អ្នកវិភាគ ថា កម្ពុជា​កំពុង​ក្លាយជា​ទីក្រុង​តូច​មួយ​របស់​ចិន​

ខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើ​ទូទាំងប្រទេស​កំពុងមាន​ការ​ជ្រួលជ្រើម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​នេះ អ្នកវិភាគ​យល់ឃើញថា កម្ពុជា​កំពុង​រង​ឥទ្ធិពល​ច្រើន​ពី​ចិន ដែល​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ទប់ស្កាត់​។ អ្នកវិភាគ​ថា បើ​មិន​ការទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ កម្ពុជា​នឹង​ក្លាយ​រដ្ឋ​តូច​មួយ​របស់​ចិន​។​

​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម​នេះ គឺជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​ជាប់សែស្រឡាយ​ចិន ត្រូវ​រៀបចំ​ពី​ធី​សែន​ទទួល​ទេវតា តាមបែប​សាសនា​ចិន ដើម្បី​ទទួលបាន​សិរី​សួស្ដី​តាម​ហុងស៊ុយ​ចិន សម្រាប់​គ្រួសារ​ពួកគេ ។ តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត​កំពុង​មានការ​ជ្រួលជ្រើម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះដែរ បើទោះជា​ពួកគេ​មិន​ជាប់សែស្រឡាយ​ចិន​ក៏ដោយ​។ អ្នកវិភាគ​មើលឃើញថា បញ្ហា​នេះ​គឺ​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ទប់ស្កាត់​។​

​អ្នកវិភាគ​នយោបាយ លោក រស់ រ៉ាវុធ ដែល​ទទួលស្គាល់ថា​ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ភាព​ល្អូកល្អិន​នឹង​គ្នា ទើប​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ចិន​ខ្លាំង ដោយ​ក្នុងនោះ​មាន​វប្បធម៌​ផងដែរ​។ លោក រស់ រ៉ាវុធ មើលឃើញថា លំហូរ​វប្បធម៌​ចិន​ពេលនេះ កំពុង​ហូរ​ចូល​ប្រទេស​កម្ពុជា​ខ្លាំង ដែលជា​ការព្រួយបារម្ភ​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​រក​វិធានការ​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​វប្បធម៌​ខ្មែរ មានការ​ធ្លាក់ចុះ​ទាប​ជាង​វប្បធម៌​ចិន ។ លោក​ថា បើសិនជា​នៅតែ​មានការ​បណ្ដែតបណ្ដោយ​និង​មិនមាន​ការទប់ស្កាត់​លំហូ​រ​វប្បធម៌​ចិន​ទេ នោះ​កម្ពុជា នឹង​ក្លាយជា​ទីក្រុង​តូច​មួយ​របស់​ចិន តាមរយៈ​អំណាច​ត្រជាក់​ពី​ចិន​។​

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​វប្បធម៌​ចិន បាន​ចូលមក​កម្ពុជា​យូ​ណាស់​មកហើយ​។ ហើយ​ពេលនេះ​វប្បធម៌​ចិន​កំពុង​ហូរ​ចូល​កម្ពុជា​យ៉ាងគំហុក ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​ក្មេងជំនាន់ក្រោយ​យល់ច្រឡំ​រវាង​វប្បធម៌​ទាំងពីរ​។ ព្រោះ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម មិនមែនជា​បុណ្យ​ខ្មែរ​ទេ ដូចនេះ​យើង​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ជាប់សែស្រឡាយ​ចិន​ជ្រួលជ្រើម​ជ្រុល​នាំ​ឲ្យ​បាត់បង់​វប្បធម៌​ខ្មែរ​។​ហើយ​បើ​ទប់ស្កាត់​ទេនោះ មិនចាំបាច់​ដល់​១០​ឬ​២០​ឆ្នាំ​ខាងមុខ​ទេ កម្ពុជា​នឹង​ក្លាយជា​ទីក្រុង​តូច​របស់​ចិន​ប៉ុណ្ណោះ ដោយ​ចិន​ប្រើ​កម្លាំង​តិចតួច​បំផុត តាមរយៈ​អំណាច​ត្រជាក់​របស់​ចិន​នេះ​»​។​

អ្នកវិភាគ​មួយរូប​ទៀត លោក មាស នី មើលឃើញ​ដែរ​ថា លំហូរ​វប្បធម៌​បរទេស​ចូលមក​កម្ពុជា​ពេលនេះ ជា​បញ្ហា​ដែល​រដ្ឋាភិបាល​គួរ​ទប់ស្កាត់ កុំ​ឲ្យ​វប្បធម៌​ជាតិ​ខ្លួន​រលាយ​បាត់បង់​។ ខណៈដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម​មកដល់​នេះ លោក មាស នី យល់ថា រដ្ឋាភិបាល​គួរតែ​ដាក់ចេញ​វិធានការ​ឲ្យ​បានច្បាស់លាស់ កុំ​ដាក់​វិធានការ​តែ​មាត់​ហើយ​ខ្វះ​ការ​រឹតបន្ដឹង​ឲ្យ​បាន​ត្រឹមត្រូវ​។​«​មិនមែន​យើង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​គោរព​សាសនា​ពួកគេ​ទេ តែ​រដ្ឋាភិបាល​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន រឹតបន្ដឹង​កុំ​ឲ្យ​លំហូរ​វប្បធម៌​បរទេស​នេះ​ចូលមក​កម្ពុជា ដែល​អាចធ្វើ​ឲ្យ​វប្បធម៌​ខ្មែរ​យើង​បាត់បង់ ហើយ​បើ​បណ្ដោយ​ខ្លាំងពេក​នោះ​វប្បធម៌​ខ្មែ​នឹង​អាច​រលាយ​។​តែ យើង​មិនចាំបាច់​រឹតបន្ដឹង​ខ្លាំងពេក​ទេ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស គ្រាន់តែ​ថាបើ​ដាក់​វិធានការ​អ្វីមួយ​ឲ្យ​ច្បាស់ ឲ្យ​ពលរដ្ឋ​អនុវត្តតាម​ដោយមាន​ប្រសិទ្ធិភាព​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក មាស នី​។​

កន្លងមក​ប្រមុខ​រដ្ឋាភិបាល តែងតែ​ដាក់​វិធានការ​ទប់ស្កាត់​កុំ​សិស្ស និស្សិត គ្រូបង្រៀន មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន ឲ្យ​ចូលរៀន​និង​ធ្វើការ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន -​វៀតណាម ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្ដែ​វិធានការ​នេះ​ហាក់​គ្មាន​ប្រសិទ្ធិភាព​ឡើយ​។​

កាលពី​ថ្ងៃទី​០៥ កុម្ភៈ កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួង ស្ថាប័ន​ផ្សេងៗ​ចូលរួម​ទប់ស្កាត់​ចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម ដោយ​បញ្ជា​ឲ្យ​សិស្ស និង​គ្រូ ឲ្យ​មក​បង្រៀន​ធម្មតា​។​ប្រមុខ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ពិបាក​ទប់ស្កាត់​និង​បន្ទោស​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ពួកគេ​តែងតែ​យក​លេស​ថា ពួកគេ​ដែល​ជាប់សែស្រឡាយ​ចិន​។​

តែ​យ៉ាងណា​ទាំង​លោក រស់ រ៉ាវុធ ទាំង​លោក មាស នី យល់ថា បើ​រដ្ឋាភិបាល​ចង់​ដាក់​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធិភាព​នោះ លុះត្រាតែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ធ្វើជា​គំរូ​មុនគេ ដោយ​អនុវត្ត​តាមរយៈ​បំពេញការងារ​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម នេះ ដើម្បី​បង្ហាញ​គំរូ​ភាព​ដល់​មន្ត្រី​ថ្នាក់ក្រោម និង​ប្រជាពលរដ្ឋ​។ តែបើ​ថ្នាក់ដឹកនាំ​ខ្លួនឯង​មិន​ធ្វើការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន -​វៀតណាម​ផង នោះ​ការដាក់ចេញ​វិធានការ​នានា​ក៏​គ្មាន​ប្រសិទ្ធិភាព​ឡើយ​។​

គួ​រកត់សម្គាល់​ឃើញថា ជា​ទម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជាប់សែស្រឡាយ​ចិន រៀបចំ​ពិធី​សែន ទទួល​ទេវតា​តាមបែប​សាសនា​ចិន​។ តែ​វា​ក៏​ជា​ទម្លាប់​ដែរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​មួយចំនួន ទាំង​សិស្ស ទាំង​បុគ្គលិក​ក្រុមហ៊ុន មន្ត្រីរាជការ តែងតែ​យក​លេស​ថា ជាប់សែស្រឡាយ​ចិន ដើម្បី​គេចវេស​ពី​ការសិក្សា ពី​ការងារ សម្រាប់​ឈប់សម្រាក បើទោះជា​គ្មាន​ការអនុញ្ញាតិ​ឲ្យ​ឈប់សម្រាក​ក៏ដោយ​៕

​ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​