អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

ជាទូទៅ ពេល​​ចូល​ឆ្នាំ​ចិន អ្នក​ជាប់​សែស្រឡាយ​ចិន​ច្រើន​ជូន​អំណោយ​ទៅ​ញាតិមិត្ត ឬ​កូន​ចៅ ដើម្បី​ទទួល​បាន​ហុងស៊ុយ និង​លាភ​សំណាង។ ភាគ​ច្រើន​បំផុត គឺ​ការ​ជូន​អាំង​ប៉ាវ​ក្រហម​ដាក់​លុយ ដែល​ជា​ទម្លាប់​មាន​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​ជូន​ជា​កាដូ ឬ​របស់​ផ្សេងៗ​ផង​ដែរ។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជំនឿ​ជនជាតិ​ចិន មិន​មែន​គ្រប់​អំណោយ​សុទ្ធតែ​ល្អ​នោះ​ទេ អំណោយ​ខ្លះ​ក៏​អាច​នាំ​សំណាង​អាក្រក់​ដែរ។ ខាង​ក្រោម​នេះ ជា​អំណោយ ៩​ប្រភេទ គួរ​ចៀសវាង​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន៖ ​

 

១. របស់​មុត​ស្រួច

 

ជូន​របស់​​មុត​ស្រួច​ជា​អំណោយ​ពេល​ចូល​ឆ្នាំ​ចិន មាន​ន័យ​ថា​អ្នក​ចង់​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អ្នក​ទទួល ព្រោះ​របស់​មុត​ស្រួច​ជា​ប្រផ្នូល​មិន​ល្អ​ពេល​ចូល​ឆ្នាំ​ថ្មី។ ជនជាតិ​ចិន​ចាត់​ទុក​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​រឿង​សំខាន់ ជាពិសេស​ពួក​គេ​មាន​ញាតិមិត្ត​រាប់អាន​ច្រើន ដូច​នេះ​ហើយ​ទើប​ពួក​គេ​ខ្លាច​ការ​ប្រេះ​ស្រាំ​គ្នា​ណាស់។

 

២. ចំនួន៤

 

នៅ​ក្នុង​ភាសា​ចិន លេខ​បួន(四 sì /srr/) មាន​សំឡេង​ស្រដៀង​គ្នា​ទៅ​នឹង​ពាក្យ​ស្លាប់(死 sǐ) ដែល​ជា​ប្រផ្នូល​មិន​ល្អ។ ហេតុដូច្នេះ​ហើយ ទើប​អ្វី​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លេខ​បួន ត្រូវ​គេ​ចាត់​ទុក​ថា​អាច​នាំ​សំណាង​អាក្រក់។ នៅ​អគារ ឬ​សណ្ឋាគារ​ខ្លះ​ក្នុង​ប្រទេស​ចិន ពុំ​មាន​ជាន់​ទី​បួន​ទេ ហើយ​ជាទូទៅ លេខ៨ ត្រូវ​គេ​ប្រើ​ដាក់​មុខ​លេខ៤ សម្រាប់​សំគាល់​បន្ទប់​ជាន់​ទី៤។ សរុប​មក​វិញ នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន មិន​គួរ​ជូន​របស់​អ្វី​ដែល​ស្មើ​នឹង​បួន​ទេ ព្រោះ​អ្នក​ទទួល​អាច​គិត​ថា​នាំ​សំណាង​អាក្រក់​ដល់​ពួក​គេ។

 

៣. ស្បែក​ជើង

 

អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

 

ស្បែក​ជើង​ក៏​ជា​អំណោយ​មិន​ល្អ​សម្រាប់​ចូល​ឆ្នាំ​ចិន​ដែរ ព្រោះ​នៅ​ក្នុង​ភាសា​ចិន ពាក្យ​ស្បែក​ជើង (鞋 xié /syeah/) មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​សំណាង​អាក្រក់ ឬ​បិសាច(邪 xié)។ ម្យ៉ាង​វិញ​ទៀត ស្បែក​ជើង​គឺ​របស់​ដែល​យើង​ជាន់​ពី​លើ​រាល់​ថ្ងៃ ដូច​នេះ​គួរ​ចៀសវាង​អំណោយ​ប្រភេទ​នេះ បើ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

 

៤. កន្សែង

 

នៅ​ប្រទេស​ចិន ភាគ​ច្រើន​គេ​ជូន​កន្សែង​ដៃ នៅ​ពេល​ចប់​ពិធី​បុណ្យ​សព ដែល​ជា​សញ្ញា​នៃ​ពាក្យ​ថា​លា​គ្មាន​ថ្ងៃ​ត្រលប់ ហើយ​វា​ក៏​បង្ហាញ​ពី​ទុក្ខសោក​រង​ទឹក​ភ្នែក​ផង​ដែរ។ ជូន​កន្សែង​ដៃ​ដល់​នរណា​ម្នាក់ មាន​ន័យ​ថា អ្នក​ចង់​បែក​ពី​គេ​រហូត និង​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង​ទាំង​ឡាយ។

 

៥. នាឡិកា

 

អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

 

នៅ​ក្នុង​ភាសា​ចិន និយាយ​ថា “ជូន​នាឡិកា” (送钟 sòng zhōng /song jong/) មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ “ចូលរួម​ពិធី​បុណ្យ​សព” (送终 sòng zhōng) ដូច​នេះ​ហើយ ទើប​អំណោយ​ប្រភេទ​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​នាំ​សំណាង​អាក្រក់។ ម្យ៉ាង​វិញ​ទៀត នាឡិកា​តំណាង​ឲ្យ​ពេលវេលា​ដែល​ចេះ​តែ​ដើរ​ទៅ​មុខ​ប្រៀប​ដូច​មិត្តភាព ពេល​នាឡិកា​ឈប់​ដើរ​ មិត្ត​ភាព​ក៏​បញ្ចប់​ទៅ​តាម​នោះ​ដែរ។ ​​​

 

៦. ផ្លែ​សារី(Pear) ​

 

ផ្លែ​ឈើ​ពិត​ជា​ជំនូន​ដ៏​ល្អ​មួយ ប៉ុន្តែ​ផ្លែ​សារី(Pear) ត្រូវ​គេ​លើកលែង មិន​ធ្វើ​ជា​អំណោយ​ឡើយ។ មូលហេតុ ដោយសារ​នៅ​ក្នុង​ភាសា​ចិន ផ្លែ​សារី (Pear = 梨 lí /lee/) មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​ចាកចេញ ​(离 lí)។

 

៧. ឆត្រ
ឆត្រ​គឺ​ជា​អំណោយ​មិន​ល្អ​ឡើយ សម្រាប់​ជា​កាដូ​ឆ្នាំ​ចិន ព្រោះ​នៅ​ក្នុង​ភាសា​ចិន ពាក្យ​ឆត្រ (伞 sǎn /san/) មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​បែក​គ្នា (散 sàn)។ ជូន​ឆត្រ​ដល់​នរណា​ម្នាក់ ពេល​ចូល​ឆ្នាំ​ចិន មាន​ន័យ​ថា​ទំនាក់​ទំនង​រវាង​អ្នក​និង​គេ ចាប់​ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​គ្នា។

 

៨. ពណ៌​ស និង​ពណ៌​ខ្មៅ

 

ពណ៌​ស និង​ពណ៌​ខ្មៅ ភាគ​ច្រើន​គេ​ប្រើ​នៅ​ក្នុង​ពិធី​បុណ្យ​សព ដូច្នេះ​គួរ​ចៀសវាង​អំណោយ ឬ​ការ​ខ្ចប់​អំណោយ​ជាមួយ​ក្រដាស​ពណ៌​នេះ ព្រោះ​វា​អាច​នាំ​សំណាង​អាក្រក់។ ចំណែក​ពណ៌​ក្រហម​វិញ ល្អ​បំផុត ដូច​នេះ​គួរ​ជូន​អំណោយ ឬ​ខ្ចប់​អំណោយ​ជាមួយ​ពណ៌​ក្រហម ដើម្បី​នាំ​សំណាង និង​ហុងស៊ុយ​ពេល​ចូល​ឆ្នាំ។

 

៩. កញ្ចក់

 

អំណោយ ៩​យ៉ាង នាំ​សំណាង​អាក្រក់​ពេល​ចូល​ឆ្នាំ​ចិន

 

កញ្ចក់​ជា​អំណោយ​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​អាក្រក់​បំផុត មិន​ថា​នៅ​ចិន​ទេ សូម្បី​ប្រទេស​នានា​នៅ​អាស៊ី​ក៏​មាន​គំនិត​បែប​នេះ​ដែរ។ មនុស្ស​ភាគ​ច្រើន​គិត​ថា កញ្ចក់​ជា​វត្ថុ​ទាក់ទាញ​ខ្មោច​ព្រាយ​បិសាច និង​ងាយ​បាក់បែក​បំផុត។

 

ចុចអាន៖ អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ chinahighlights​