ជនជាប់ឃុំ​១៨នាក់​កំពុង​រត់​គេច​​ខ្លួននៅឡើយ​ បន្ទាប់ពីមាន​ការ​រត់គេច​ពី​មណ្ឌល​​​បន្សាប​ថ្នាំ​ញៀន​​

អាជ្ញាធរ​លើក​ឡើង​ថា ខ្លួន​កំពុង​​តាម​​ស្វែង​​រក​​បុរស​​១៨​នាក់​​ក្នុង​ចំណោម​បុរស​​៤៤​នាក់​ ដែល​បាន​គេច​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ពី​មណ្ឌល​​បន្សាបគ្រឿង​ញៀន​​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​​​​ក្នុង​រាជធានី​ភ្នំពេញ ទោះបី​ជា​ប្រធាន​មណ្ឌល​​​​នេះ​​បដិសេធ​ថា គ្មាន​​ហេតុការណ៍​​រត់​គេច​​​​ខ្លួន​​កើត​ឡើង​ក៏ដោយ។

នគរ​បាល​មូលដ្ឋាន​បាន​លើក​ឡើង​ថា ជន​ជាប់​ឃុំ​​ចំនួន​៤៤​នាក់​ក្នុង​ចំណោម​ជន​ជាប់ឃុំ​ប្រហែល​៧០០​នាក់ ដែលត្រូវបាន​​​​ឃុំខ្លួន​នៅ​​​​ក្នុង​មណ្ឌល​បន្សាបគ្រឿង​ញៀន​ឱកាស​ខ្ញុំ ដែល​​​​សម្បូរ​ទៅ​ដោយ​បញ្ហា​នៅ​​ក្នុង​ខណ្ឌ​​សែន​សុខ​ ​បាន​​នាំគ្នា​គេច​ខ្លួន​​ដោយ​ពុះពារ​ជម្នះ​ការ​យាម​​​​កាម​របស់​សន្តិសុខ​​ លួសបន្លា​ និង​របង​បេតុង​ ដើម្បីគេចចេញពីមណ្ឌលនេះ​។

​លោក ញៀន នន់ ​នាយ​ប៉ុស្តិ៍​សង្កាត់​ឃ្មួញ ជា​កន្លែង​ដែល​ហេតុការណ៍​​បាន​កើត​ឡើង​ បាន​​​​លើក​ឡើង​ថា ”​​អ្នក​ញៀន​ថ្នាំ​ទាំង​នោះ​បាន​​គេច​​​​​ខ្លួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​”។ ជនជាប់​ឃុំ​​ប្រហែល​២៣​នាក់​បាន​​ឆ្លៀត​ឱកាស​​​​គេច​ខ្លួន​ជាលើក​ទី១​​ពេល​ទទួល​ទាន​អាហារ​ថ្ងៃត្រង់។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ម៉ោង​ប្រហែល​១០​ឬ​១១​ព្រឹក សន្តិសុខ​បាន​​​លែង​ពួកគេ​ចេញពី​បន្ទប់​ឲ្យ​ទៅ​ទទួល​​ទាន​អាហារ​ថ្ងៃ​ត្រង់​។ បន្ទាប់​មក​​​​ពួកគេ​បាន​រត់បុក​សន្តិ​សុខ​ ហើយ​ឡើង​​លើ​ជញ្ជាំង​​មណ្ឌល​នេះ​។ ជញ្ជាំង​នេះ​​មាន​​ហ៊ុំព័ទ្ធ​ទៅ​ដោយ​​​លួស​បន្លា ហេតុ​ដូច្នេះ​​ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ឡើង​លើ​របង​នេះ​ដោយ​របៀប​ណា​ទេ”។

​លោក​ ញៀន នន់ បាន​ឲ្យ​ដឹង​បន្ត​ថា ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់​នោះ ​ជន​ជាប់​​ឃុំខ្លួន​២១​នាក់​ផ្សេងទៀត​​បាន​គេច​រួច​តាម​​​ប្រហោង​ដែល​ពួកគេ​​ចោះ​នៅ​លើ​ពិដាន​នៃ​​​អគារ​​មណ្ឌលកែប្រែ​នេះ​។

លោក​បាន​ពន្យល់​ថា “ពួកគេ​​​ហែក​ដំបូល​ដោយ​ប្រើដៃ ហើយ​ឡើង​លើ​ដំបូល​នោះ ​បន្ទាប់​មក​លោត​ផ្លោះ​របង​ដោយ​សារ​អគា​រនេះ​នៅ​ជិត​របង”។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ទីបំផុត អាជ្ញាធរ​នៅ​មណ្ឌល​ឱកាស​ខ្ញុំ​​បាន​ជូនដំណឹង​​នគរ​បាល​មូល​ដ្ឋាន​ដែល​បាន​បញ្ជូន​មន្ត្រី​ប្រហែល​​១៦​នាក់​ឲ្យ​តាម​ចាប់​​បុរស​ដែល​គេច​ខ្លួនទាំងនោះ​​មក​វិញ ប៉ុន្តែ​ក្នុង​នោះ​មាន​១៨​នាក់​មិនទាន់ចាប់បាន​មកវិញនៅ​ឡើយ​ទេ​​​​បើ​គិត​មក​ត្រឹម​យប់​មិញ។

លោក​បាន​ថ្លែង​ថា “​វា​មិន​មែន​ជា​លើក​ទី១​​​ទេ​ដែល​អ្នក​ញៀន​ថ្នាំ​គេច​ចេញ​ពី​មណ្ឌល​នេះ។ តាម​ខ្ញុំ​ដឹង​វា​កើត​ឡើង​ជាច្រើន​លើក​រួច​មក​ហើយ​”។

​លោក​បាន​បន្ថែម​ថា “​មណ្ឌល​នេះ​បាន​ស្នើ​​​ឲ្យ​យើង​នៅ​ស្ងៀម​ ហេតុ​ដូច្នេះ​បើ​អ្នក​ចង់​ដឹង​​​​រឿង​លម្អិត​សូម​ទៅ​សួរ​មណ្ឌល​នេះ​ទៅ​”។

លោក អ៊ាង លី អនុប្រធាន​មណ្ឌល​ឱកាស​​​ខ្ញុំ​​​បាន​បញ្ជាក់​ពី​ហេតុការណ៍​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ឡើយ។

ដោយ​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោកស្រី មុំ ​ចាន់ដានី ​ដែល​ជា​ប្រធាន​មណ្ឌល​នេះ លោក អ៊ាង លី បាន​​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ហា៊ន​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះ​ថ្នាក់​លើ​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ឡើយ”។

លោកស្រី​ មុំ​ ចាន់ដានី បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​អ្វី​ដែល​នគរ​បាល​​​លើក​ឡើង។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ”​គ្មាន​នរណា​ម្នាក់​បាន​គេច​ខ្លួនពី​មណ្ឌល​របស់​ខ្ញុំ​នោះ​ឡើយ”។

​លោក សន សុផល ប្រធាន​មន្ទីរ​សង្គម​កិច្ច​រាជធានី​​​លើក​ឡើង​ថា លោក​មិន​ដឹង​អំពី​ហេតុ​​ការណ៍​​គេច​ខ្លួន​នេះ​ទេ ប៉ុន្តែ​ថា មណ្ឌល​​​​នេះ​មាន​ជនជាប់​ឃុំ​​​ប្រហែល​៧០០​នាក់​។

លោក​បាន​លើក​ឡើង​ថា ”​មណ្ឌល​នេះ​បាន​​​​ទទួល​យក​អ្នក​ញៀន​ថ្នាំពី​ប្រភព​មួយ​ចំនួន​ រួម​មាន​ដូចជា​ពី​ឪពុក​ម្ដាយ នគរ​បាល តុលាការ ឬ​សាច់ញាតិ​របស់​ពួកគេ​”។

​លោក ភៀល រ៉ូបឺតសុន (Phil Robertson) អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​​​តំបន់​អាស៊ី​​បាន​លើក​ឡើង​ថា វា​គ្មាន​អ្វី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ​ដែល​ជនជាប់​ឃុំ​​​ចង់​គេច​ចេញ​ពី​មណ្ឌល​ឱកាស​ខ្ញុំ​នោះ។

ដោយ​ដក​ស្រង់​ចេញពី​របាយការណ៍​ឆ្នាំ​២០១៣ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្ដីពី​មណ្ឌលនេះ​​ដែល​មាន​ចំណង​ជើង​ថា “​គេ​​​​ចាត់​ទុក​យើង​ដូច​សត្វធាតុ” នោះ លោក​បាន​សរសេរ​​នៅ​ក្នុង​អុីម៉េល​មួយ​​ថា “​អ្នក​គ្រប់គ្នា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ឱកាស​ខ្ញុំ​សុទ្ធ​​​តែ​ចង់​គេច​ខ្លួន ព្រោះ​វា​គឺ​ជា​មណ្ឌល​ដែល​​​ការ​​​​រំលោភ​សិទ្ធិ​មនុស្ស​​កើត​មាន​​ស្រេច​​តែ​ចិត្ត​​”។

“​មណ្ឌល​ឱកាស​ខ្ញុំ​មាន​ប្រវត្តិ​ជាយូរ​មក​ហើយ​ថា សន្តិសុខ​​ និង​បុគ្គលិកនៅ​ក្នុង​មណ្ឌល​​​​នេះ​​​បាន​​រំលោភ​បំពាន​ទាំង​​​ផ្លូវ​ភេទ និង​រាង​កាយ​​​​លើជន​ជាប់​ឃុំខ្លួន​នៅ​ទីនោះ។ ការ​បន្សាប​ជំហានដំបូង​ ទំនងជាតម្រូវ​ឲ្យមានការធ្វើ​លំហាត់​ប្រាណជាចាំបាច់​និងទំនងមានការ​បង្ខំ​ឲ្យ​​ធ្វើ​ការ​ងារ​ ដោយ​មាន​ទាំង​ការ​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​លើ​​អ្នក​​ដែល​មិនព្រម​ធ្វើ​តាម​បញ្ជា”។

​​លោក ភៀល រ៉ូបឺតសុន​ បាន​ជំទាស់​​​ការ​លើក​ឡើង​ដែល​ថា ជនជាប់​ឃុំខ្លួន​គឺ​ជា​អ្នក​ញៀន​ថ្នាំ។

លោក​​​លើក​ឡើង​ថា “​ពួកគេ​គឺ​ជា​ជន​ក្រីក្រ ​​​ជន​គ្មាន​ផ្ទះ​សំបែង ​ជន​ពិការ​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ ឬ​ជន​​សង្គម​មិន​ទទួល​ស្គាល់​ ដែល​​ត្រូវ​បាន​បោស​​​​សម្អាត​​នៅ​តាម​ផ្លូវ​ដោយ​អាជ្ញា​ធរ​​ជា​​ផ្នែក​នៃ​យុទ្ធនាការ​​ដើម្បី​សោភណភាព​ទីក្រុង​”។

លោក​បាន​បន្ថែម​ថា “​អ្នក​ដែល​ព្យាយាម​គេច​ខ្លួន ប៉ុន្តែ​មិន​បាន​សម្រេច​​ក៏​រង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សន្តិសុខ​ដែរ”។

លោក​ ដេវីដ ហាឌីង (Da-vid Harding) អ្នក​​ជំនាញ​ឯករាជ្យ​ខាង​ថ្នាំញៀន​​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​​លើក​ឡើង​ថា ការ​ខ្វះ​ការ​តាម​ដាន​របស់​មណ្ឌល​នេះ​លើ​ជនជាប់​​ឃុំខ្លួន​មាន​ន័យ​ថា ​ភាគច្រើន​នៃ​អ្នក​ដែល​ញៀន​ថ្នាំ​បាន​ញៀន​ថ្នាំ​ឡើង​វិញ​ពេល​ត្រូវ​បាន​ដោះលែង​។

លោក​បាន​លើក​ឡើង​ថា “​ប្រសិន​បើ​​អ្នក​យក​មនុស្ស​ទៅ​ដាក់​នៅវាល​ខ្សាច់​ វា​ប្រាកដ​​​ណាស់​ថា ពួកគេ​មិន​ផឹកទឹក។ ប៉ុន្តែ​​បើ​យក​ពួកគេ​ទៅ​ដាក់​កន្លែង​មាន​ទឹក ពួកគេ​ប្រាកដ​ជា​ផឹក​ទឹក​”៕ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ​ Ben Paviour)​​​

 

The post ជនជាប់ឃុំ​១៨នាក់​កំពុង​រត់​គេច​​ខ្លួននៅឡើយ​ បន្ទាប់ពីមាន​ការ​រត់គេច​ពី​មណ្ឌល​​​បន្សាប​ថ្នាំ​ញៀន​​ appeared first on ខេមបូឌា ដេលី.