ហេតុអ្វី​មហា​យក្ស​ចិន​ត្រឹមតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​?

​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​លើ​លោក ជាមួយនិង​ប្រជាជន​ជាង​១.៣​ពាន់​លាន​នាក់ ចិន​ត្រូវបាន​គេ​ចាត់ទុកជា​មហាអំណាច​ពិភពលោក​មួយ​ទៅហើយ​។ ហើយ​ចិន​ក៏​ចាប់ផ្ដើម​មាន​ទំនួល​ខុសត្រូវ​លើ​បញ្ហាសំខាន់ៗ​របស់​ពិភពលោក​រួមទាំង​សន្តិសុខ បរិស្ថាន និង​ភេ​វរ​កម្ម​ជាដើម​។ ប៉ុន្តែ​ចិន​នៅតែ​ចាត់ទុក​ខ្លួនឯង ជា​ប្រទេស​ស្ថិត​កំពុង​អភិវឌ្ឍ​នៅឡើយ​។ តើ​អ្វី​ជា​លក្ខខណ្ឌ​កំណត់ថា ប្រទេសមួយ​ជា​ប្រទេស​អ្នកមាន​ឬ​អ្នកក្រ​នោះ ជា​ប្រទេស​អភិវឌ្ឍ​ឬ​កំពុង​អភិវឌ្ឍ​នោះ​?

​នរណា​ក៏​ដឹងថា ចិន​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក​បន្ទាប់​សហរ​ដ្ឋ​អាមេរិក ហើយ​បើ​និយាយ​ពី​ផលិតផល​ក្នុងស្រុក​សរុប (GDP) វិញ ក៏មាន​លំដាប់​នៅតែ​ពីក្រោម​អាមេរិក​មួយ​តែប៉ុណ្ណោះ​ដែរ​។ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​ប្រជាជន ចិន​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​លើ​លោក​ពោលគឺ​មាន​ជាង​១.៣​ពាន់​លាន​នាក់​។ ដូច្នេះហើយ បើ​យើង​ប្រៀបធៀប​ចំនួន​ប្រជាជន​និង ផលិតផល​ក្នុងស្រុក​សរុប នោះ​ចិន​នៅតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​យោងតាម​របាយការណ៍ អង្គការសហប្រជាជាតិ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក  ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់​គឺជា​សូចនាករ​ដ៏​សំខាន់​ក្នុងការ​កំណត់ថា ប្រទេសមួយ​ជា​ប្រទេស​អភិវឌ្ឍ​ឬ​កំពុង​អភិវឌ្ឍ​។ តាមន័យ​នេះ ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ បើ​គេ​ផ្អែក​តាម​លក្ខខណ្ឌ​ខាងលើ​។

​ក្នុង​របាយកាណ៍​របស់​ខ្លួន  មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចាត់ទុក​ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ពីព្រោះ​ចិន​មាន​ផ​លិ​ផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់​តែ ៤៣៨២​ដុល្លារ​ប៉ុណ្ណោះ ដែលមាន​លំដាប់​ទី​៩២​ក្នុងចំណោម​ប្រទេស​សរុប​១៨២ ។ ហើយ​ចំនួន​នេះ​គឺ​មិន​ស្មើ ១​ភាគ​១០​នៃ​ផលិត​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់នៅ​អាមេរិក​ផង ព្រមទាំង​ទាប​ជាង​ប្រ​ទស​មួយចំនួន​នៅ​អាហ្វ្រិក​ទៅទៀត​។​

​ចំណែក ធនាគារពិភពលោក​វិញ ចាត់ទុក​ប្រទេស​ដែលមាន​ចំណូល​ទាប​និង​ចំណូល​មធ្យម ជា​ប្រ​ទស​កំពុង​អភិវឌ្ឍ​។ ងាក​មក​ចិន​វិញ ចិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​ចំនូល​មធ្យម​កម្រិត​ទាប ដោយសារតែ​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GNI) មានតែ​ចំនួន​៣,៦៥០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០០៩ ។ នេះ​មានន័យថា ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​។​

​ក្រៅពី​កត្តា​ខាងលើ​នោះ គេ​ក៏​អាច​ប្រើស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​មនុស្ស (HDI) ដើម្បី​កំណត់​ពី​លក្ខណៈ​ប្រទេស​អភិវឌ្ឍន៍​ឬ​អត់​បានដែរ​។ ស​ន្ទ​ស្សន៍​នេះ​គិត​លើ​កម្រិត​រស់នៅ​របស់​ម​នុស្ស តាមរយៈ​ចំណូល អាយុ​សង្ឃឹម​រស់​និង​កត្តា​ផ្សេងទៀត​របស់​ប្រទេស​ណាមួយ​។ បើ​គិត​តាម​ទិន្នន័យ​មួយចំនួន​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ចំណាត់ថ្នាក់​របស់​ចិន​គឺ​ស្ថិតក្នុង​កម្រិត​មធ្យម​តែប៉ុណ្ណោះ​។  

​សរុបទៅ បើ​គិត​តាម​ការកំណត់​របស់​ស្ថាប័ន​ខាងលើ​នោះ គេ​អាច​និយាយបានថា ចិន​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​កម្រិត​ធ្យ​ម​ឬក៏​មធ្យម​កម្រិត​ទាប​ប៉ុណ្ណោះ​។ ថ្វីបើ​ចិន​មាន​សេដ្ឋកិច្ច​ធំ​យ៉ាងណាក្ដី តែ​ប្រជាជន​ចិន​ភាគច្រើន​នៅក្នុង​ស្ថានភាព​ក្រីក្រ​ដដែល ខណៈ​ការអភិវឌ្ឍ​មិន​កើតមានឡើង​នៅ​ទូទាំងប្រទេស​ឡើយ​។ ម្យ៉ាងទៀត ចិន​ខ្លួនឯង ក៏​ចង់​ធ្វើខ្លួន​ជា​អ្នក​កំពុង​អភិវឌ្ឍ ដើម្បី​ចៀស​ផុតពី​ការទទួល​ខុស ត្រូវ​ខ្ពស់​ក្នុងនាម​ជា​មហាអំណាច​ផងដែរ​៕ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​