ផ្នូរខ្មោច​ឈើ​ប្រណីត អ្នកស្រុក​ផ្អើល​គាស់​យក​ឈើ​កប់​ក្រោយ​ឃ្លាំង​ឧកញ៉ា​ថៃ ដឹង​ដល់​ព្រះរាជអាជ្ញា​ទប់ស្កាត់

ផ្នូរខ្មោច​ឈើ​ប្រណីត អ្នកស្រុក​ផ្អើល​គាស់​យក​ឈើ​កប់​ក្រោយ​ឃ្លាំង​ឧកញ៉ា​ថៃ ដឹង​ដល់​ព្រះរាជអាជ្ញា​ទប់ស្កាត់

ខេត្តកំពង់ចាម ៖ ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​កាប់​ឈើ និង​អំពើ​រត់ពន្ធ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម​នោះ គេ​សង្កេត​ឃើញ​មាន​ឈើ​ប្រណីត​ជា​ច្រើន​ពាន់​ម៉ែត្រគូប​មាននៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​របស់​ឧកញ៉ា​មួយ​កំ​ភ្លូ​ស និង​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុម​ឈ្មួញ​ភ័យ​ស្លន់ស្លោរ​យក​ទៅ​កប់​លាក់​ទុក​នៅ​ក្នុង​ដី ដើម្បី​លាក់បាំង​ពី​ភ្នែក​ក្រុម​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ជាតិ ។

ទោះជា​បែប​នេះ​ក្តី នៅ​តែ​ស្រាវជ្រាវ​រក​ឃើញ​ដដែល ព្រោះ​អំពើ​ទុច្ចរិត​លាក់​មិន​ជិត​ទេ ។ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ខាងក្រោយ​ឃ្លាំង​ដ៏​ធំ​របស់​ឧកញ៉ា​ថៃ​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ ក្នុងភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ មាន​ឈើ​ប្រណីត​ធំ​ៗ​ត្រូវ​បាន​កប់​នៅ​ក្នុង​ដី ។

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដោយ​មានការ​ងឿងឆ្ងល់​បាន​នាំ​គ្នា​ទៅ​កាយ​ដី​ក្នុង​រណ្តៅ​ជីក​យក​អាចម៍ដី​ដ៏​ធំ​១​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្រោយ​ឃ្លាំង​របស់​ឧកញ៉ា​ថៃ បានឃើញ​ឈើ​ជា​ច្រើន​កំណាត់​ក៏​មាន​អ្នកខ្លះ​បាន​ប្រមូល​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ផ្ទះ​ផង​ដែរ  ។  

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សា​សា​ដំបូង​ខេត្ត​បន្ត​ថា ដោយ​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​នេះ​ភ្លាម រូប​លោក​បាន​ចាត់​ឱ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់​ដើម្បី​យាម ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ដឹកឈើ​ប្រណីត​ទាំងនោះ​ចេញ​ទៅ​ណា​ទៀត​ឡើយ ។ បន្ទាប់​មក​រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​តែ​ម្តង ដោយ​សមត្ថកិច្ច​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចៀសវាង​ការ​បាត់​ឈើ​ប្រណីត​ដែល​មាន​ដុំ​ធំ​ៗ​កប់​ក្នុង​រណ្ដៅ​ដី​ដ៏​ធំ​មួយ​នេះ ។ ចំពោះ​បរិមាណ​ឈើ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នោះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ លុះត្រា​ណា​តែ​គាស់​លើក​មក​រាប់ ទើប​ដឹង​ពិតប្រាកដ ។ 

លោក​ថា នៅ​ដើម​ស​ប្តា​ហ៍​នេះ​ប្រហែល​ថ្ងៃ​ទី​៨​កុម្ភៈ នឹង​ត្រៀម​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​គ្រប់​ជំនាញ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត នឹង​ធ្វើការ​គាស់​មក​រាប់​ឱ្យ​ដឹង​ពី​បរិមាណ​ឈើ​ទាំងនេះ  ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ មក​រា រហូត​មក​ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦   កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ជាតិ ដែល​បាន​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ឆែក​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ក្នុង​នោះ​មាន ១-​ឧកញ៉ា អុល ២-​ឧកញ៉ា ខ្មា​ ៣-​ឧកញ៉ា ថៃ ។ សម្រាប់​ទីតាំង​ចុង​ក្រោយ​គេ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​របស់​ឧកញ៉ា​ថៃ​តាំងពី​ឈើ​នៅ​ក្នុង​ឃ្លាំង និង​ឈើ​កប់​នៅ​ក្នុង​ដី ក្នុង​រូបភាព​ចុះ​ផ្សាយ​នេះ​ជាដើម ។  លោក​ព្រះរាជអាជ្ញា​បាន​សង្កត់ធ្ងន់​ថា សម្រាប់​យុទ្ធនាការ​ចុះ​ទប់ស្កាត់​ការ​នាំ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម   មិន​ទាន់​ត្រូវ​បញ្ចប់​នោះ​ទេ បើសិនជា​ដឹង​ពី​ទីតាំង​កន្លែង​ណា​ផ្សេង​ទៀត នឹង​បន្ត​ត្រួតពិនិត្យ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ថ្នាក់​ជាតិ ។

សំណុំរឿង​ឈើ​ប្រណីត​នេះ ទោះបី​មិន​ទាន់​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ក្ដី​ក៏​មិន​មាន​ន័យ​ថា សមត្ថកិច្ច​មិន​ហ៊ាន​ចាប់​នោះ​ទេ តែ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត គឺ​ត្រូវ​ប្រមូល​ភស្ដុ​តាង​ជា​មុន ដែល​ករណី​នេះ​មិនមែន ឃើញ​ទឹក​ស្ងប់​ថា ក្នុង​ទឹក​អត់​ត្រី​ទេ ។

មាន​ដំណឹង​លេចឮ​ខ្លះ​ថា ឧកញ៉ា​ខ្លះ​ដែល​មានខ្លួន​បាន​គេច​បាត់​ទៅ​ហើយ ។ សូ​ម្បី​ទូរស័ព្ទ​ក៏​បិទ​ដែរ លែង​និយាយ​ចេញ​តែ​ម្ដង ។ ខ្លះ​ថា ពួក​គេ​ទំនង​ទៅ​ក្រៅប្រទេស ខកខាន​សែន​កុងម៉ា​ក៏​មាន​ដែរ ។

មាន​ទូរស័ព្ទ​ពី​ខេត្ត​ត្បូងឃ្មុំ​មក​ថា កន្លង​មក​មានឈ្មោះ​ឧកញ៉ា តិក ឧកញ៉ា ជ្រាយ ជា​ឈ្មួញ​ឈើ​សកម្ម​ដែរ ប៉ុន្តែ​ពេល​នេះ​ដូច​ជា​បាត់ឈ្មោះ​ឈឹង​តែ​ម្ដង ។

ទំនង​បែប​គាត់​ឈប់​ទាន់​ក៏​មិនដឹង ប្រហែលជា​ឆ្អែត​ផង​ក៏​មិនដឹង​ដែរ គ្រាន់តែ​ចាត់ទុកជា​សំណាង​ធំ​មួយ​ដែរ រក​មិនឃើញ​ឈើ​របស់គាត់ ៕