សិល្បៈ​និងវប្ប​​​ធម៌ &raquo វប្ប​​​ធម៌

កាលពី​សម័យ​ចិន​ជំនាន់​មុន គេ​នាំ​គ្នា​ប្រើ​ដើម​ឫស្សី​ញាត់​រំសេវ ហើយ​ដុត​វា​ដើម្បី​បង្កើត​បានជា​ការ​ផ្ទុះ​តូច​មួយ ឬ​ច្រើន​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ដុត​ដើម្បី​បណ្តេញ​ព្រលឹង​បិសាច ។ លុះ​ក្រោយមក​ការ​ដុត​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «​ការ​ដុត​ផាវ​» ។ យ៉ាងណាមិញ​ក្នុង​សម័យកាល​ទំនើប​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ក្នុង​ពិធីបុណ្យ​ទាន​នានា​ដើម្បី​ឱ្យ​កម្មវិធី​រឹតតែ​សប្បាយ​មួយ​កម្រិត​ទៀត ។

ផាវ នីមួយ​ៗ​ត្រូវ​បាន​ខ្ចប់​ជាមួយ​ក្រដាស​ពណ៌​ក្រហម​ដែល​ពណ៌​នេះ​មាន​ន័យ​ល្អ​ចំពោះ​ពិធីបុណ្យ​ជាក់ស្តែង​ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ចិន​ម្តង​ៗ ។ នៅ​ពេល​ដែល​ដុត​ផាវ​មាន​លាន់ឮ​សំឡេង​ខ្លាំង ឬ​ខ្សោយ​ទៅ​តាម​បរិមាណ​រំសេវ​នៅ​ក្នុង​ក្រដាស​ក្រហម​នោះ ។ ពេល​រំសេវ​ផ្ទុះ​ចេញ​មក​ក្រៅ​មនុស្ស​ប្រុស​-​ស្រី​បន្ទរ​សំឡេង​តាម​ក្រោយ​ដើម្បី​អបអរ សាទរ ហើយ​ពួក​គេ​មាន​ជំនឿ​ថា​សំឡេង​របស់​ផាវ​នឹង​ជួយ​បណ្តេញ​ព្រាយ​បិសាច ឬ​ព្រលឹង​ឧបទ្រពចង្រៃ​ឱ្យ​អស់ ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ការ​ដុត​ផាវ​បាន​ក្លាយជា​ទំនៀមទម្លាប់​មួយ​ដ៏​សំខាន់ ពោល​គឺ​គេ​តែង​មានការ​ដុត​ផាវ​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​ដែល​ខានមិនបាន​ឡើយ ។ ពេលវេលា​ដុត​ផាវ​មិន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ពេល​យប់​ទេ ពោល​គេ​ប្រើ​កាំជ្រួច​វិញ​ម្តង ។ ណាមួយ​ទៀត​ការ​ដុត​ផាវ​មិន​ដូច​ការ​ដុត​កាំ​ជ្រូ​ច​ទេ​ព្រោះ​ពេល​វា​ផ្ទុះ​បែកខ្ញែក​គ្នា​គ្មាន​សណ្តាប់ធ្នាប់ ។

គេ​តែងតែ​ដុត​ផាវ​នៅ​ពេល​ព្រឹក ឬ​ថ្ងៃ​ទៅ​តាម​វេលា​មក​ដល់​នៃ​ឆ្នាំ​ថ្មី​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ។ ពេល​ដុត​ផាវ ម្តង​ៗ​មនុស្ស​ម្នា​មិន​អាច​នៅ​ជិត​បាន​ទេ ព្រោះ​វា​អាច​បង្ក​របួស​ដូច​ជា​រំសេវ​ខ្ទាត​ចូល​ភ្នែក ឬ​កន្លែង​ណា​ផ្សេង​ទៀត ។ ប៉ុន្តែ​ពួក​គេ​អបអរសាទរ​ដោយ​សំឡេង​ស្រែក ឬ​ទះដៃ​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី ។

ទោះបីជា​បែប​ណា​ក្តី ការ​ដុត​ផាវ​នៅ​តាម​ទំនៀមទម្លាប់​នោះ ត្រូវ​បាន​សាបរលាប បន្តិច​ម្តង​ៗ ដោយសារ​តែ​ការ​ដុត​ផាវ​នេះ​តែង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ហើយ​ក៏​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ការ​ផលិត​ផាវ និង​ដុត​ផាវ​មិន​ជាទី​ពេញ​និយម​ទៀត​ទេ សូ​ម្បី​តែ​អាជ្ញាធរ​ក៏​បាន​ហាមឃាត់​ការ​ដុត​ផាវ​ជា​ទូទៅ​ដែរ ទោះបី​នៅ​មាន​ដោយ​កន្លែង ខ្លះ​ៗ​ក្តី ។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ គេ​បាន​ផលិត​ផាវ​ជា​និមិត្តរូប​ផង​ដែរ សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ ៕