ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ ខណៈ​​​ដែល​ពិធី​បុណ្យចូលឆ្នាំ​ចិន​បាន​ចូល​មក​ដល់​​ប្រជាពលរដ្ឋ​​​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន​ បាន​នាំ​គ្នា​​សម្រុក​​ទៅ​​ផ្សារដើម្បី​​​ទិញ​គ្រឿង​អាហារ និង​របស់របរ​ប្រើប្រាស់​​ទុក​​សម្រាប់​សែន​​ចូល​ឆ្នាំ​​ ​​​។ ​ប៉ុន្តែ​ដើម្បី​ធានា​ថា ផលិតផល​ទាំងនោះ​ គឺ​សុទ្ធតែ​មានគុណ​ភាពល្អ មិន​បង្ក​ផល​ប៉ះពាល់ដល់​សុខភាព​អ្នក​បរិភោគ​ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី៦ ​កុម្ភៈ​ កន្លង​ទៅ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​តាម​បណ្តា​តូប​លក់​គ្រឿងទេស​​​នៅ​ក្នុង​ផ្សារ​ឈើ​កាច់ ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​សុខ​ភាព​ ដែល​ក្រុម​ឈ្មួញ​លួច​បន្លំ ដាក់​តាំង​លក់ ​ដើម្បី​​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ​។

លោក តូច ចៅ​កុយ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ បានឱ្យ​ដឹង​ថា សកម្មភាព​ចុះ​ពិនិត្យ​នេះ គឺ​ធ្វើ​ឡើងជា​លក្ខណៈ​ទូទៅ ដោយ​ពិនិត្យ​ទៅ​លើ​ប្រភេទ​ទំនិញ​គ្រប់​មុខ​តែម្តង ​ប្រសិន​បើ​រក​ឃើញ​ថា មាន​ទំនិញ​ណាមួយ​ដែល​ខូចគុណភាព គ្មាន​ស្លាក​សញ្ញា​សម្គាល់​ អា​សយ​ដ្ឋា​ន ឬ​គ្មាន​​កាលបរិច្ឆេទ​​​ច្បាស់លាស់​ទេ​ មន្ត្រី​កាំកុងត្រូល​​​ត្រូវ​​តែ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​តែ​ម្តង ​ចំណែកឯ​ម្ចាស់​ទំនិញ​នឹង​តម្រូវឱ្យ​ធ្វើ​កិច្ចសន្យាឈប់​ដាក់​តាំង​លក់​ផលិតផល ដែល​ច្បាប់​ហាមឃាត់​តទៅ​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ​ មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏​បាន​​​ណែនាំ​ដល់​ក្រុម​អាជីវករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅរក​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ឈើ​កាច់ ឱ្យ​​ចេះ​ពី​របៀប​ពិនិត្យ​មើល​កាលបរិច្ឆេទ​របស់​ទំនិញ និង​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព នៅ​ពេល​បរិភោគ​ទំនិញ​ដែល​ខូចគុណភាព ទាំងនោះ​ផង​ដែរ​ ។

លោក តូច ចៅ​កុយ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ពិនិត្យ​​​អស់​​រយៈពេល​១ព្រឹក​ពេញ​​​នោះ ​​ជា​លទ្ធផល​​រក​ឃើញ​ និង​ដកហូត​បាន​ទំនិញ​ដែល​ខូចគុណភាព​ចំនួន​១០​មុខ ស្មើនឹង​៣៩​កញ្ចប់ ស្មើនឹង​៤៧​គីឡូក្រាម ​​ដែល​​ទំនិញ​ទាំង​អស់នេះ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​កាំកុងត្រូល​ខេត្ត រង់​​ចាំ​ធ្វើការ​បំផ្លាញ​ចោល​នៅ​ពេល​ក្រោយ​៕