ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ឆ្ងាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ទោះបី​មានការ​ព្រមាន​របស់​សហរដ្ឋ​អាមេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ក្តី ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​នា​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ម៉ោង​ក្នុងស្រុក ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​មី​ស៊ី​ល​នៅ​ភាគ​ពាយ័ព្យ​កូរ៉េ​ខាងជើង ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ បញ្ចេញ​ប្រតិកម្ម​ថា ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ​មិន​អាច​អត់ឱន​ឱ្យ​បាន​ដាច់ខាត ដោយ​លោក​គូសបញ្ជាក់​យ៉ាង​ច្បាស់​ពី​ដំណោះ​ស្រាយ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា យើង​កំពុង​តាមដាន​ទិស​ដៅរ​ត់របស់​មី​ស៊ី​ល​នេះ ។ របប​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បង្កហេតុ​ជា​ថ្មី​ចំពោះ​សហគមន៍​អន្តរជាតិ​មួយ​ខែ បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​៦ មក​រា ហើយ​ការ​បាញ់​បង្ហោះ​នេះ​នឹង​បង្កើន​ភាព​តានតឹង​ថែម​ទៀត​នៅ​ឧបទ្វីប​កូរ៉េ ។

កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ កូរ៉េ​ខាងជើង​បាន​ប្រាប់​ដល់​អង្គការ​សមុទ្រ​អន្តរជាតិ OMI ពី​ការ​ផ្លាស់​ប្តូរ​ផែនការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​របស់​ខ្លួន​សម្រាប់​ដំណាក់​កាលពី​ថ្ងៃ​ទី​៧ ទៅ​១៤ កុម្ភៈ វិញ​ពុំ​មែន​ក្នុង​ដំណាក់​កាលពី​ថ្ងៃ​ទី​៨ ទៅ​២៥ កុម្ភៈ ដូច​ការ​ប្រកាស​ពី​មុន​ឡើយ ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី PARK GEUN HYE បាន​កោះ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ NSC ហើយ​តំណាង​កូរ៉េ​ខាងត្បូង​ប្រចាំ អ​.​ស​.​ប បាន​ស្នើ​ឱ្យ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

របប​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ប្រកាស​ពី​ចេតនា​របស់​ខ្លួន​បាញ់​បង្ហោះ​កាំជ្រួច​មួយ​ដែល​បញ្ជូន​ផ្កាយ​រណប​មួយ​គ្រឿង ។ កូរ៉េ​ខាងជើង​អះអាង​ថា កម្មវិធី​អវកាស​របស់​ខ្លួន​មាន​គោលដៅ​វិទ្យាសាស្ត្រ​សុទ្ធសាធ ក៏​ប៉ុន្តែ​សហរដ្ឋ​អា​មេ​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត​ចាត់​ទុក​ថា នោះ​ជា​ការ​បិទ​បាំង​កម្មវិធី​អភិវឌ្ឍន៍​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ICBM។

ការ​បាញ់​បង្ហោះ​នេះ​ជា​ការ​ផ្គើន​ដល់​សហគមន៍​អន្តរជាតិ​ដែល​កំពុង​ប៉ុនប៉ង​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​របប​ឯកោ​បំផុត​នៃ​ពិភពលោក​នេះ ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​ចិន​លោក​ស៊ី ជី​ន​ពីង ក្នុង​ឱកាស​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ព្រមាន​ថា ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​នឹង​ជា​អំពើ​បង្ក​អ​ស្ថេ​រ​ភាព និង​បង្កហេតុ​ថ្មី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក YOSHIHIDE SUGA គូសបញ្ជាក់​ថា អាជ្ញាធរ​សម្រាប់​ពេល​នេះ​ពុំ​ទាន់​កំណត់​ឃើញ​បំណែក​ណា​មួយ​នៃ​កាំជ្រួច​ធ្លាក់​លើ​ដែនដី​របស់​ខ្លួន​នៅឡើយ រូ​ច​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​រួម​ប្រជុំ​ជា​បន្ទាន់​នា​ថ្ងៃ​ទី​៧ កុម្ភៈ ។

ស្ត្រី​អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង​និយាយ​ថា ការ​បាញ់​កាំជ្រួច​នេះ ដែល​ទទួល​ការ​បញ្ជា​ផ្ទាល់​របស់​លោក​គី​ម ជុង​អ៊ុ​ន អាច​បញ្ជូន​ប្រកបដោយ​ជោគ​ជ័យ​នូវ​ផ្កាយ​រណប​សង្កេត​ផែនដី KWANGMYONG-4 ទៅ​ក្នុង​តារាវិថី ។ ស្ត្រី​រូប​នេះ​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ស្របច្បាប់​ប្រើប្រាស់​ដោយ​សន្តិវិធី និង​ឯករាជ្យ​នូវ​អវកាស ។ ការ​បាញ់​បង្ហោះ នេះ​ក៏​កំណត់​ពី​ការ​រីក​ចម្រើន​ទៅ​មុខ​មួយ​ដែរ​ក្នុង​ការ​ពង្រឹងសមត្ថភាព​ការពារ​របស់​យើង ។ អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​អា​មេ​រិ​ក​មួយ​រូប​និយាយ​ថា ផ្កាយ​រណប​នេះ​ហាក់ដូចជា​ទៅ​ដល់ទី​អវកាស​ហើយ ៕