ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្រុង​ស្ទឹងត្រែង​ប្រារព្ធ​ពិធី​សែន​ចូល​ឆ្នាំ​ចិន

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ប្រមាណ ៨០​ភាគរយ មិន​ថា​ពលរដ្ឋ​ខ្មែរ ជនជាតិ​ភាគ​តិច​ឡាវ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាដើម បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដូចជា​សែន​ព្រេន សម្អាត​ផ្ទះ​សម្បែង ដោយ​តុប​តែង​លម្អ​ផ្កា​អង្គាសីល​ពណ៌​លឿង​ស្រស់ និង​គ្រួសារ​នីមួយៗ​សំពះ​ដូនតា ព្រម​ទាំង​ផ្តល់​ប្រាក់​រង្វាន់​ដល់​កូន​ចៅ និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា មិន​ខុស​ពី​ខ្មែរ​កាត់​ចិន ឬ​ជនជាតិ​ចិន ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ឥទ្ធិពល​វប្បធម៌​ប្រពៃណី​ចិន បាន​បញ្ជ្រាប​ចូល​ដល់​ខ្មែរ​តាម​រយៈ​កំណើន​នៃ​ប្រជាជន​ចិន មក​កម្ពុជា កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ការ​ភ្ជាប់​សាច់ញាតិ​ចិន ជាដើម។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ ក្នុង​ពិធី​សែន​ប្រពៃណី​ចិន នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​កាត់​ចិន ជនជាតិ​ភាគ​តិច​ឡាវ និង​ជនជាតិ​ដើម​ភាគ​តិច​ជាដើម កំពុង​ជួប​ជុំ​ក្រុម​គ្រួសារ​ផឹក​ស៊ី​តាម​គេហដ្ឋាន ចែក​អាំងប៉ាវ ដុត​ក្រដាស​ប្រាក់ និង​អុជ​ធូប​សែន​ព្រេន ជាដើម។

ចំណែក​អាជីវករ​លក់​សម្ភារៈ​តាម​ផ្ទះ​ថ្ម​ជុំវិញ​ផ្សារ​មួយ​ចំនួន បាន​ឈប់​សម្រាក និង​ត្រៀម​ធ្វើ​ដំណើរ​កម្សាន្ត បន្ទាប់​ពី​ពួក​គេ​បាន​ប្រារព្ធ​ពិធី​សែន​ព្រេន​រួច។

អាជីវករ​លក់​សម្ភារៈ​បោះ​ដុំ ឋិត​នៅ​ខាង​ជើង​ផ្សារ​ខេត្ត​ស្ទឹងត្រែង លោក តាំង គឹមអៀក ដែល​កំពុង​ដុត​ក្រដាស​ប្រាក់ និង​សម្ភារៈ​ផ្សេងៗ​នៅ​ខាង​មុខ​ផ្ទះ រៀបរាប់​ថា ការ​ដុត​ក្រដាស​ប្រាក់ និង​សម្ភារៈ​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ។ លោក​ថា អំឡុង​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ ដែល​ជា​ថ្ងៃ​ត្រណម ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត ឈ្លោះ​ប្រកែក​គ្នា និង​បោស​សម្អាត​ផ្ទះ ជាដើម។ លោក​បន្ត​ថា ការ​ធ្វើ​របៀប​នេះ គឺ​ដើម្បី​លាភ​ជ័យ និង​នាំ​សំណាង៖ «ជើង​ធូប​ជិត​រលត់ យើង​ត្រូវ​តែ​ប្រមូល​ជូន​ពរ​គាត់។ លើក​អីវ៉ាន់​មាស​ប្រាក់​ក្រដាស​ដែល​យើង​សែន លើក​ជូន​គាត់​ឲ្យ​មក​ទទួល​យក»

អាជីវករ​លក់​សម្លៀកបំពាក់​ចល័ត​នៅ​ក្រុង​ស្ទឹងត្រែង លោក ទេម ភារម្យ ហៅ វៀត កត់​សម្គាល់​ថា នៅ​រដូវ​ចូល​ឆ្នាំ​ចិន នា​ខេត្ត​ស្ទឹងត្រែង ស្ងាត់​ជាង​ឆ្នាំ​មុន។ ចំណែក​ប្រាក់​ចំណូល​ពី​ការ​លក់​សម្លៀកបំពាក់​របស់​លោក ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ពាក់​កណ្ដាល​ដែរ។ លោក​ថា ជា​រៀង​រាល់​ឆ្នាំ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ពលរដ្ឋ​ប្រមាណ ៨០​ភាគរយ​តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ទៅ​តាម​លទ្ធភាព​ដែល​គេ​មាន៖ «៨០​ភាគរយ​ដែល​សែន ខ្លះ​កូន​កាត់​គេ​សែន​ជាមួយ​គ្នា។ ខ្លះ​គេ​មាន​លុយ​គេ​សែន អត់​លុយ​គេ​អត់​សែន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន មាន​ឥទ្ធិពល​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ក្នុង​នោះ​មាន​កម្ពុជា ដែរ ជាពិសេស​គឺ​ការ​បញ្ជ្រាប​នៃ​វប្បធម៌​អាច​ផ្សារភ្ជាប់​ការ​ទំនាក់ទំនង​រក​ស៊ី និង​ធ្វើ​ជំនួញ​ជាដើម ដែល​អាច​បង្កើត​ទំនុក​ចិត្ត​នៃ​ការ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឆ្លង​ដែន ជាពិសេស​គឺ​ទំនិញ​ចិន ទាក់ទិន​បុណ្យ​ចូល​ឆ្នាំ ក៏​កាន់​តែ​មាន​សក្ដានុពល​អាច​ជា​ផ្នែក​មួយ​ពង្រីក​កំណើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​ចិន ដែរ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ប្រារព្ធ​ពិធី​សែន​ព្រេន អាច​មក​ពី​ទម្លាប់​តាម​គ្នា ដែល​មិន​ជាប់​ទាក់ទិន​នយោបាយ គ្រាន់​តែ​ជា​ការ​មើល​ឃើញ​គ្នា​ក្នុង​បរិបទ​សង្គម ពាក់ព័ន្ធ​ផ្សារភ្ជាប់​សាច់​ឈាម​រវាង​កូន​ខ្មែរ និង​កូន​ចិន ប៉ុណ្ណោះ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​នេះ​ក៏​ជា​ការ​បង្កើត​បរិយាកាស​នៃ​ការ​ជួប​ជុំ​គ្នា ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នីមួយៗ និង​សង្គម​ផង៖ «យើង​មើល​ឃើញ​ជា​កត្តា​ប្រពៃណី​ទំនៀមទម្លាប់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ទំនាក់ទំនង​បរិបទ​សង្គម​គ្រួសារ ច្រើន​ជាង​ឥទ្ធិពល​ចិន​ដី​គោក​មក​ដល់​ប្រទេស​កម្ពុជា»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ពលរដ្ឋ​ខ្មែរ ឡាវ និង​ជនជាតិ​ដើម​ភាគ​តិច ទទួល​រង​ឥទ្ធិពល​ប្រពៃណី​ចិន ហាក់​មិន​ដឹង​ខ្លួន តាម​រយៈ​កំណើន​ជនជាតិ​ចិន និង​វៀតណាម មក​កម្ពុជា បណ្ដាល​ឲ្យ​ភ្ជាប់​សាច់​ឈាម​រវាង​កូន​ខ្មែរ ចិន និង​វៀតណាម និង​ទម្លាប់​ធ្វើ​តាម​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។