ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​​រង​របួស​​ធ្ងន់​ ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃ​ទី​៧ ​ខែកុ​ម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​​​​ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារស្រុក​បរិបូរ​ណ៍ ខណៈ​​ជនជាតិ​ចិន​ទាំង​៣​នាក់​ចុះ​ពី​រថយន្ត​ឈរ​រង់​ចាំ​មិត្ត​ភក្តិ ។​

​មន្ត្រី​សមត្ថកិច្ច​នគរបាលស្រុក​បរិបូរ​ណ៍បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ​​ជិះ​រថយន្តម៉ាកហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ2S-0663 តាម​ផ្លូវ​ក្រាល​​ក្រួស​ក្រហម លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​​​ផ្លូវបំបែក​ ក៏​​​ឈប់​រថយន្ត​អែប​ផ្លូវ​​​ហើយ​​​ចុះ​ពីលើ​រថយន្ត​​​ទាំង​៣នាក់​ឈរ​នៅ​មុខ​រថយន្ត​រង់ចាំ​មិត្ត​ភក្តិ​មក​ពី​ខេត្ត​ពោធិសាត់ ​ស្រាប់តែ​​​មាន​រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​បែន​ដឹក​ដី ព​ណ៌ស​ ពាក់​ស្លាកលេខ​កំពង់ឆ្នាំង3A-0605 ​​បើក​​ពី​ត្បូង​ទៅ​ជើង ​បើក​​វ៉ា​រថយន្ត​ដល់​ទៅ​២​គ្រឿង ដែល​​បើក​ទឹម​ជែង​គ្នា​ដែរ ហើយក៏​ជ្រុល​ទៅ​បុកមនុស្ស​និង​រថយន្តជនជាតិ​ចិន​ទាំង​៣​នាក់​ បណ្តាល​ឱ្យ​​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​២​នាក់​រង​របួស​ធ្ងន់​​ធ្ងរ​​​ ​​សមត្ថកិច្ច​ប្រាប់​ថា សង្ឃឹមរ​ស់តិច​ណាស់​ ។ ​ចំណែក​រថយន្ត​បង្ក​​​​​បាន​ក្រឡាប់​ចូល​​ស្រះ​គ្មាន​ទឹកមុខ​របង​វត្ត​ផ្សារនៅ​ជិត​នោះ ។

​មន្ត្រី​​​នគរបាលបាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាពស្រុក ​បាន​ដឹក​ជន​រង​គ្រោះ​​ទាំង​២​នាក់ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត
កំពង់ឆ្នាំង ចំណែក​រថយន្ត​ទាំង​​​​២គ្រឿង​ បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរ​ណ៌ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។​

ដោយឡែក សព​បុរស​ជនជាតិ​ចិន ឈ្មោះ ជូ ឆាយ​ឈាន ​អាយុ​៤៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ឱ្យ​​ក្រុមការងារ​ជនជាតិចិនដែល​ធ្វើការ​ជាមួយ​គ្នា ជា​អ្នក​មើល​ការ​ខុស​ត្រូវ​កសាង​ទំនប់​ទឹក​អា​ចាង ស្ថិត​ក្នុងភូមិ​អ​ញ្ជា​ញ​រូង ឃុំ​អ​ញ្ជា​ញ​រូង ស្រុក​បរិបូរ​ណ៌ រៀបចំ​បញ្ជូន​​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

​តាម​សាក្សី​​ឃើញ​ហេតុ​ការ​ណ៍បាន​និយាយ​ថា ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​អ្នកបើកបររថយន្ត​បែន​ដឹក​ដី​លូន​​ចេញពី​ក្នុង​រថយន្ត​ ហើយ​​​រត់​​គេចខ្លួន​បាត់ ៕ ​