ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ ចេញពី​ច្រៀង​ខារ៉ាអូខេ​ ​​បុរស​៣នាក់​ជិះម៉ូតូ​​មួយ​គ្រឿង​ដឹក​នារី​ខារ៉ាអូខេ​ម្នាក់​ក្នុង​ល្បឿន​​លឿន​ដូច​ហោះ​មក​ដល់ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​៧​មក​រា​ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសស្រាល​២​នាក់ ​កាល​ពី​វេលា​ម៉ោង​៣​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកុម្ភៈ នៅ​លើ​ស្ពាន​៧​មក​រា ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

​បុរស​​ដែល​បើក​ម៉ូតូ​​​​ស្លាប់​ឈ្មោះ ផ​ន សុភា ​អាយុ​៣២​ឆ្នាំ ​ជា​កម្មករ​រោងចក្រ ចំណែក​សព​នារី​ខារ៉ាអូខេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ និង​អ្នក​របួសស្រាល​២​នាក់​ទៀត​​​ ម្នាក់​ឈ្មោះ ឃិ​ន គ​ង្កា ​អាយុ​២១​ឆ្នាំ ​ជា​​សិស្ស និង​ម្នាក់​ទៀត​​ឈ្មោះ ​អ៊ឹម វាសនា ​អាយុ​២៩​ឆ្នាំ ​បើករថយន្តឱ្យ​​​​ក្រុមហ៊ុន​ឯកជន ទាំង​បី​នាក់​រស់នៅ​ភូមិ​ត្រពាំង​បា​គូ ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម​សង់​ ​ស៊េរី​ឆ្នាំ​២០០៩ ព​ណ៌ខ្មៅ បិទ​តែម​ត្រួយ​ចេក ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យោង​តាម​សម្តី​របស់​ជន​រង​គ្រោះ​របួសស្រាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ពួក​គេ​​មាន​គ្នា​៣​នាក់​ទើប​​ចេញពី​ច្រៀង​ខារ៉ាអូខេ​ ​និង​​បាន​ដឹក​នារី​ខារ៉ាអូខេ​ម្នាក់​ទៅ​ជាមួយ​ដែរ​ ដោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​ គោលបំណងទៅ​ស្រុក​កំណើត​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ស្រុក​កណ្តាលស្ទឹង​ តាម​ផ្លូវជាតិ​លេខ​​៣ ក្នុង​ល្បឿន​លឿន​​ និង​វ៉ា​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង លុះដល់​​ចំណុច​លើ​ស្ពាន​៧​មក​រា​ ដែល​ជា​ផ្លូវ​កោង​ហើយ​ម៉ូតូ​បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​៧​មក​រា​ពេញទំហឹង​ បណ្តាល​ឲ្យ​​​ស្លាប់​២​នាក់​​ និង​របួស​ស្រាល​២នាក់​តែ​ម្តង ។​

​មន្ត្រី​​សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​កើតហេតុ​​ សព​ឈ្មោះ ផ​ន សុភា ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ចំណែក​​សព​នារី​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​បាន​​ដឹក​យក​ទៅ​​តម្កល់​​ទុក​នៅ​វត្ត​សំបួរ ដើម្បី​រង់​​ចាំ​សាច់ញាតិ​មក​ទទួល រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​​ឱ្យ​​ក្រុម​គ្រួសារ ៕