ចិន​នៅ​កម្ពុជា​

ភ្នំពេញ​៖ វត្តមាន​ប្រជាជន​ចិន​នៅ​កម្ពុជា មាន​ចាប់តាំងពី​ចុង​សតវត្ស​ទី​១៣ រហូតមកដល់​បច្ចុប្បន្ន​។ អន្ដោប្រវេសន៍​ជនជាតិ​ចិន​ដែល​មកដល់​កម្ពុ​ជាដំបូងៗ ភាគច្រើនបំផុត​ជា​បុរស ហើយ​ពួកគេ​បាន​យក​ស្ត្រី​ខ្មែរ​ធ្វើជា​ភរិយា​។ កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ បានធ្វើ​សមាហរណកម្ម​យ៉ាង​លឿន​ចូលទៅក្នុង​សហគមន៍​ខ្មែរ តាមរយៈ​ការបញ្ចូល​ខ្លួនឯង ជា​លក្ខណៈ​សង្គម​និង​សេដ្ឋកិច្ច ទៅក្នុង​សហគមន៍​កសិកម្ម​រប​ស់​ប្រជាជន​ខ្មែរ​បុរាណ​។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អន្តោប្រវេសន៍​ចិន​មួយចំនួន បាន​រក្សាទុក​ការប្រតិបត្តិ​តាម​មីង​(Ming) នូវ​ការរក្សា​ម៉ូត​សក់​បែប​ចិន​រហូតដល់​សតវត្ស​ទី​១៨​។ លើសពីនេះ​ទៀត ពួកគេ​ក៏បាន​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​របស់ខ្លួន​ដែរ ដូចជា ប្រពៃណី​បុណ្យចូលឆ្នាំ​ចិន បុណ្យ​សែន​លោក​ខែ បុណ្យ​សែន​ក្បាលទឹក បុណ្យ​ឆេង​ម៉េង ជាដើម​។ ក្រោយមក ជនជាតិភាគតិច​ចិន ឬ អន្តោប្រវេសន៍​ចិន មិន​គ្រាន់តែ​អាច​រក្សា​ប្រពៃណី ទំនៀមទម្លាប់​របស់ខ្លួន​បាន​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បាន​ជះឥទ្ធិពល​ប្រពៃណី​របស់ខ្លួន​ទៅលើ​សង្គម​ខ្មែរ​វិញ និង បន្ថែម​ពីលើ​នេះ ពួកគេ​ក៏បាន​ជះឥទ្ធិពល​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និង វិស័យ​ផ្សេងៗ​ផងដែរ​។  

​ប្រជាជន​ចិន​ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា ទាំងចាស់​ទាំងថ្មី មានមុខ​របរ​ខុសៗ​គ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគ​គិ​ន វិស្វករ កម្មករ​ជំនាញ ពលករ គ្រូបង្រៀន​ភាសា​ចិន អ្នក​ផ្សាយ​សាសនា ។​ល​។ ទោះបីជា​ពួកគេ​មាន​ចំនួន​មិន​ច្រើន​ក៏ដោយ បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុ​ជា ក៏​ពួកគេ​បាន​ចូលរួម​ក្នុង​វិស័យ​ផ្សេងៗ​ភាគច្រើន​ក្នុងសង្គម​ខ្មែរ​ដែរ​។ ជាទូទៅ ពួកគេ​មិន​ត្រូវបាន​រើសអើង ឬ​មើលងាយ​ដោយ​ពលរដ្ឋ​ខ្មែរ​ទេ​។ ផ្ទុយទៅវិញ ពួកគេ​ទទួលបាន​ការចូល​ចិត្ត និង ការឱ្យ​តម្លៃ​ពី​សង្គម​ខ្មែរ​។ ដូចជា មានការ​លើកឡើងថា​«​កុំ​ឈ្លោះ​នឹង​ស្រី កុំ​ក្ដី​នឹង​ចិន​», «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ដែល​មានន័យថា បើ​ឈ្លោះ​នឹង​ចិន កម្រ​ឈ្នះ​ចិន​ណាស់ ហើយ​ម្យ៉ាងទៀត ជនជាតិខ្មែរ​បានត្រឹមតែ​កាប់ឆ្ការ​រាន​ដីព្រៃ​មុន​ប៉ុណ្ណោះ ទីបំផុត ជនជាតិ​ចិន​បាន​ទិញយក​កន្លែង​ល្អៗ​អស់ ឯ​ខ្មែរ​ក៏​បន្តទៅ​កាប់​រាប​ព្រៃ​ថ្មី​ទៀត​ជា​បន្តបន្ទាប់​។ លើសពីនេះ​ទៀត ពួកគេ​បាន​ដើរតួនាទី​នាំមុខគេ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។​

យោងតាម​ការកត់សម្គាល់ នៅ​ដំណាក់កាល​ដំបូងៗ ជនជាតិភាគតិច​ចិន ឬ អន្តោប្រវេសន៍​ចិន​ទទួល​ឥទ្ធិពល​ច្រើន​ពី​សង្គម​ខ្មែរ ដូច​ក្នុងករណី​ពួកគេ​បាន​រៀបការ​ជាមួយ​ជនជាតិខ្មែរ និង ខិតខំ​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សង្គម​ទូទៅ​និង​សហគមន៍​កសិកម្ម​ខ្មែរ​បុរាណ ប៉ុន្តែ ក្នុង​រយៈពេល​ក្រោយមក យើង​បាន​សង្កេតឃើញថា សង្គម​ខ្មែរ​ក៏បាន​ទទួល​ឥទ្ធិពល​ពី​ជនជាតិភាគតិច​ចិន ឬ អន្តោប្រវេសន៍​ចិន​វិញ​ដែរ ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម​។ យោងតាម​តថភាព​សង្គម​ខ្មែរ​ទាំង​សម័យបុរាណ​និង​សម័យ​ទំនើប បង្ហាញឱ្យឃើញថា ប្រជាជន​ខ្មែរ មិនសូវ​ពូកែ​ខាង​ពាណិជ្ជកម្ម​ដូច​ជន​ជាន​ចិន​ទេ​។

ក្នុងសង្គម​ខ្មែរ អ្នកលក់ដូរ ឬ ពាណិជ្ជករ ទាំង​តូច ទាំង​ធំ ភាគច្រើន ជា​ជនជាតិភាគតិច​ចិន ឯ​ជនជាតិខ្មែរ​វិញ​ចូលចិត្ត​ប្រកប​របរ​កសិកម្ម និង ធ្វើ​ការងាររាជការ​។ បើទោះបីជា​ក្រោយមក មាន​ជនជាតិខ្មែរ​ខ្លះ បាន​ប្រកប​របស់​ជួញដូរ​ដូច​ជនជាតិភាគតិច​ចិន​ក៏​កដោយ ក៏​គេ​នៅតែ​ហៅ​ខ្មែរ​ទាំងនោះ​ថា​ចិន​ដែរ​។   

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ដើមកំណើត​ចិន ចិន​កាត់​ខ្មែរ និង អន្តោប្រវេសន៍​ចិន​ដទៃទៀត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា​។ ពួកគេ​មួយចំនួន​ជា​ម្ចាស់​ភាគហ៊ុន​មួយចំណែក​ធំ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ដូចជា ជា​ម្ចាស់​រោងចក្រ ម្ចាស់​សហគ្រាស និង ម្ចាស់​អាជីវកម្ម​ធំៗ​នៅ​កម្ពុជា​។ ជារួម ភាគច្រើន​នៃ​ពួកគេ​មាន​ឥទ្ធិពល​ពិសេស​នៅក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា ដែលជា​សហគ្រាស​ផ្តល់ប្រាក់​កម្ចី សហគ្រាស​ប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុ​ខ្នាតតូច និង សហគ្រាស​ពាក់ព័ន្ធ​ដទៃទៀត​។​

លើសពីនេះ​ទៀត ផ្ដើមចេញពី​ការ​មាន​លុយកាក់​ច្រើន ការ​មាន​ទីលំនៅ​ក្នុង​រាជធានី ទីក្រុង និង ទីប្រជុំជន នាំឱ្យ​ជនជាតិភាគតិច​ចិន ឬ ជនជាតិ​ចិន​កាត់​ខ្មែរ មានឱកាស​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ មានឱកាស​ធ្វើដំណើរ​បាន​ច្រើន​កន្លែង ដែលជា​កត្តា​នាំឱ្យ​ពួកគេ​មាន​ចណេះ​ដឹង​ខ្ពស់ និង មានការ​យល់ដឹង​ជ្រៅជ្រះ​។ ដោយសារ​កត្តា​ទាំងអស់នេះ រួមផ្សំ​ជាមួយ​ឱកាស​ផ្សេងៗ មាន​អំពើពុករលួយ​ជាដើម នាំឱ្យ​ជនជាតិ​ចិន​កាត់​ខ្មែរ​ទទួលបាន​តួនាទី​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល និង​ក្នុង​ការងាររាជការ​ទូ​ទៅ ជាពិសេស ការងារ​មួយចំនួន​ដែល​គេ​និយម​ហៅថា​ការងារ​ល្អ ឬ ការងារ​កន្លែង​ខ្លាញ់ ពោលគឺ​ប្រភេទ​ការងារ​ទាំងឡាយ​ដែល​អាច​រក​កម្រៃ ឬ ចំណូល​ក្រៅច្បាប់​បាន​ច្រើន ដូចជា ការងារ​គយ ការងារ​ពន្ធដារ ការងារ​ហិរញ្ញវត្ថុ​...​។​

ជាទូទៅ ឥទ្ធិពល​ក្នុងសង្គម​មួយ វា​តែងតែ​ជះ​ពី​ទីក្រុង​ទៅ​ជនបទ ពី​អ្នកមាន​ទៅ​អ្នកក្រ ពី​អ្នកធំ​ទៅ​អ្នកតូច ពី​ស្ថាប័ន​ទៅ​បុគ្គល ពី​អ្នកមានចំណេះដឹង​ច្រើន​ទៅ​អ្នកមានចំណេះដឹង​តិច​។​ល​។ ហេ​ត​ផល​នេះហើយ បានជា ជនជាតិភាគតិច​ចិន ឬ ជនជាតិ​ចិន​កាត់​ខ្មែរ ថ្វីបើ​ពួកគេ​មាន​ចំនួន​តិច ប៉ុន្តែ ដោយសារតែ ពួកគេ​មាន​សក្ដានុពល​ខាង ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ចំណេះដឹង​, នាំឱ្យ​ពួកគេ មាន​ឥទ្ធិពល​ទាំង​ក្នុងសង្គម នយោបាយ និង វិស័យ​ដទៃទៀត​។

ផ្ដើមចេញ​ពីនេះ នាំឱ្យ​ភាសា​ចិន ភាពយន្ត​ចិន និង ប្រពៃណី​ចិន ដូចជា បុណ្យចូលឆ្នាំ​ចិន បុណ្យ​សែន​លោក​ខែ បុណ្យ​សែន​ក្បាលទឹក បុណ្យ​ឆេង​ម៉េង ជាដើម មិន​គ្រាន់តែ​មានជីវិត និង មាន​ឥទ្ធិពល​ក្នុង​សហគមន៍​ជនជាតិភាគតិច​ចិន ជនជាតិ​ចិន​កាត់​ខ្មែរ និង អន្តោប្រវេសន៍​ចិន​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏មាន​ឥទ្ធិពល​លើ​ប្រជាជន​ខ្មែរ​ដែរ​។ ជាក់ស្ដែង សព្វថ្ងៃ ទូរទស្សន៍​ខ្មែរ​ស្ទើរតែ​ទាំងអស់​បញ្ចាំងភាពយន្ត​ចិន ហើយ​ប្រជាជន​ខ្មែរ​ភាគច្រើន​ក៏​ចូលចិត្ត​ទស្សនា​ភាពយន្ត​ចិន​ដែរ​។ មិនតែប៉ុណ្ណោះ ប្រជាជន​ខ្មែរ​សុទ្ធ​មួយចំនួន​ក៏បាន​ប្រ​រ​ព្ធ​ពិធី​ប្រពៃណី​របស់​ចិន​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះដែរ ជាពិសេស ការ​សែនព្រេន​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន និង ការឈប់​សម្រាក​ពេល​ចូលឆ្នាំ​ចិន​។ ហេតុផល​មួយ​ក្នុងចំណោម​ម​ហេតុផល​ដទៃទៀត ត្រូវបាន​ប្រជាជន​ខ្មែរ​សុទ្ធ​ដែល​ទទួលយក​ឥទ្ធិពល​ប្រពៃណី​ចិន​នោះ អះអាងថា «​ការ​កាន់​ប្រពៃណី​ដូច​ចិន ដើម្បីឱ្យ​រកស៊ី​មានបាន​ដូច​គេ​ដែរ​»​។​

ម្យ៉ាងទៀត ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​រដ្ឋាភិបាល​ចិន គោលនយោបាយ​ទីផ្សារសេរី​របស់​កម្ពុជា និង គោលការណ៍​ប្រជាធិបតេយ្យ គេ​បាន​សង្កេតឃើញថា សហគមន៍​ជនជាតិភាគតិច​ចិន ជនជាតិ​ចិន​កាត់​ខ្មែរ និង អន្តោប្រវេសន៍​ចិន មិន​គ្រាន់តែ​បានរស់នៅ​យ៉ាង​សុខសាន្ត​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បាន​ចងក្រង​គ្នា​ជា​សមាគម បង្កើត​សាលារៀន​ភាសា​ចិន ព្រះវិហារ​ចិន ភោជនីយដ្ឋាន​ចិន វិទ្យុផ្សាយសំឡេង​ជា​ភាសា​ចិន និង ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​កំពុង​រកស៊ី​នៅ​ស្រុ​ខ្មែរ ដូចជា ក្រុមហ៊ុន​វិនិយោគ​ខាង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​កាត់​ស្បែកជើង សហគ្រាស​សំណង់​ស្ពាន​ថ្នល់ វា​រី​អគ្គិសនី និង ការរុករក​រ៉ែ ជាដើម​។

សរុប​មកវិញ ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ពិត​ជាមាន​លក្ខណៈ​លេចធ្លោ​គួរឱ្យកត់សម្គាល់ ទាំង​វិស័យ​ភាពយន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ទាំង​ផ្ទៃ​ក្នុងប្រទេស តំបន់ និង អន្តរជាតិ ដោយសារតែ​ចិន​ជា​មិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ផង ចិន​អ្នកផ្ដល់ជំនួយ​ឱ្យ​កម្ពុជា​ធំជាងគេ​បំផុត​ផង ហើយ​ទុនវិនិយោគ​របស់​វិស័យ​ឯកជន​ចិន​នៅ​កម្ពុជា​ក៏​ច្រើនជាងគេ​ដែរ​៕ 

          


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​