួយ​ឆ្នាំ​ឱ្យ​ធ្លាក់​ចុះ​៣,៣% បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​៥%​កាលពី​ឆ្នាំ​២០១៤ ។

ជាមួយ​គ្នា​នេះ​ដែរ ស​ន្ទ​ស្សន៍​នៃ​ការ​ធ្លាក់​ចុះ គឺ​មាន​អត្រា​យឺត​ជាង​ការ​ធ្លាក់​ចុះ​ដែល​កត់ត្រា​ក្នុង​ស​ន្ទ​ស្សន៍​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន ។ កាលពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ​ដល់​៣,៧% ដែល​មាន​អត្រា​តិច​ជាង បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​ដល់​៤% នៅ​ឆ្នាំ​២០១៤ ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន CBRE ប្រចាំ​សិង្ហ​បុរី និង​តំបន់​អាស៊ី​អាគ្នេយ៍ លោក Desmond Sim លើក​ឡើង​ថា ៖ « ទីផ្សារ​បាន​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​ហើយ​ដែល​ភាគហ៊ុន​មិន​ទាន់​លក់​ចេញ​ត្រូវ​បាន​លុប​ចោល ។ ក្នុង​រយៈពេល​១២​ខែ​ទៀត​នឹង​មាន​គម្រោង​សាងសង់​អចលនទ្រព្យ​កាន់តែ​តិច ដោយសារ​តែ​ដី​សាងសង់​ត្រូវ​បាន​កាត់​បន្ថយ ។ ប្រសិនបើ​តម្រូវការ​មាន​ប្រមាណ​៧.០០០​យូ​នី​ត​ដូច​ឆ្នាំ​នេះ ពួក​យើង​នឹង​ឃើញ​ការ​ប្រែប្រួល​នៃ​កម្រិត​ភាគហ៊ុន​ដែល​មិន​ទាន់​លក់​ហើយ»។

តម្លៃ​អា​ផាត​មិន​ឯកជន​នៅ​ចំ​កណ្តាល​ទីក្រុង​បាន​ធ្លាក់​ចុះ​៣,៥% កាលពី​ឆ្នាំ​មុន បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​ធ្លាក់​ចុះ​ដល់​៥,៧% ឯណោះ​។ នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​នៃ​តម្លៃ​ផ្ទះ​សិង្ហ​បុរី ។ ចំណែក​តម្លៃ​អា​ផាត​មិន​ឯកជន ដែល​មិន​ស្ថិត​នៅ​កណ្តាល​ក្រុង​វិញ​បាន​ធ្លាក់​ចុះ​៣% កាលពី​ឆ្នាំ​មុន ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​មាន​អត្រា​៤,៥% ។

លោក Desmond Sim បាន​មាន​ប្រសាសន៍​ទៀត​ថា ៖ « វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​តម្លៃ​នៅ​តំបន់​កណ្តាល​ក្រុង​បាន​បន្ត​ធ្លាក់​ចុះ​ជា​ថ្មី​នេះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់ និង​ការ​បញ្ចុះតម្លៃ​កាន់តែ​ច្រើន » ។

ជាក់ស្តែង អា​ផាត​មិនតូច​ៗ​ដែល​មាន​ទំហំ​ចាប់ពី​៥០៦​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​នៅ​ឆ្នាំ​មុន ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ក្នុង​អត្រា ៤,៣% ច្រើន​ជាង​ការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៤ ដែល​មាន​អត្រា​៤,១% ។

ការ​ធ្លាក់​ចុះ​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​តម្រូវការ​ខ្សោយ និង​ការ​វិនិយោគ​នៅ​មាន​កម្រិត ខណៈ​វិនិយោគិន​មានការ​ខកចិត្ត​លើស​ពី​អ្វី​ដែល​គេ​បាន​រំពឹង​ទុក ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Alice Tan ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​ក្រុមហ៊ុន​សិង្ហ​បុរី Knight Frank ។

លោកស្រី​បន្ថែម​ថា ៖ « នៅ​ពេល​តម្រូវការ​ទីផ្សារ​ចុះ​ខ្សោយ អ្នក​ជួល​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជួល​អា​ផាត​មិន​ដែល​មាន​ទំហំ​ធំ​ជាង ហើយ​គ្រាន់តែ​ចំណាយ​លើស​ការ​ជួល​អា​ផាត​មិន​ទំហំ​តូច​ៗ​តែ​បន្តិច​ប៉ុណ្ណោះ ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​អា​ផាត​មិនតូច​ៗ​បាត់បង់​ឱកាស​ទាក់ទាញ​អ្នក​ជួល​របស់​ខ្លួន » ។

ទោះជា​យ៉ាងណា អ្នកជំនាញ​ឲ្យ​ដឹង​ថា ពួក​គេ​ជឿជាក់​ថា តម្លៃ​អា​ផាត​មិន​នៅ​ឆ្នាំ​នេះ​នឹង​ធ្លាក់​ចុះ ដោយសារ​តែ​ភាគហ៊ុន​ចុះថ្លៃ ហើយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​អាប់អួរ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកបញ្ជា​ទិញ ៕