ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​CNC​កាលពី​ថ្ងៃ​សៅរ៍​ទី​៦ កុម្ភៈ កន្លង​មកនេះ គេ​រក​ឃើញ
បេក្ខភាព​ឡើង​ប្រកួត​ផ្តាច់ព្រ័ត្រ​យក​ចំណាត់ថ្នាក់​លេខ​១​ហើយ​។ កីឡាករ​កម្ពុជា អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ​ឡាវ​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ បាន​បាត់បង់​ឱកាស​នេះ​ដូច​គ្នា បន្ទាប់​ពី​ចាញ់​គូប្រកួត​ដោយ​ពិន្ទុ​រៀងខ្លួន​រួច​មក ។

អ៊ុំ ចំរើន បាន​ចាញ់​ពិន្ទុ​កីឡាករ​ឡាវ ឈ្មោះ​យ៉​ត​ឃុន​ផុ​ន អេក​បាង​សៃ ទាំង​មិន​អស់ចិត្ត​ឡើយ ។ គេ​នៅ​ចាំ​បាន​ថា កាល​នៅ​វគ្គ​ជម្រុះ​វិល​ជុំ អ៊ុំ ចំរើន ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ឡាវ​រូប​នេះ​រួច​ម្ដង​មក​ហើយ ប៉ុន្តែ​ចាញ់​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។ លើក​នេះ អ្នកគាំទ្រ​មួយ​ចំនួន​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា គេ​នឹង​ប្រឹងប្រែង​សម្រេច​គោលបំណង​សងសឹក​ឱ្យ​ខាន​តែ​បាន ។ ទីបំផុត​ក្ដី​រំពឹង​នោះ បាន​ត្រឹមតែ​ខកចិត្ត ដោយសារ​គេ​ចាញ់​កម្លាំង​កីឡាករ​ថៃ​ទើប​មិន​អាច​យកឈ្នះ​បាន ។

ចំណែក​កីឡាករ​ឡាវ អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ​វិញ ក៏​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ដែរ ប៉ុន្តែ​មុន​នឹង​ចាញ់​ឈ្នះ​គូ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​មើល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ​មាន​ប្រៀប​ជាង​ដាច់​តែ​ម្ដង​ដោយ​គេ​បាន​វាយ​សម្រុក​ទៅ​លើ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ស្ទើរតែ​មិន​អាច​តដៃ​រួច ។ ប៉ុន្តែ​គ្រាន់តែ​ឆ្លង​ផុត​ទឹក​ទី​៣​ភ្លាម​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ ត្រូវ​ណាត់​តា​ផ​ន គៀត​អា​វ៉​ន វាយបក​សង​វិញ​យ៉ាង​ចាស់ដៃ ថែម​ទាំង​បុក​ជង្គង់​ចូល​ពោះ​ទឹក​ពេញ​ៗ និង​ទាត់​ឱ្យ​ដួល​ទាំង​ជំហរ​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ។

គូ​នេះ ប្រកួត​គ្នា​ស្វិតស្វាញ​ខ្លាំង​ណាស់​ធ្វើ​ឱ្យ​អ្នក​មើល​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​ទាំង​សង្វៀន​តែ​ម្ដង ។ ចប់​ការ​ប្រកួត​ទឹក​ទី​៥​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ទាំង​មិន​អស់ចិត្ត​។​ដូច្នេះ​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ​បាន​ធ្លាក់​មក​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ អ៊ុំ ចំរើន ខណៈ​កីឡាករ​ថៃ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ យ៉​ត​ឃុន​ផុ​ន អេក​បាង​សៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ដើម្បី​គ្រង​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ គង់ សំបូរ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​។ កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់​។

ដោយឡែក​សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន CTN ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ កីឡាករ ឡ​ន លឿ​ប មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​កង​ស្យាម ត​.​ភិ​ថា​ក់​ថៃ ។ កីឡាករ ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​ឆ្លាម​ដាំ ប៉ាក​កន​ផ​ន​សុរិន្ទ ។

កីឡាករ វៀង សា​វ៉​ន មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ចាញ់​ពិន្ទុ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ។ កីឡាករ យ៉ុ​ន ដា​រ៉ា មក​ពី​ក្លិប​តា​ឡី​ដំរី​មានរិ​ទ្ធ ចាញ់​ពិន្ទុ​កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ​ឈុត ឈុ​ន​លី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិ៍សាត់ ចាញ់​ពិន្ទុ​កីឡាករ លី​ន វិបុល មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ៕