ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ ផ្ទះ​ឈើ​១​ខ្នង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​​​ក្លាយទៅជា​ផេះ​ផង់ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ដាំ​ស្ល​ដុត​ភ្លើង​ចោល​អត់​នៅ​មើល​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​រាល​ចេញពី​ចង្ក្រាន ឆ្លង​មក​ប៉ះ​ចំ​ប្រេងម៉ាស៊ូត​ឆេះ​ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀលថ្ងៃ​ទី​៦ ​កុម្ភៈ ស្ថិត​នៅ​ក្នុងភូមិ​ព្រាល​ទី​១ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។​

ផ្ទះ​ដែល​ត្រូវ​ភ្លើង​​ឆេះ​​នៅ​សល់​តែ​គ្រោងឆ្អឹង​នេះ គឺជា​ប្រភេទ​ផ្ទះក្បឿង​ខាងលើ​ ឈើ​ខាងក្រោម​ថ្ម មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ​​ដែល​មាន​ម្ចាស់​ ឈ្មោះ ម៉ាត់ នាល ​អាយុ​៤៥​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ មន់ យោន អាយុ​៣៥​ឆ្នាំ ​​ព្រម​ទាំង​​មាន​កូន​២នាក់ មានទីលំនៅ​​ក្នុង​​​ភូមិ​​ឃុំ​កើតហេតុ​ខាង​លើ ។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ កូន​ៗ​បាន​ទៅ​រៀន​អស់ ចំណែក​បុរស​ជា​ប្តី​ក៏​ទៅ​មើល​ស្រូវ​នៅ​ឯ​វាល​ដែរ នៅ​ក្នុងផ្ទះ​មាន​តែ​ស្ត្រី​ឈ្មោះ មន់ យោន ម្នាក់​ប៉ុណ្ណោះ​ ។ ​​ហើយ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ដាក់​ឆ្នាំង​ធ្វើ​ម្ហូប​ស្ងោរ​ម្រះ​នៅ​ក្នុង​ចង្ក្រាន​បាយខាងក្រោមផ្ទះ តែ​មិន​បាន​នៅ​មើល​រហូត​ឆ្អិន​លើក​ចុះ​នោះ​ទេ គឺ​បាន​ដុត​ភ្លើង​ទុក​ចោល​នៅ​លើចង្ក្រាន រួច​ក៏​ចេញ​​ទៅ​ចូល​បុណ្យ​គេ​នៅ​ឯ​ចុង​ភូមិ​ទើប​បង្ក​ឱ្យ​មាន​អគ្គិភ័យ​បែប​នេះ ​។ ​

លោក​អធិការ​ស្រុក​កញ្ជ្រៀច​បាន​បញ្ជាក់​​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​​​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​ ដូច​ជា ទូរ​ស័ព្ទដៃ​​ ស្រូវ​១១០​គីឡូ​ក្រាម​ ប្រេងម៉ាស៊ូត​៦​ប៊ីដុង​ ​​ប្រាក់​ខ្មែរ​​២០​ម៉ឺន​រៀល និង​សម្លៀក​​បំពាក់​មួយ​ចំនួន បូក​រួម​ទាំង​ផ្ទះ​ សរុប​ជា​ទឹកប្រាក់​​អស់​ចំនួន​៤៥​លាន​រៀល​ ៕