ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ពិនិត្យ​ឃើញ​ពី​សកម្មភាព​របស់​កងកម្លាំង​នគរបាល​ខេត្ត​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ដែល​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ ​នៅ​​រាត្រី​ថ្ងៃ​ទី​៥​ កុម្ភ​:​ ​២០១៦ ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ក្រុមការងារ​ខេត្ត​​ចុះ​ជួយ​ក្រុង​សិរី​សោភ័ណ​ ​ចុះ​សួរសុខទុក្ខ​នគរ​បាល​យាម​ល្បាត​ពេល​យប់​តាម​គោលដៅ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នៅ​សង្កាត់​នានា​ក្នុង​ក្រុង ​។

លោក ​លី សារី អភិបាលរង​​​ខេត្ត​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ក្រុង​សិរី​សោភ័ណ ​និង​មន្ត្រី​ រួម​ជាមួយ​សប្បុរសជន បាន​ចុះ​ទៅ​សួរ​ទុក្ខ ដើម្បី​លើកទឹកចិត្ត​និង​ផ្តល់​អំណោយ​ជា អាហារ ទឹក ភេសជ្ជ​: ​និង​​ប្រាក់​មួយ​ចំនួន​ដល់​កម្លាំង​នគរបាល​ដែល​ល្បាត និង​ឈរជើង​តាម​គោលដៅ​ចំនួន​៩ ក្នុង​សង្កាត់​មួយ​ចំនួន​ នៃ​ក្រុង​សិរី​សោភ័ណ​ ។

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​​មាន​ប្រសា​ស​ន៍ថា​ ​កម្លាំង​នគរបាល​ផែន ​និង​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន ​អធិការដ្ឋាន​ស្រុក​/​ក្រុង​ ​បញ្ជាការដ្ឋាន​វរ​​សេនា​តូច​ការពារ​ព្រំដែន​ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ/សង្កាត់​ទូ​ទាំង​ខេត្ត ​ត្រូវ​បាន​ដាក់​ផែនការ​និង​បទបញ្ជាឱ្យ​​គ្រប់គ្រង ទទួលខុសត្រូវ​ ​និង​​អនុវត្ត ការងារ​ស្នូល ​គឺ​ត្រូវ​អន្តរា​គម​ន៍​ក្នុង​ការ​ទប់ស្កាត់ បង្កា បង្ក្រាប​បទល្មើស​ និង​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ និង​សង្គម​ទៅ​គ្រប់​គោលដៅ​នៅ​ទូទាំង​ខេត្ត ​ទាំងថ្ងៃទាំងយប់ ​។ ​ដោយឡែក​ ក្នុង​ក្រុង​សិរី​សោភ័ណ​ កម្លាំង​នគរបាល​មូលដ្ឋាន​ និង​ជំនាញ​នានា ​និង​​កម្លាំង​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក ត្រូវ​យក​មក​ជួយ​ឈរជើង​​ផ្លាស់​វេន​គ្នា​ក្នុង​១​ស​ប្តា​ហ៍ម្ត​ង​​ ។

ជាមួយ​គ្នា​នោះ​ដែរ ​មតិ​សាធារណ​ជន ប្រជាជន ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ក៏​ដូច​ជា​ក្នុង​ក្រុង​សិរី​សោភ័ណ​មា​ការ​គាំទ្រ ពេញចិត្ត​ និង​ថ្លែងអំណរគុណ​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងកា​រនាប​ច្ចប្ប​ន្ន​ដែល​បង្កើន​ការ​ល្បាតយាមកាម​យ៉ាង​សកម្មធ្វើ​ឱ្យ​​មូលដ្ឋាន​មាន​ការ​កក់ក្តៅស្ងប់ស្ងាត ​។​ ក្នុង​នោះ​សប្បុរសជន​ជា​ច្រើន​បាន​បរិច្ចាគ​​ប្រាក់​ សម្ភារ​ជួយ​សង់រោង​ និង​សំយាប​ជម្រក​ដល់​នគរបាល​ដើម្បី​កម្លាំង​ឈរ​ប្រចាំការ​បន្ថែម​ពីលើ​ប៉ុស្តិ៍​រដ្ឋបាល អធិការដ្ឋាន និង​ស្នងការដ្ឋាន ដែល​មាន​ស្រាប់​ ។

​លោក ​លី សារី​ ​​និង​មន្ត្រី​ក្រុមការងារ រួម​ទាំង​សប្បុរសជន​​សូម​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​ដែល​បំពេញការងារ​បាន​ល្អ​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់ ​។

​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ លោក​ ​មន្ត្រី​ក្រុមការងារ សប្បុរសជន​បាន​ផ្តល់​ដល់​កងកម្លាំង​នូវ​ភេសជ្ជ​: ​ដូច​ជា ​ទឹក​បរិ​សុទ្ធ ទឹកក្រូច ទឹក​ផ្លែ​ឈើ​ និង​​​ប្រាក់​​មួយ​ចំនួន​ផង​ដែរ ​៕