Real គ្រោងនឹង​ចាប់់​ផ្តើម​បង្វឹក​កុមារ​​ក្រីក្រ​កម្ពុជា​នៅ​​មុន​ចូល​ឆ្នាំ​ខ្មែរ

ក្រោយ​​ពី​បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួនមក​​ធ្វើ​ទស្ស​ន​កិច្ចនៅ​អង្គ​ការ​ស្នាម​ញញឹមនៃ​កុមារ (Pour un Sourire d’Enfant ឬ PSE) នៅ​រាជ​ធានី​ភ្នំ​ពេញ មូល​និធិ​របស់ Real Madrid (Real Madrid Foundation) នឹង​ចាប់​ផ្តើម​​ធ្វើ​ការ​បង្វឹក​កុមារ​ក្រី​ក្រ​កម្ពុជា​ជា​ផ្លូវការ​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​។

real-madridនេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​អង្គ​ការ​សង្គ្រោះ​កុមារ​ក្រី​ក្រ​មួយនេះ​។ លោក Avaro Mayoral អនុ​​ប្រធាន​អង្គ​ការ​ស្នាម​ញញឹម​នៃ​​កុមារ បាន​បញ្ជាក់​ថា៖ «Real Madrid Foundation នឹង​ចាប់​ផ្តើម​​ធ្វើ​ការ​បង្វឹក​ជា​ផ្លូវ​ការ​ដល់​កុមារ​មានអាយុ​ចាប់​ពី​៦​ឆ្នាំ ដល់​១៨​ឆ្នាំ នៅ​មុន​ចូល​ឆ្នាំខ្មែរ ហើយ​វគ្គ​ហ្វឹកហាត់​នេះ​នឹង​ត្រូវ​ចូល​រួម​ដោយ​កុមារ​សរុប​ចំនួន​១០០នាក់​»​​។ សូម​បញ្ជាក់​ថា អង្គ​ការ PSE ប្រចាំ​អេ​ស្ប៉ាញ និង​អង្គ​ការ​របស់​ក្លិប​យក្ស​អេ​ស្ប៉ាញ​ Real Madrid បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​មក​រា កន្លង​ទៅ ដើម្បី​ផ្តល់​សា​លា​ហ្វឹកហាត់​​បាល់​ទាត់​អាជីព​ជា​លើក​ទី​២​នៅ​កម្ពុជា​​។

គោល​បំណង​នៃ​ការ​​ផ្តល់​ជូន​​សា​លា​ហ្វឹក​ហាត់​កីឡា​បាល់​ទាត់​កម្រិត​អាជីព​ជា​លើក​ទី​២​នៅ​កម្ពុជា​នេះ ក្រោយ​ពី​​បាន​ផ្តល់​ជូន​សា​លា​ហ្វឹក​ហាត់​​ជា​លើក​ដំបូង​ដល់​អង្គ​ការ​ SAUCE នៅ​ខេត្ត​បាត់​​ដំបង​កាល​ពី​ឆ្នាំ​មុន គឺ​ការ​ជួយ​ដល់​ក្មេង​ៗ​ដែល​​មិន​បាន​ចូល​សា​លា​​រៀន ឬ​មិន​ទទួល​ការ​ហ្វឹក​ហាត់​អាជីព​ដើម្បី​​មាន​អនា​គត​កាន់​តែ​ល្អ​ប្រសើរ​​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំ​ព័រ​​នៃ​ក្លិប Real Madrid​។ កិច្ច​ព្រម​ព្រៀង​នៃ​ការ​ហ្វឹក​ហាត់​​កម្រិត​អាជីព​ក្រោម​ជំនួយ​ពី Real Madrid Foundation នឹង​ត្រូវ​ធ្វើ​ឡើង​​នៅ​សា​លា​អង្គ​ការ PSE ដោយ​ផ្ទាល់ ដែល​មាន​ទី​តាំង​ស្ថិត​សង្កាត់​​ស្ទឹង​មាន​​ជ័យ រាជ​ធានី​ភ្នំ​ពេញ​។ កិច្ច​សន្យា​​នៃ​ការផ្តល់​​ជំនួយ​ផ្នែក​ហ្វឹកហាត់​នេះ គឺ​មាន​រយៈ​ពេល​៣​ឆ្នាំ និង​ត្រូវ​​វាយ​តម្លៃ​ជា​រៀង​​រាល់​ឆ្នាំ រួម​ជា​មួយ​នឹង​ជម្រើស​នៃការ​បន្ត​កិច្ច​សន្យា​​ទៀត​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Mayoral​៕