ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​ភាគ​ខាងត្បូង​តៃវ៉ាន់​មនុស្ស​យ៉ាងតិច​១៨​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​បាត់​ខ្លួន ។ នេះ​ជា​ការ​ប្រកាស​របស់​មជ្ឈមណ្ឌល​អន្តរាគមន៍​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​របស់​ដែន​កោះ​នោះ ។

មនុស្ស​ជាង​៣៤០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​គំនរ​បាក់បែក ហើយ​ការ​ជួយ​សង្គ្រោះ​នៅ​បន្ត​ទៀត ។ ព័ត៌មាន​មុន​នេះ​រាយការណ៍​ពី​មនុស្ស​៤៦០​នាក់​រង​របួស ហើយ​មនុស្ស​១៧៦​នាក់​បាត់​ខ្លួន ។

ការ​រញ្ជួយ​ដី​កម្លាំង​៦,៧​រី​ស្ទ័​រ​នេះ​វាយប្រហារ​ទីក្រុង KAOHSIUNG ដែល​តាម​មជ្ឈមណ្ឌល​រញ្ជួយ​ដី​ចិន​ថា មាន​ជម្រៅ​១៥​គីឡូម៉ែត្រ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​កម្លាំង​៦,៤​រី​ស្ទ័​រ ។ នៅ​ទីក្រុង​ប្រវត្តិសាស្ត្រ​តៃវ៉ាន់ ដែល​ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​ទីក្រុង KAOHSIUNG អគារ​៨​ត្រូវរ​លំបាក់ ហើយ​អគារ​៥​ទៀត​រង​ការ​ខូចខាត​ដោយ​ផ្នែក ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កូនង៉ែត​ទើប​កើត​បាន​១០​ថ្ងៃ​ម្នាក់ ។ កូនង៉ែត​ស្រី​នោះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ដែល​ស្លាប់​ដោយសារ​ការ​បាក់​អគារ​មាន​កម្ពស់​១៦​ជាន់​មួយ​នៅ​ក្រុង​យ៉ុ​ង​កាង ស្រុក​តៃវ៉ាន់ ដែល​មាន​មនុស្ស​រស់នៅ​៩២​គ្រួសារ មាន​គ្នា​២៥៦​នាក់ ។ ពួក​អ្នក​ជួយ​សង្គ្រោះ និង​កង​យោធា​អាច​រើ​កកាយ​យក​បាន​អ្នក​នៅ​រស់រាន​មានជីវិត​ពីក្រោម​គំនរ​បាក់បែក​ច្រើន​នាក់ ។ ប្រមាណ​១០​ម៉ោង ក្រោយ​ការ​រញ្ជួយ​ដី​នេះ​មនុស្ស​២៤៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ពុំ​បានដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​មនុស្ស​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក​ឡើយ ។

ការ​រញ្ជួយ​ដី​តែង​កើត​មាន​ញឹកញាប់​នៅ​តៃវ៉ាន់ ។ កាលពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​១៩៩៩ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៧,៣​រី​ស្ទ័​រ នៅ​ដែន​កោះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២.០០០​នាក់ ៕