ពលរដ្ឋ​ភូមិ​ទ្រា៤​រង​ផល​ប៉ះពាល់​ពី​ទឹក​ស្អុយ​លិច​ផ្ទះ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចាក់​ដី​លុប​បឹង

ប្រជាពលរដ្ឋ ៤​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ប្រាក់​សំណង ដែល​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​បឹង​ក្រពើ បណ្ដាល​ឲ្យ​ទឹក​ស្អុយ និង​ភក់​លិច​ចូល​ផ្ទះ បាក់​បែក​ខូចខាត​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់។

ឆ្លើយ​តប​បញ្ហា​នេះ សាលា​ក្រុង​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន សូនី របស់ លោក ណឹម ម៉េង ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ទាំង​នោះ។

ប្រជាពលរដ្ឋ ៣​គ្រួសារ​ដែល​មាន​ផ្ទះ និង​ម្ចាស់​រោងចក្រ​ដែក ដាក់គើ (Dake) នៅ​អម​សង​ខាង​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​បឹង​ក្រពើ ស្ថិត​ក្នុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ក្រុមហ៊ុន សូនី របស់​លោក​ឧកញ៉ា ណឹម ម៉េង ផ្តល់​សំណង​លើ​ការ​បាក់​ផ្ទះ និង​ខូចខាត​សំណង់​រោងចក្រ។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​អះអាង​ថា ការ​ចាក់​ដី​លុប​បឹង​ក្រពើ​ដោយ លោក ណឹម ម៉េង នេះ បណ្ដាល​ឲ្យ​ដី​ភក់​ដី​ល្បាប់​ច្រាល់​បាក់​ផ្ទះ​លោកស្រី​ទាំង​ស្រុង និង​ខូចខាត​សម្ភារៈ​ជាច្រើន​ផ្សេង​ទៀត។ លោកស្រី​បន្ត​ថា លោកស្រី​ទាមទារ​សំណង ៨​ពាន់​ដុល្លារ​លើ​ការ​ខូចខាត និង​បាក់​ផ្ទះ​នោះ ប៉ុន្តែ​ក្រុមហ៊ុន សូនី មិន​ព្រម​នោះ​ទេ៖ «ប្ដឹង​ទៅ​នេះ​ចង្អុល​ទៅ​នោះ ទៅ​ខណ្ឌ​ទៅ​បង ទៅ​ក្រុង​ទៅ​បង។ ខ្ញុំ​អត់​ហ៊ាន​ទេ គេ​ខ្នង​ធំ​ណាស់ ខ្លាំង​ណាស់ បង​ឯង​គិត​មើល គេ​ចាក់​ដី​ធំ​ប៉ុណ្ណឹង តើ​គេ​ខ្នង​ធំ​ប៉ុណ្ណា? ដល់​អាជ្ញាធរ​និយាយ​ចឹង តើ​ប្រជាពលរដ្ឋ​ទៅ​ពឹង​អី​វិញ ទៅ​ពឹង​ពី​ណា? ដល់​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ អត់​ហ៊ាន​ផង​ហ្នឹង»

ពលរដ្ឋ​ទាំង​នោះ​បន្ត​ថា អាជ្ញាធរ និង​ក្រុមហ៊ុន ពុំ​បាន​ជូន​ដំណឹង និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​នោះ​ទេ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ ដោយ​ផ្តល់​សំណង​ត្រឹម ៥​ពាន់​ដុល្លារ។

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ផាន់ ណា និយាយ​ថា ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយសារ​ការ​អភិវឌ្ឍ​នោះ​មាន ៦​គ្រួសារ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ចំនួន ៥​ពាន់​ដុល្លារ​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ហើយ​ថា​បើ​មិន​ទទួល​យក​នៅ​ថ្ងៃ​នេះ​ទេ ពួក​គាត់​នឹង​ពុំ​បាន​អ្វី​ទាំងអស់៖ «ធ្វើ​ម៉េច​ទេ គេ​អត់​ខ្វល់​សោះ​ចឹង សុំ​តែ ៨​ពាន់​ដុល្លារ​សោះ​ហ្នឹង។ ពិបាក​ដល់​ហើយ ផ្ទះ​ពាក់​កណ្ដាល​ក្រោយ​ដាច់​អស់​អា​លីង ហូរ​ទៅ​តាម​ទឹក​អស់ ដឹង​ធ្វើ​ម៉េច បើ​គេ​អត់​ព្រម​អ្វី​សោះ​ចឹង»

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយ​ថា សាលា​ក្រុង​កំពុង​សិក្សា​ដោះស្រាយ​បញ្ហា​នេះ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន សូនី របស់ លោក ណឹម ម៉េង ទទួល​ខុស​ត្រូវ​លើ​ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ពន្យល់​ពី​ក្រុមហ៊ុន សូនី បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​ថា មិន​ស្គាល់ លោក ណឹម ម៉េង នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀ វុទ្ធី លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​គោរព​សិទ្ធិ​ពលរដ្ឋ និង​ត្រូវ​កំណត់​ស្តង់ដារ​តម្លៃ​មួយ​ឲ្យ​បាន​សមស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​ទំហំ​ផ្ទះ ដី និង​ការ​ខូចខាត​ផ្សេងៗ។ លោក​បន្ត​ថា ការ​ចាក់​ដី​លុប​បឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ះពាល់​បរិស្ថាន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ច្បាប់​កម្ពុជា៖ «បើ​មើល​ស្ថានភាព​ជាក់ស្តែង ៥​ពាន់ ៨​ពាន់​ដុល្លារ សួរ​ថា​អាច​ទិញ​ផ្ទះ​បាន​ទេ? យោបល់​ខ្ញុំ គឺ​មិន​អាច​ទិញ​បាន​ទេ។ យើង​គិត​មើល ពលរដ្ឋ​នៅ​បឹងកក់ ៨​ពាន់​ដុល្លារ គឺ​ជួល​ផ្ទះ​គេ​នៅ​ហ្នឹង។ យើង​មិន​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដដែល​នោះ​ទេ»

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​លើ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ មុន​សម្រេច​ចិត្ត​ផ្តល់​កន្លែង​ណា​មួយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​អភិវឌ្ឍ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។