តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

Doliprane TVC

​នេះ​ជា​សំណួរ​គ្មាន​ចម្លើយ​របស់​កុមារី ពែ​ក ហ៊ីង ​អាយុ ១៤ ឆ្នាំ រស់នៅក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយនា​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប ។ ឆ្នាំនេះ​នាង​បានប្រឡង​ជាប់​ឌី​ប្លូ​ម​រួចហើយ សម្រាប់​ចូលរៀន​នៅ​បវេសនកាល​ឆ្នាំ​ថ្មី​នេះ នាងនឹងត្រូវ​ចូលរៀន​ថ្នាក់​ទី ១០ ។ អ្វី​ដែលជា​ឧបសគ្គ​ចម្បង​សម្រាប់​នាង​នាពេលនេះគឺ​នាង​មិនអាច​ចូលរៀន​បាន​ដូច​មិត្តភក្តិ​របស់​នាង​ដទៃទៀត​ឡើយ ដោយសារតែ​ជីវភាព​ក្នុង​គ្រួសារ​របស់​នាង​លំបាក​ខ្លាំងពេក ហើយ​ក្រុមគ្រួសារ​របស់​នាង​ក៏គ្មាន​ថវិកា​សម្រាប់​ឱ្យ​នាង​បន្ត​ការសិក្សា​ទៀត​ដែរ ។ នាង​មានចិត្ត​អន្ទះសា​ចង់​ចូលរៀន​យ៉ាងខ្លាំង ព្រោះ​នាង​គិតថា​មានតែ​ចំណេះវិជ្ជា​ទេ​ដែល​អាចជួយ​យឹតយោងជីវភាព​គ្រួសារ​របស់​នាង​នៅ​ថ្ងៃ​អនាគត ។ ​នៅពេល​បវេសនកាល​បាន​រំកិល​ចូល​ជិត​មកដល់​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ កុមារី ពែ​ក ហ៊ីង ដែលមាន​ឈ្មោះ​ត្រូវ​ចូលរៀន​ជា​សិស្ស​ថ្នាក់​ទី ១០ នោះ​កំពុងតែ​ពិបាកចិត្ត និង ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​មិនដឹងថា​តើ​នាង​មាន​វាសនា​បាន​ចូលរៀន​ដូចជា​មិត្តភក្តិ​ដទៃទៀត​ដែរ ឬ យ៉ាងណា​នោះទេ ?

តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

ពេល​ជួប​ជាមួយ​«​ប្រជាប្រិយ​»​នាង​បានបង្ហាញ​អាការម្តង​អង្គុយ​ម្តង​ឈរ​បញ្ជាក់​ពី​ទឹកចិត្ត​អន្ទះសា​ដែល​នាង​ចង់ទៅ​សាលារៀនដូច​មិត្តភក្តិ​របស់​នាង​ដទៃទៀត​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​គ្រួសារ​របស់នាង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បីឱ្យ​នាង​បាន​ចូលរៀន​ដូច​គេ ។​ ​កុមារី ពែ​ក ហ៊ីង រស់នៅ​ភូមិ​ប្រណីត ឃុំ​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប នាង​មាន​បងប្អូន​ចំនួន​ពីរ​នាក់ នាង​ជា​កូនច្បង ឯ​ម្តាយ​ជា​ស្ត្រី​មេម៉ាយគ្មាន​មុខរបរ​អ្វី​ធំដុំ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឡើយ ហើយ​ប្អូនប្រុស​របស់​នាង​អាយុ ១២ ឆ្នាំ កំពុង​សិក្សា​ថ្នាក់​ទី ៧ ។

តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

នាង​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា «​បវេសនកាល​ឆ្នាំ​ថ្មី​នេះ​ជិត​ចូលមក​ដល់​ហើយ មិត្តភក្តិ​របស់ខ្ញុំ​ទាំងអស់​នាំគ្នា​ទៅ​សាលារៀន​យ៉ាង​សប្បាយរីករាយ ចំណែកខ្ញុំ​បែរជា​មិនបាន​ទៅ​រៀន​ដូច​គេ នៅពេលនេះ​ខ្ញុំ​តូចចិត្ត​ខ្លួនឯង​ខ្លាំងណាស់​មកពី​ខ្ញុំ​ក្រ ។ រាល់ថ្ងៃនេះ​កុំថាឡើយ​ប្រាក់​ទៅ​សាលា សូម្បីតែ​ប្រាក់​សម្រាប់ទិញ​បាយ​ញ៉ាំ​ក៏​រក​សឹងតែ​មិនបាន​ផង តើ​ខ្ញុំ​មានលទ្ធភាព​ឯណា​បាន​ទៅ​រៀន​ដូច​គេ ? ឆ្នាំនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ឈប់រៀន​ហើយ ព្រោះ​គ្មាន​ប្រាក់ និង ទុកពេល​ខំប្រឹង​រកប្រាក់​ឱ្យ​ប្អូនប្រុស​របស់ខ្ញុំ​បាន​រៀន​បន្ត​វិញ ព្រោះ​ម្តាយរបស់ខ្ញុំ​ក៏​គ្មាន​មុខរបរ​គ្មាន​ការងារ​ធ្វើ​ដែរ គឺ​ពឹងផ្អែក​តែ​លើ​ការធ្វើ​ស្រែចម្ការ បន្តិចបន្តួច​សម្រាប់​ចិញ្ចឹម​ក្រពះ​មិន​គ្រប់​ផង​» ។

តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

​បងស្រី ឡូញ ថៃ ជា​ម្តាយ​កុមារី ពែ​ក ហ៊ីង និង កុមារា ពែ​ក គង់ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​«​ខ្ញុំ​ក្រ​ណាស់​មិនមាន​ប្រាក់​ឱ្យ​កូន​ទាំ​ពីរ​នាក់​ទៅ​រៀន​នោះទេ មានតែ​បង្ខំចិត្ត​ឱ្យ​កូនច្បង​ឈប់រៀន​ប៉ុណ្ណោះ ដើម្បី​រួមគ្នា​រកប្រាក់ ឬ ធ្វើស្រែ​ឱ្យ​កូន​ប្អូន​បាន​រៀន​បន្ត បើ​ឱ្យ​រៀន​ទាំងពីរ​នាក់​គឺ​ប្រាកដជា​ដាច់ពោះ​ស្លាប់​ជាមិនខាន​ឡើយ ។ កាលពីមុន​ខ្ញុំ​ធ្វើជា​កម្មករ​កំណាយ​នៅ​បរិវេណ​អង្គរគ្រាន់​បាន​ប្រាក់ខែ​ខ្លះ​ចិញ្ចឹម​កូន​ទាំងពីរ​ឱ្យបាន​ទៅ​រៀន ប៉ុន្តែ​ជាង​មួយឆ្នាំ​មកហើយ​ដែល​ខ្ញុំ​ចប់​កិច្ចសន្យា​ក្នុង​ការធ្វើ​កំណាយ​នៅក្នុង​តំបន់​អង្គរ​បានធ្វើឱ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​កាន់តែ​លំបាកទៅៗ បើ​កុំ​តែ​បាន​ប្អូន នៅ សុភ​ក្ត្រ ជំនួយការ​កំណាយ​នៅ​ប្រាសាទបាយ័ន​យកប្រាក់​ផ្ទាល់ខ្លួន​មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ខ្ញុំ និង កូនៗ​ទេនោះម៉្លេះកូនៗ​របស់ខ្ញុំ​ឈប់រៀន​តាំងពី​ជាង​មួយ​ឆ្នាំមុន​ ។

តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

សព្វថ្ងៃ​ការធ្វើ​ស្រែចម្ការ​របស់​គ្រួសារ​ខ្ញុំ​មួយឆ្នាំ​ហូប​មួយខែ​មិន​គ្រាន់​ផង នៅពេលនេះ​ខ្ញុំ​សុំ​លើកដៃ​សំពះ​ដល់​បងប្អូន​សប្បុរសជន​ទាំងឡាយ​ដែលមាន​ទឹកចិត្ត​សប្បុរសធម៌​មេត្តាជួយ​គ្រួសារ​របស់ខ្ញុំ​ផង ជាពិសេស​ជួយ​ដល់​កូនៗ​របស់ខ្ញុំ​ឱ្យបាន​ចូលរៀន​នៅ​ឆ្នាំនេះ​ផង បើ​មិន​ដូច្នេះ​ទេ​កូន​របស់ខ្ញុំ​នឹង​ឈប់រៀន នៅ​ឆ្នាំនេះ​ជាមិនខាន​» ។

តើ​ខ្ញុំ​មាន​វាសនា​ បាន​ចូលរៀន​បវេសនកាល​ឆ្នាំនេះ​ទេ ?

​លោក នៅ សុភ​ក្ត្រ ជា​ជំនួយការ​គ្រប់គ្រង​រប​ស់​អង្គការ​យូ​នី​ស្កូ សហការ​ជាមួយ​ប្រទេស​ជប៉ុន និង មិត្តភក្តិ​ដែលជា​អ្នក​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​មួយនេះ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​នោះបាន​និយាយថា​«​ខ្ញុំ​បាន​ស្គាល់​គ្រួសារ​នេះ​យូរ​ឆ្នាំ​ហើយ ពួកគាត់​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ណាស់ ប៉ុន្តែ​មុខរបរ​របស់គាត់​រក​បាន​ព្រឹក​ខ្វះ​ល្ងាចរកបាន​ល្ងាច​ខ្វះ​ព្រឹក ហើយ​ខ្ញុំ​ក៏​កំពុង​អន្តរាគមន៍​ជួយ​កុមារី ពែ​ក ហ៊ីង ឱ្យបាន​ចូលរៀន​វិញ​ដែរ​» ។ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវដល់​សប្បុរសជន​ទាំងឡាយ​មេត្តាជួយ​ដល់​ក្រុមគ្រួសារ​កុមារី ពែ​ក ហ៊ីង នេះ ផង បើ​គ្មាន​ការជួយឧបត្ថម្ភ​ពី​បងប្អូន​ទេ​កុមារ​ទាំងពីរ​នាក់​បង​ប្អូន​នេះ​នឹង​ឈប់រៀន​មិន​ខាន ៕ ​នឿន