ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ ​​កាល​ពី​​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ២០១៦​ លោក​ ហ៊ុន ម៉ា​ណែ​ត ​ប្រធាន​​សមាគម​អាហារូបករណ៍​សិស្ស​និស្សិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​(AMT)​ បាន​​​ថ្លែង​​ថា​ ទាំង​សម្តេច​ ទាំង​ថ្នា្ន​ក់​ដឹកនាំ​សមាគម​​​ និង​សាកលវិទ្យាល័យ​មិន​ចង់បាន​អ្វី​ពី​សិស្ស ​និស្សិត​ ក្រៅពី​ចង់​ឃើញ​ក្មួយ​រៀនសូត្រ​ចប់​ និង​មាន​អនាគត​ល្អ​​នោះ​ទេ ។​

ការ​ថ្លែង​ខាង​លើ​​​បែប​នេះ ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​​ភាព​​ក្នុង​ពិ​ធី​បញ្ចូល​សមាជិកសមាគម​អាហារូបករណ៍​សិស្ស​និស្សិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​(AMT)​ ប្រចាំ​ខេត្តកំពង់ចាម​ និង​ត្បូងឃ្មំ​ចំនួន​៣០២​នាក់​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អ​ជ្ញា​ធរ​ខេត្ត ​តំណាង​សាកលវិទ្យាល័យ​មួយ​ចំនួន ​ក្រុមការងារ​ និង​សមាជិកសមាគម​ប្រចាំ​ខេត្ត​ ។

លោក បាន​បញ្ជាក់​ថា​ អនុវត្ត​តាម​គោល​ការ​ណ៍របស់​សម្តេច​ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សមាគម​អ ម ត​/AMT​ មានការ​ទទួលខុសត្រូវ​លើ​ការ​សិក្សា​របស់​និស្សិត ​ដើម្បី​ឱ្យ​ពួក​គេ​រៀន​បាន​ចប់​ និង​មាន​អនាគត​ល្អ​ ។ ​លើស​ពី​នេះ ​និស្សិត​មានឱកាស​បង្កើត​បណ្តាញ​ទំនាក់ទំនង​គ្នា​ដែល​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ និង​បាន​ចូលរួម​នៅ​ក្នុង​កិច្ចការ​សង្គម​ផ្សេង​ៗ​ ។​ លោក​បាន​ផ្តល់​ដំបូន្មាន​ល្អ​ៗ ​និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​និស្សិត​ខិតខំ​រៀនសូត្រ ​តស៊ូ​​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ​នៅ​ក្នុង​ជីវិត ​ដើម្បី​អនាគត​ដ៍​ប្រសើរ​នៅ​ពេល​ខាង​មុខ ៕