ស្ត្រី​កម្សត់​ ដេក​រង់ចាំ​ក្តីមេត្តា​ពី​សប្បុរសជន​

Doliprane TVC

​នៅតាម​តំបន់​ជនបទ​ស្រុក​ស្រែចម្ការ​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​មាន​ច្រើនណាស់ តែ​គ្រួសារ​អ្នកក្រីក្រ​ទាំងនោះ​អាច​រិះរកដោះស្រាយ​ចម្អែត​ក្រពះ​មួយពេលៗ​បាន​ដោយសារ​គ្មាន​ជំងឺ​តាម​យាយី ។ ដោយឡែក​សម្រាប់​គ្រួសារ​មួយ​នេះ​វិញ​គឺ​ជួប​ភាព​ទីទ័លក្រ​រកតែ​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ផង ដោយសារតែ​ខ្លួន​ឈឺ​ដេក​មួយកន្លែង​នៅលើ​កន្ទេល​ក្នុង​កូនខ្ទម​ធ្លុះធ្លាយ​បាក់បែក​រង់ចាំតែ​ក្តី​មរណៈ​ដោយសារតែ​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង គ្មាន​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ ។ ជាងនេះទៅទៀត​កូនស្រី​ដែល​ទើបនឹង​កើត​បាន ៨ ខែត្រូវ​ពឹង​លើទឹក​បបរនិងស្ករ​ពី​អ្នកជិតខាង​ឱ្យ​បៅ​ជំនួស​ទឹកដោះ ។ប្រជាពលរដ្ឋ​ខ្មែរ​តែងតែមាន​ទស្សនៈ​មួយ​ថា​«​បើ​ក្រ​ក៏​ក្រ​ចុះ តែ​សុំ កុំឱ្យ​តែ​ឈឺ​!» ជាក់ស្តែង​មិន​ខុសពី​ស្ត្រី​ម្នាក់នេះ​ទេ​ក្រ​ហើយ​នាង​ធ្លាក់ខ្លួន​ឈឺ​ទៀត ពិតជា​គួរឱ្យ​អាណិត​ដល់​នាង​យ៉ាងខ្លាំង ។

ស្ត្រី​កម្សត់​ ដេក​រង់ចាំ​ក្តីមេត្តា​ពី​សប្បុរសជន​

ស្ត្រី​ដ៏​កម្សត់​រូបនេះ​ឈ្មោះ ឈៀង ឈ​យ អាយុ ២៦ ឆ្នាំ នៅក្នុង​កូនខ្ទម​ធ្លុះធ្លាយ​បាក់បែក ជញ្ជាំង​បាំងបិទ​ដោយ​ស្លឹកត្នោត និង កំណាត់សំពត់​តង់ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​អ្នក​នៅក្នុង​ភូមិ ផង​របង​ជាមួយ​តែងតែ​ឮ​សំឡេង​ដង្ហោយហៅ​សុំ​ការសន្តោសប្រណី​ដាក់​ទាន​ពី​អ្នកជិតខាង ។​ ​នៅពេលដែល​ចូលទៅ​ដល់​កូនខ្ទម​ដ៏​កម្សត់​នោះ​អ្នកយកព័ត៌មាន របស់​យើង​បានឃើញ​ស្ត្រី​រូបនេះ​កំពុងតែ​ដេក​ស្តូកស្តឹង​រាងកាយ​ស្គមស្គាំងគ្របដណ្តប់​ដោយ​ស្បែក​ជ្រីវជ្រួញ​ដោយសារតែ​ឥតមាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំកាយ ។

ស្ត្រី​កម្សត់​ ដេក​រង់ចាំ​ក្តីមេត្តា​ពី​សប្បុរសជន​

លោកគ្រូ រ៉ា ដែលជា​អ្នក​ជួយ​យកអាសា​ផ្តល់​ចំណីអាហារ​ហូបចុក និង ធ្លាប់​នាំ​ស្ត្រី​រូបនេះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ នាពេល​កន្លងមក​ដែរ​នោះបាន​ប្រាប់​ឱ្យដឹងពី​ប្រវត្តិ​ស្ត្រី​អភ័ព្វ​នេះ​ថា ស្ត្រីនេះ​មាន​បងប្អូន ៣ នាក់ (​ប្រុស ២) នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ចាស់ជរា ។ ដោយសារតែ​គ្រួសារ​របស់​នាង​ពុំមាន​បង្គោល​រឹងមាំ​នោះបាន​ធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់​នាង​ដុនដាប​ងើប​មិន​រួច​ឡើយ ពោលគឺ​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​មានការ​ខ្វះខាត​យ៉ាងខ្លាំង ដូច្នេះហើយ​ការសិក្សា​របស់​នាង​មិនបាន​ជ្រៅជ្រះ​ដូច​អ្នក​នៅក្នុង​ភូមិ​នោះឡើយគឺ​នាង​បាន​បោះបង់ចោល​សាលារៀន​មកជួយ​ធ្វើ​កិច្ចការ​ផ្ទះ និង ដើរ​ស៊ីឈ្នួល​គេ​យកប្រាក់​ចិញ្ចឹម​ម្តាយ​ជរា ។

ដល់​វ័យ ២២ ឆ្នាំ ដោយជីវភាព​ទីទ័លក្រ​ពេក ស្របពេលនោះ​អ្នក​នៅក្នុង​ភូមិ​ជាមួយ​គេ​ចេញទៅធ្វើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​នាក់ ហើយ​ពេល​គេ​ត្រឡប់មកវិញ​ភាគច្រើន​សុទ្ធ​តែមាន​ប្រាក់ ចាយវាយ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ឱ្យបាន​រីកចម្រើន ។ ឃើញ​ដូច្នេះ​ដោយ​ចង់ឱ្យ​ជីវភាព​ម្តាយ​បាន​ធូរធារ​នឹង​គេនាងក៏​សម្រេចចិត្ត​ទៅធ្វើ​ការ​តាម​ផ្ទះ​ឱ្យគេ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដូច​អ្នក​ស្រុកភូមិ​ដែរ ។​ ការគិត​ប៉ង​របស់​នាង​មិនបាន​សម្រេច​ដូច​បំណង​នោះទេ ពេលដែលនាង​បាន​ចេញទៅ​មិនទាន់​ទាំង​ដល់ពេល​កំណត់​ផង​នោះ នាង​ត្រូវបាន​ថៅកែ​បញ្ជូនមក​ស្រុក​វិញ​ទាំង​រូប​កាយ​ស្គមកំព្រឹង និង គ្មាន​ប្រា​ក់មួយ​សេន​ឡើយ ជាមួយនឹង​សតិ​មិន​ដូច​ពីមុនគឺ​នាង​ចេះតែមាន​អារម្មណ៍​តក់ស្លុត​ចេះតែ​ខ្លាច ការនិយាយស្តី​ម្តង​ត្រូវ​ម្តង​ខុស ។

ស្ត្រី​កម្សត់​ ដេក​រង់ចាំ​ក្តីមេត្តា​ពី​សប្បុរសជន​

លោកគ្រូ​បន្តទៀតថា​ពេលដែល​នាង​ត្រឡប់មកវិញ​ក្នុងស្ថានភាព​បែបនេះ ហើយ​ជីវភាព​កាន់តែ​ដុន​ដាប​ជាង​មុន​ផង​នោះ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​នាង​ក៏​ត្រូវបាន​បុរស​ពោះម៉ា​យ​ម្នាក់​ដែលមាន​អាយុ​រហូតដល់​ទៅជិត ៥០ ឆ្នាំ ដែលមាន​ជីវភាព​ក្រីក្រ ដូចគ្នា​បាន​ស្រ​ឡា​ញ់យក​ធ្វើជា​ប្រពន្ធរួម​រស់នៅ​ជាមួយគ្នា​ដោយ​មិនបានការ​រៀបការ​សែនព្រេន​អ្វី​នោះទេ ដោយសារតែ​ក្រ​គ្មាន​ប្រាក់កាស​រៀបចំ ។ ក្រោយពី​រួមរស់​នៅ​ជាមួយគ្នា​បាន​មួយឆ្នាំស្របពេល​ដែល​នាង​មាន​ផ្ទៃពោះ ជំងឺ​ភ័យខ្លាច​តក់ស្លុត និង ជំងឺ​ស្ត្រី​ប្រចាំកាយ​របស់​នាង​កាន់តែ​រើធ្វើទុក្ខ​ឡើង ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ព្យាបាល​យ៉ាងណា​ក៏​នៅតែមិនជា ទីបំផុត​អ្វីៗ​នៅក្នុង​គ្រួសារ​ត្រូវ​រលាយ​អស់​គ្មាន​សល់ ។

ស្របពេលនោះដែរ​ពោះ​របស់​នាង​ក៏​កាន់តែ​ធំ​រហូតដល់​នាង​សម្រាល​បានកូន​ស្រី​ម្នាក់ ពេលនេះ​កូនស្រី​របស់​នាង​មាន​អាយុ ៨ ខែ​ហើយ ។​ដោយសារតែ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង កូនខ្ចី​ផង​នោះ ហើយ ជីវភាព​គ្រួសារ​របស់​នាង​រកតែ​ប្រាក់​មួយ​កាក់​មួយ​សេន អង្ករ​មួយ​កំប៉ុង​ក៏​ពុំមាន​ដែរ ។ ឯ​កូនស្រី​របស់​នាង​វិញ​ពុំមាន​ទឹកដោះគោ​បៅ​ឡើយ សូម្បីតែ​ទឹក​ស្ករ ទឹក​បបរ ក៏​ត្រូវបាន​អ្នកជិតខាង​ចាក់​ទុកឱ្យ​ពេល​គេ​ដាំបាយ​រួចដើម្បី​ទុកឱ្យ​កូនស្រី​របស់​នាង​បៅ ។ ឯ​នាង​គ្មានអ្វី​ហូបចុក​នោះទេមួយថ្ងៃៗ​នាង​ដេក​នៅលើ​កន្ទេល​ក្នុង​កូនខ្ទម​ដ៏​កម្សត់ ដង្ហោយ​សុំឱ្យ​អ្នកជិតខាង​ជួយ ។

បើ​ក្រឡេកមើល​បងប្អូន​ស្រី​កម្សត់​ម្នាក់នេះ​វិញ​ក៏​មិន​ខុសពី​នាង​ដែរ រកតែ​អង្ករ​ច្រក​ឆ្នាំង​មួយ​កំប៉ុង​មិនមាន​ដែរ ។ ​អ្នកភូមិផង​នៅក្បែរ​គ្រួសារ​មួយ​នេះ​ដែល​ធ្លាប់តែ​ជួយ​យកអាសា​ស្ត្រី ដ៏​កម្សត់​រូបនេះ​បាន​ប្រាប់ថា គ្រួសារ​នេះ​មាន​ប័ណ្ណ​ក្រីក្រ​ដែរតែ​មិនដែលបានទទួល​អ្វី​នោះទេ ។ ទន្ទឹមនឹងនោះ​ផងដែរ​ពួកគាត់​ក៏​សូម​អំពាវនាវ​ដល់សប្បុរសជន​នានា ទាំង​ក្នុងប្រទេស និង ក្រៅប្រទេសមេត្តាជួយ​ដាក់​ទាន​ដល់​គ្រួសារ​នេះ​ផង ម្យ៉ាងទៀត​កូនស្រី​ដែល​ទើប​នឹងមាន​អាយុ ៨ ខែ ក៏គ្មាន​ទឹកដោះគោ​បៅ​ដែរ​បើ​មិន​ដូច្នេះ​ទេ មិនដឹងថា​ជីវិត​ម្តាយកូន​នេះ​ទៅជា​យ៉ាងណា​នោះទេ ៕​ លី​លី​