ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​មន្ត្រី​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​១០​នាក់​ស្លាប់ និង​៤០​នាក់​ទៀត​រង​របួស​កាលពី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​លើ​ក្បួន​រថយន្ត​មួយ​ខ្សែ​របស់​កងកម្លាំង​សន្តិសុខ​នៅ​ទីក្រុង​កេ​តា​ភាគ​និរតី​ប៉ា​គី​ស្ថាន​។

លោក ANWAR UL HAQ KAKAR អ្នកនាំពាក្យ​សាលាខេត្ត​បា​លូ​ជី​ស្ថាន ដែល​មាន​ទីក្រុង​កេ​តា ជាទី​ប្រជុំជន​អះអាង​ថា សមាជិក​កងកម្លាំង​ឆ្មាំ​ព្រំដែន​៦​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​មនុស្ស​៤០​នាក់​រង​របួស​ដែល​រួម​មាន​នារី និង​កុមារ ។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១៦​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ខណៈ​បុរស​អត្តឃាត​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើក​ចូល​ក្នុង​ក្បួន​រថយន្ត​របស់​កង​ឆ្មាំ​ព្រំដែន​តាម​ផ្លូវថ្នល់ JINNAH នៃ​ទីក្រុង​កេ​តា ។ រថយន្ត​យ៉ាងតិច​៣​គ្រឿង ក្នុង​ក្បួន​នេះ​ព្រមទាំង​ស៊ី​ក្លូ​មួយ​គ្រឿង​ផង​រង​ការ​កម្ទេច​ដោយសារ​ការ​បំផ្ទុះ​របស់​បុរស​នេះ​ដែល​ក៏​បណ្តាល​ឱ្យ​អគារ​ជិតខាង​ជា​ច្រើន​រង​ការ​ខូចខាត​ផង​ដែរ ។ អ្នក​ជំនាញការ​ខាង​គ្រឿងផ្ទុះ​របស់​ប៉ា​គី​ស្ថាន​និយាយ​ថា គ្រឿង​ផ្ទុះ​រវាង​ពី​១០​ទៅ​១៥​គីឡូក្រាម ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បំផ្ទុះ​នេះ​ដែល​ក្រុម​តា​លី​បង់​មួយ​ប្រកាស​ទទួលខុសត្រូវ ។

ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក MAMNOON HUSSAIN និង​នាយក​រដ្ឋមន្ត្រី​លោក ណា​វ៉ា​ហ្វ សារី​ហ្វ បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​នេះ ដែល​កើត​មាន​ពេល​បណ្តា​តំណាង​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន ចិន និង​សហរដ្ឋ​អា​េ​ម​រិ​ក រួម​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​ទីក្រុង​អុ​ី​ស្លា​ម៉ា​បា​ដ ដើម្បី​ពិភាក្សា​ថា​តើ​ត្រូវ​នាំ​ពួក​តា​លី​បង់​មក​កាន់​តុ​ចរចា ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បែប​ណា ៕