ព្រះពុទ្ធសាសនា​មហាយាន និង ហីនយាន ខុសគ្នា​ដូចម្តេច​?

ដើមឡើយ ព្រះពុទ្ធសាសនា គ្មាន​ការបែងចែក​និកាយ​នោះទេ​។ ប៉ុន្តែ ក្រោយពី​ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន បាន​ប្រមាណ​ជា ២០០ ឆ្នាំ ព្រះពុទ្ធសាសនា ក៏បាន​បែកខ្ញែក ជា​ពីរ​និកាយ​ធំៗ​គឺ និកាយ​មហាយាន និង​និកាយ​ហីនយាន​។ មហាយាន អាច​ហៅ​ម្យ៉ាង​ទៀតថា អាចរិយវាទ ព្រោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​មហាយាន ជឿ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​គ្រូ​អា​ចា្យ ហើយ ហីនយាន អាច​ហៅ​មួយបែប​ទៀតថា ថេរវាទ ព្រោះ​បរិស័ទ ដើរ​តាម​គន្លង​ព្រះពុទ្ធ​ឱវាទ តាមរយៈ​ព្រះ​ត្រៃបិដក និង​ការអប់រំ​របស់​ព្រះ​ថេរៈ​គ្រប់​អង្គ​។

​ការបែងចែក​និកាយ​ក្នុង​ព្រះពុទ្ធសាសនា មាន​មូលហេតុ​ជាច្រើន បុ​ន្តែ​មូលហេតុ​ដ៏​ចម្បង​មួយ​គឺ ការមិនចុះសម្រុង​គ្នា​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ ជុំវិញ​ការយល់ឃើញ​នូវ​ព្រះពុទ្ធដីកា​។ បន្ទាប់ពី​ព្រះពុទ្ធ​អង្គ ទ្រង់​រលត់​សង្ខារ​ទៅ សាវ័ក​ទាំងឡាយ ចាប់ផ្តើម​ប្រទាំង​ប្រទូស​គ្នា អំពី​ព្រះ​ពុទ្ធឱវាទ និង​ការប្រតិបត្តិ ជា​បន្តបន្ទាប់​។

​ព្រះសង្ឃ​ខ្លះ​ថា ព្រះធម៌​នេះ​ត្រឹមត្រូវ ព្រះធម៌​នោះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ព្រះសង្ឃ​ខ្លះ​ទៀតថា ការប្រតិបត្តិ​បែបនេះ ទើប​ត្រឹមត្រូវ ការប្រតិបត្តិ​បែ​បន​នោះ​មិន​ត្រឹមត្រូវ​ឡើយ​។ ដោយសារតែ ការមិន​ឯកភាពគ្នា​ត្រង់ចំណុច​នេះហើយ ទើប​ព្រះពុទ្ធសាសនា បាន​ពុះ​បំបែក​ជា​ពីរ​និកាយ ពោលគឺ និកាយ​មហាយាន​និង​និកាយ​ហីនយាន រហូតមកដល់​បច្ចុប្បន្ន នេះឯង​។

តើ​ព្រះពុទ្ធសាសនា ខាង​មហាយាន​និង​ហីនយាន​មាន​លក្ខណៈផ្សេង​ពីគ្នា​យ៉ាងដូចម្តេច​?

មហាយាន មានន័យថា យាន​ធំ​ឬ​រទេះ​ធំ​។ យាន​ធំ​ឬ​រទេះ​ធំ ក្នុង​ទីនេះ ចង់​សំដៅថា យាន​ដែល​អាច​ផ្ទុក​សត្វលោក​បាន​ច្រើន ក្នុងការ​ឆ្ពោះទៅកាន់​បរមសុខ ពោលគឺ​ព្រះ​និព្វាន​។ អ្នក​កាន់​ព្រះពុទ្ធសាសនា​មហាយាន យល់ថា ព្រះធម៌​វិន័យ​នៃ​ព្រះសម្មាសម្ពុទ្ធ មាន​លក្ខណៈ​ធូរ​លុង និង​ងាយស្រួល​ប្រណិប័តន៍ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​បានសម្រេច​ធម៌​យ៉ាង​ឆាប់រហ័ស​។

​មហាយាន ប្រតិបត្តិ​តាម​ឱវាទ​របស់​គ្រូអាចារ្យ ដែល​បាន​ពោល​ទុក​មក​តៗ​គ្នា ដែល​ហៅថា លទ្ធិ​អាចរិយវាទ​។ លើសពីនេះ​ទៀត​នោះ មហាយាន​ជឿថា មាន​ព្រះ​ពោធិសត្វ​ធំៗ ឬ​មហាសត្វ​ជាច្រើន​អង្គ មិនទាន់​ចូល​និព្វាន ហើយ​កំពុង​ស្ថិតនៅក្នុង​លោក​នេះ ចាំ​ជួយសង្គ្រោះ​សត្វលោក ដូចជា ព្រះ​សិ​អារ្យ​មេត្រី ព្រះ​លោកេស្វរៈ ព្រះ​ម​ញ្ឆុ​ស្រី ជាដើម​។ អ្នក​គួរ​កត់សម្គាល់ថា ព្រះសង្ឃ​ខាង​មហាយាន ស្លៀកខោ​និង​ពាក់អាវ ហើយ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​មហាយាន មាន​ដូ​ជា ចិន វៀតណាម ជប៉ុន កូរ៉េ ម៉ុង​ហ្គោ​លី ជាដើម​។
​ចំណែកឯ ហីនយាន បានន័យថា យាន​តូច​ឬ​រទេះ​តូច​។ អត្ថន័យ​នេះ ចង់​សំដៅថា យាន ដែល​អាច​ផ្ទុក​សត្វលោក​បាន​តិច ក្នុងការ​ឆ្ពោះទៅកាន់​ព្រះ​និព្វាន ជា​ស្ថាន​ផុត​ទុក្ខ​ទាំងពួង​។ ហេតុផល​ដែលថា ហីនយាន អាច​នាំ​សត្វលោក ទៅកាន់​ព្រះ​និព្វាន​បាន​តិច ព្រោះ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិ​នេះ គឺ​ដើរ​តាម​គន្លង​គម្ពីរ​ព្រះ​ត្រៃបិដក ដែលមាន​វិន័យ​តឹងរឹង ហើយ​ការប្រតិបត្តិ​ក៏​តឹងតែង ដែល​សត្វលោក​មិន​ងាយ​ធ្វើបាន​។

អ្នក​គួរ​ចាប់អារម្មណ៍​ថា ព្រះសង្ឃ​ខាង​ហីនយាន ស្លៀក​ស្បង់​និង​គ្រងចីវរ ហើយ​ប្រទេស​ដែល​ប្រកាន់យក​លទ្ធិ​ហីនយាន មានដូចជា កម្ពុជា ស្រីលង្កា មី​យ៉ាន់​ម៉ា ឡាវ ថៃ ជាដើម​។ អ្នក​កាន់​ពុទ្ធសាសនា​ហីនយាន ប្រកាន់​ភ្ជាប់​ថា មានតែ​ព្រះពុទ្ធ​បរម​គ្រួ​ទេ ដែល​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញាណ ហើយ​ពួកគេ​គោរព​ប្រតិបត្តិ​យ៉ាងខ្លាំង​ចំពោះ​ព្រះអង្គ​។  

ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​ត្រូវបាន​បំបែក​ជា​ពីរ​និកាយ​ខាងលើ​ទេ តែ​ថែមទាំង​ត្រូវបាន​បែងចែក​ជា​និកាយ​តូចៗ បន្តទៀត នៅពេលដែល​ហូរ​ចូល​ប្រទេស​ផ្សេងៗ​ក្នុង​លោក​។ ជាពិសេស​ជាងនេះទៅទៀត ព្រះពុទ្ធសាសនា បាន​ប្រែប្រួល​ទៅតាម​វប្បធម៌ ប្រពៃណី នៃ​ជាតិ​សាសន៍​នីមួយៗ តួយ៉ាង​ដូចជា អ្នក​កាន់​ពុទ្ធសាសនា ក្នុងប្រទេស កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ ជាដើម​។ ប្រទេស​ទាំងនេះ​សុទ្ធតែ កាន់​ព្រះពុទ្ធសាសនា​បែប​ហីនយាន តែ​ការប្រតិបត្តិ នៅតែមាន​លក្ខណៈផ្សេងៗ​ពីគ្នា​។ ដូច្នេះហើយ​បានជា​អ្នកប្រាជ្ញ​ក្នុង​ព្រះពុទ្ធសាសនា តែង​ពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជា​ទឹក ព្រោះ​ដល់ទី​ណា ក៏​អាច​បត់បែន​បានដែរ ដោយ​អាស្រ័យ​តាម​ទីតាំង និង​ស្ថានភាព នៃ​កន្លែង​នោះ​។​

បើទោះបីជា​ព្រះពុទ្ធសាសនា បាន​បែង​ចែកជា​លទ្ធិ​ផ្សេងៗ​គ្នា​ក៏ពិតមែន តែ​អ្នក​កាន់​ព្រះពុទ្ធសាសនា​គ្រប់រូប តែ​ប្រកាន់​ភ្ជាប់​ថា ព្រះពុទ្ធសាសនា មាន​គោលដៅ​តែមួយ គឺ​ការ​រុញច្រាន​សត្វលោក​ទាំងពួង ឲ្យ​ប្រាសចាក​ពី​វាល​វដ្ត​សង្សារ ហើយ​ឈានទៅ​កាន់​ស្ថាន​បរមសុខ គឺ​ព្រះ​និព្វាន​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​