ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​វាយ​យក​បាន​ដែនដី​យ៉ាង​ធំ​នៅ​ជុំវិញ​ទីក្រុង​អា​ឡែ​ប​ភាគ​ពាយ័ព្យ​ប្រទេស ។

អតីត​រដ្ឋធានី​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​នេះ​របស់​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ​២០១២​មក ជាទី​តាំង​មួយ​ក្នុង​ចំណោម​ទីតាំង​របស់​ពួក​ឧទ្ទាម ។ ទោះបី​ភាគ​ខាងលិច​ក្រុង​នេះ​នៅ​កាន់កាប់​ដោយ​កងទ័ព​រដ្ឋាភិបាល តែ​ភាគ​ខាងកើត និង​តំបន់​ជុំវិញ​ទីក្រុង​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម រួច​ចាប់តាំងពី​ឆ្នាំ​២០១២​នោះ​មក ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​គេ ។

ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​ក្រុង​ដា​ម៉ាស់ គឺជា​របត់​មួយ​ក្នុង​សង្គ្រាម​ស៊ី​រី ហើយ​ញ៉ាំង​ឱ្យ​ពួក​ឧទ្ទាម​ធ្លាក់​ក្នុង​សភាពការណ៍​ដុនដាប​បំផុត​ពុំ​ធ្លាប់​មាន ចាប់តាំងពី​មាន​ជម្លោះ​ពី​ឆ្នាំ​២០១១​មក ។ ក្រៅពី​ទីក្រុង​អា​ឡែ​ប​ពួក​ឧទ្ទាម​ត្រូវ​វាយ​ដកថយ​ក្នុង​ទីក្រុង​ឯទៀត​ៗ​របស់​ប្រទេស​ក្រោម​ការ​គាបសង្កត់​របស់​កង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី ។

ការ​រុលទៅមុខ​យ៉ាង​ឆាប់​របស់​កងទ័ព​ស្មោះត្រង់​នឹង​លោក​អាសា​ដ អាច​ធ្វើ​ទៅ​បាន​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​បំផុត​របស់​កង​យន្តហោះ​រុ​ស្ស៊ី​លើ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម ។ ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ចាប់ផ្តើម​ពី​ខែកញ្ញា​មក សំដៅលើ​បណ្តា​ទីតាំង​ពួក​ប្រឆាំង​នឹង​របប​ក្រុង​ដា​ម៉ាស់ ពិសេស​ពួក​ជី​ហា​ដ ក៏​ប៉ុន្តែ​សមាសភាព​ពួក​ប្រឆាំង​និយម​កណ្តាល​ដូច​ករណី​នៅ​ក្រុង​អា​ឡែ​ប​ក៏​រង​ការ​វាយប្រហារ​ដែរ ។

យុទ្ធសាស្ត្រ​វាយលុក​នា​ពេល​នេះ​របស់​រុ​ស្ស៊ី និង​ស៊ី​រី​គឺ​សាមញ្ញ ឡោម​ព័ទ្ធ​ទីក្រុង​នេះ ហើយ​កាត់​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ស្បៀង និង​អាវុធ​មក​ពី​ប្រទេស​តួ​ក​គី​ជិតខាង ។ កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រមាណ​ជា​១.០០០​លើក ចាប់តាំងពី​ថ្ងៃ​ទី​១ កុម្ភៈ មក ពិសេស​លើ​តំបន់​ជុំវិញ​ក្រុង​អា​ឡែ​ប ។ បែប​នេះ​អាច​ឱ្យ​កងទ័ព​ស៊ី​រី​ដណ្តើម​ត្រួតត្រា​មូលដ្ឋាន​២ ដែល​នៅ​ក្បែរ​ក្រុង ហើយ​រួមរឹត​ការ​ឡោម​ព័ទ្ធ ដោយ​កាត់​ផ្តាច់​ផ្លូវ​សំខាន់​ទៅ​កាន់​តួ​ក​គី ។

នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH គាំទ្រ​ពួក​ប្រឆាំង​លោក​រ៉ា​មី អាប់​ដែល រ៉ា​ហ៍​ម៉ា​ន និយាយ​ថា ប្រសិនបើ​កងទ័ព​រុលទៅមុខ​ថែម​ទៀត​ឆ្ពោះទៅ​ក្រុង​អា​ឡែ​ប នោះ​ការ​ឡោម​ព័ទ្ធ​ទីក្រុង​នេះ​នឹង​ត្រូវ​ជិត​ទាំងស្រុង ។ បើ​ពួក​ឧទ្ទាម​ពុំ​ទទួល​បាន​ជំនួយ​បន្ទាន់​ពី​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​របស់​តួ​ក​គី​ទេ នោះ​អាច​កំណត់​ពី​ការ​បញ្ចប់​សម្រាប់​ពួក​គេ​ហើយ ៕