ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សំណេះសំណាល​ជាមួយ​ក្មួយ​ៗ​សិស្សានុសិស្ស​ ជិត​១.០០០​នាក់ នៅ​សាលា​បឋម​សិក្សា​ និង​វិទ្យាល័យសិរី​សោភ័ណ ​ដោយ​​នាំ​យក​មួក​​ការ​ពារ​​សុវត្ថិភាព​ចំនួន​១២០​មួក ទៅ​ចែក​ជូន​ដល់​សិស្ស​ដែល​ត្រូវ​ប្រឡងសិស្ស​​ពូកែ​​ផង​ដែរ​ កាល​​ពី​​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​មានការ​ការ​ចូលរួម​ពី​លោក​ ឈើ​យ ចាន់​ណា ប្រធាន​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡាខេត្ត​ លោកគ្រូ អ្នកគ្រូ​ ​និង​សិស្សា​នុ​សិស្ស​យ៉ា​ច្រើន​កុះករ​ ។

​​ក្នុង​ឱកាស​នេះ​ដែរ ​លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ​បាន​ណែនាំ​ដល់​ក្មួយ​សិស្សានុសិស្ស​ទាំង​២​សាលា ត្រូវ​គោរព​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ប​ច្ចុប្បន្ន​សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​​បាន​​​ត្រួតពិនិត្យ​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ដូច្នេះ​ប្អូន​ៗ ​ក្មួយ​ៗ ពេល​​​បើកបរ​ម៉ូតូ គឺ​ត្រូវ​តែ​ពាក់​មួក​ការ​ពារ​​សុវត្ថិភាពដាក់​គន្លឹះ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ម៉ូតូ​ត្រូវ​​បំពាក់​កញ្ចក់​មើល​ក្រោយ ​ចៀស​វាង​កុំ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​មានការ​ផាកពិន័យ ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី​គឺ​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​ច្បាប់​ចាស់​។​ជាង​នេះ​ទៀត​ ​សុំ​ឲ្យ​ក្មួយៗ​ខិតខំ​រៀនសូត្រ​ពី​ច្បាប់​ចរាចរណ៍​ ។ ​ចំណែក​បញ្ហា​គ្រឿងញៀន​​ បើ​ក្មួយ​ៗ ប្អូន​ៗ ស្រឡាញ់​ឪ​ពុកម្តាយ ស្រឡាញ់​ការ​សិក្សា គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ​ព្រោះ​គ្រឿងញៀន​​បំផ្លាញ​អនាគត​ខ្លួន​ដែល​កំពុង​សិក្សា​​ និង​បំផ្លាញ​​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ផង​ដែរ  ។

​បន្ទាប់​មក​គណៈអធិបតី​ក៏​បាន​ចែក​មួក​ការ​​ពារ​​សុវត្ថិភាព​ដល់​សិស្ស​ដែល​ត្រូវ​ប្រ​ឡង​សិស្ស​ពូកែ​ចំនួន​១២០​នាក់ ម្នាក់​ៗទទួល​បាន​មួក​សុវត្ថិភាព​១ ។​ ឆ្លៀតឱកាស​នោះ​ដែរ ខណៈ​ពេល​ដែល​បុណ្យ​ឆ្នាំ​ថ្មី​ឈាន​ចូល​មក​ដល់​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​​ខេត្ត ក៏​បាន​ដឹក​​នាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​​សម្អាត​​មុខ​សាលារៀន​បឋម​សិក្សា ​និង​វិទ្យា​ល័យ​​សិរី​សោភ័ណ ​៕​