វិធី​ធ្វើ​សម្ល​ចាប់​ឆាយ​តាម​ទម្លាប់​ជន​ជាតិ​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ក្នុង​ចំណោម​អាហារ​ប្រពៃណី​ចិន​ជា​ច្រើន ​ចាប់​ឆាយ ​គឺ​ជា​មុខ​ម្ហូប​ដ៏​ពេញ​និយម​សម្រាប់​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ដោយ​សារ​តែវា​ ចម្អិន​ពី​បន្លែ​ចម្រុះ​គ្រប់មុខ​ ហើយ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ទ្រទ្រង់​រាងកាយ​។ទោះបី​យ៉ាង​ណា​ដោយសារ​ប្រជាជន ​ចិន​មាន​រាប់​រយ​លាន​នាក់ ​និង​ខ្លះ​បាន​ចេញ​ទៅ​រ​ស់​នៅ​ប្រទេស​ផ្សេងៗ​គ្នានោះ​ ដូច្នេះ​វិធី​ចម្អិន​ម្ហូប​អាហារ​ក៏​មាន​លក្ខណៈ​ក្លាយ ​ឬខុស​ប្លែក​គ្នា​ទៅ​តាម​ទម្លាប់​ក្រុម​គ្រួសារនីមួយៗ​។ ដូចគ្នា​នេះដែរ ​ការ​ចម្អិន​ចាប់​ឆាយ ​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​តំបន់។ ថ្ងៃនេះ​ Cool News ​សូម​នាំ​ជូន​ប្រិយមិត្ដ​អាន​នូវ​វិធី​ធ្វើ​សម្ល​ចាប់​ឆាយ​ដូច​ខាង​ក្រោយ​នេះ​គ្រឿងផ្សំ​ឆ្អឹង​ជំនី​ ឬជើង​​​ជ្រូក ​ស្បែក​ជ្រូក​បំព​ង ផ្សិត​ត្រចៀក​កណ្តុ​​រ ឆៃថាវ ​ការ៉ុត ​ស្ពៃក្តោប ស្ពៃបូគោ ដំឡូងបារាំង ខាត់ណា ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹកត្រី។
វិធីធ្វើឆ្អឹងជំនី ឬ ជើងជ្រូក លាងទឹកឱ្យស្អាត កាប់ជាដុំធំបន្តិច ស្បែកជ្រូកបំពង និងផ្សិត ត្រចៀកកណ្តុរ ដាក់ត្រាំទឹកឱ្យរីក រួចកាត់ឱ្យខ្លីៗ ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកចេញលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ ស្ពៃក្តោប និង ស្ពៃបូគោ កាត់វាឱ្យខ្លីៗល្មម ខាត់ណាសកវាឱ្យស្អាត កាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង។ ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតហាន់ឱ្យល្អិតល្មម ខ្ទឹមសចិញ្ច្រាំឱ្យល្អិត។
ដាក់ឆ្នាំងដាំឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល រួចលីងឱ្យឈ្ងុយបន្តិច ទើបចាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង កូរឱ្យសព្វ ចាក់ទឹកបន្តិច ប្រហែល ៥ នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្តុរ និងបន្លែដើមខាត់ណា ការ៉ុត ឆៃថាវ និងដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឱ្យឆ្អឹង និ បន្លែនោះផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០ នាទី ទើបចាក់ទឹកឱ្យច្រើនតែម្តង។ ហើយរំងាស់វាឱ្យពុះម្តងទៀត ភ្លក់មើលឱ្យល្មម ទើបដាក់ស្ពៃបូគោ ស្ពៃក្តោប និងស្លឹកខាត់ណាចូលមួយរំពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច៕ 
វិធី​ធ្វើ​សម្ល​ចាប់​ឆាយ​តាម​ទម្លាប់​ជន​ជាតិ​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

អត្ថបទ៖ ដេវីដ